ព័ត៌មានអន្តរជាតិ

លោក ម៉ាក្រុង៖ សង្រ្គាមនៅអ៊ុយក្រែន នឹងមិនបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះទេ

Khmerpress April 8, 2022 08/04/2022

(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង នៅថ្ងៃសុក្រនេះបាននិយាយថាសង្រ្គាមនៅអ៊ុយក្រែន នឹងមិនបញ្ចប់ក្នុងពេលឆាប់ៗ ខាងមុខនេះទេ ខណៈរុស្ស៉ីបានប្ដូរយុទ្ធសាស្ត្រទៅផ្តោតលើតំបន់ភាគខាងកើត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Tass នៅថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២។ ការលើកឡើងខាងលើរបស់លោក ម៉ាក្រុង ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំង RTL។ លោក ម៉ាក្រុងបានបញ្ជាក់ដូច្នេះថា «ជាអកុសល, ជម្លោះ នឹងមិនបញ្ចប់ឆាប់ៗនេះទេ។ ខ្ញុំជឿថាយើងនឹងបានឃើញស្ថានការណ៍កាន់តែយ៉ាប់យ៉ឺននៅក្នុងតំបន់ដុនបាស់ (Donbass) នៅប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្ដាហ៍ ខាងមុខនេះ»។ លោកបន្ថែមទៀតថា «នេះហើយគឺជាហេតុផលដែលយើងទាំងអស់គ្នា រួមជាមួយតួកគី, ក្រិក និងអង្គការសហប្រជាជាតិ កំពុងព្យាយាម រៀបចំប្រតិបត្តិការមនុស្សធម៌ នៅក្នុងទីក្រុងម៉ារីយូប៉ូល (Mariupol) និងទីក្រុងណេប (Dnepr)»។ គួរបញ្ជាក់ថា បើតាមលោក ម៉ាក្រុង, រុស្ស៉ីក៏ទំនងជានឹងមិនផ្ដល់សម្បទានណាមួយដែរ នៅប៉ុន្មានសប្ដាហ៍ខាងមុខ ពោលគឺវាអាចអូសបន្លាយរហូតដល់ ពាក់កណ្ដាលខែឧសភាខាងមុខ ឬនៅថ្ងៃទី៩ ខែឧសភាដែលជាថ្ងៃរុស្ស៉ីប្រារព្ធទិវាជ័យជម្នះលើកងទ័ពអាល្លឺម៉ង់ក្នុងសង្រ្គាមលោកលើកទី២៕ ផ្តល់សិទ្ធិដោយ៖ freshnews

ចិត្តធម៌មែន! ក្រុមហ៊ុនផលិតឧបករណ៍ក្មេងលេងរបស់ប្រទេសជប៉ុនមួយ ផលិតរបស់លេងដ៏ទាក់ទាញដើម្បីលក់យកលុយជួយកុមារនៅក្នុងប្រទេសអ៊ុយក្រែន

Khmerpress April 8, 2022 08/04/2022

ក្រុមហ៊ុនផលិតឧបករណ៍ក្មេងលេងរបស់ប្រទេសជប៉ុនមួយ បានផលិតរបស់ក្មេងលេងដាក់លក់ ដើម្បីជួយកុមារនៅក្នុងប្រទេសអ៊ុយក្រែន។ “Comomg” នៅទីក្រុង Kawaguchi គឺជារោងចក្រផលិតឧបករណ៍ក្មេងលេង ធ្វើពីឈើ និងធ្វើសម្រាប់ទារក។ រោងចក្របានចាប់ផ្ដើមផលិតរបស់ក្មេងលេងជារូបផ្សិតដែលមានឌីហ្សាញពណ៌ខៀវ និងលឿង ដូចគ្នាទៅនឹងទង់ជាតិអ៊ុយក្រែន។ នៅដើមខែមីនា រោងចក្របានចាប់ផ្តើមលក់របស់ក្មេងលេងក្នុងតម្លៃ ១,៨០០ យ៉េន ឬប្រហែល ១៥ដុល្លារ ហើយបានបរិច្ចាគពាក់កណ្តាលនៃប្រាក់ចំណេញដល់អង្គការអន្តរជាតិ Save the Children ។ រោងចក្រ​និយាយ​ថា រហូត​មក​ដល់​ពេល​នេះ ខ្លួន​បាន​លក់​​បាន​ប្រហែល ៨៤០ គ្រឿង ហើយ​បាន​បរិច្ចាគ​ប្រហែល ៦ ពាន់​ដុល្លាររួចមកហើយ។ បុរស​ម្នាក់​ក្នុង​វ័យ​ ២០​ឆ្នាំ​បាន​ទិញរបស់លេង​មួយ​សម្រាប់​កូន​ប្រុស​អាយុ​មួយ​ឆ្នាំ​របស់​គាត់ ដោយគាត់​បាន​និយាយ​ថា គាត់​ទិញ​វា​ព្រោះ​ការ​ទិញនេះ បានជួយ​ដល់​កុមារ​អ៊ុយក្រែន។ គាត់បានបន្ថែមថា គាត់ចង់ប្រាប់កូនប្រុសរបស់គាត់នៅពេលក្រោយអំពីសារៈសំខាន់នៃសន្តិភាពនិងសេចក្តីសប្បុរស។ ប្រធាន​រោងចក្រ​លោក Komatsu Kazuto និយាយ​ថា មនុស្ស​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​គាំទ្រ​អ៊ុយក្រែន។ គាត់ក៏បាននិយាយផងដែរថា នៅពេលដែលមនុស្សឃើញក្មេងៗលេងជាមួយតុក្កតា គាត់ចង់ឱ្យពួកគេគិតអំពីជនជាតិអ៊ុយក្រែនដែលត្រូវបានបាត់បង់ជីវិតប្រចាំថ្ងៃធម្មតារបស់ពួកគេ៕ ដោយ៖ ខ្មែរណូត

រុស្ស៉ី សម្រេចចិត្តដើរចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្រោយត្រូវបានព្យួរសមាជិកភាព

Khmerpress April 8, 2022 08/04/2022

(មូស្គូ)៖ អគ្គរដ្ឋទូតរងរុស្ស៉ីប្រចាំអង្គការសហប្រជាជាតិ (UN) លោក ហ្គេនណាឌី គូសមីន (Gennady Kuzmin) បានហៅចំណាត់ការព្យួរសមាជិកភាព របស់រុស្ស៉ីពីក្រុមប្រឹក្សាសិទ្ធិមនុស្ស ជាទង្វើខុសច្បាប់ និងមានចេតនានយោបាយជំរុញពីក្រោយ ជាមួយការប្រកាសដែរថារុស្ស៉ីសម្រេចចិត្តចាកចេញពី ក្រុមប្រឹក្សាសិទ្ធិមនុស្សតែម្តង។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២។ មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបោះឆ្នោតលើដំណោះស្រាយព្យួរសមាជិកភាពរុស្ស៊ី ដែលផ្ដួចផ្ដើមឡើងដោយ សហរដ្ឋអាមេរិក ជាមួយសំឡេងគាំទ្រចំនួន ៩៣ ខណៈប្រទេសចំនួន ២៤ បោះឆ្នោតជំទាស់ និង ៥៨ប្រទេសបោះឆ្នោតអនុបវាទ។ គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters, នៅមុនការបោះឆ្នោត រុស្ស៉ីបានព្រមានប្រទេសនានាថា ការបោះឆ្នោតគាំទ្រ ឬអនុបវាទ នឹងត្រូវ បានចាត់ទុក «ជាកាយវិការអមិត្ត» ហើយនឹងនាំមកនូវផលវិបាកសម្រាប់ទំនាក់ទំនងទ្វេរភាគីជាមួយរុស្ស៉ី។ ការបោះឆ្នោតព្យួរសមាជិកភាពរុស្ស៉ី ធ្វើឡើងបន្ទាប់ពីកងទ័ពរុស្ស៉ី ត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមដោយសម្លាប់រង្គាលជនស៊ីវិលអ៊ុយក្រែនរាប់រយនាក់ ជាពិសេសនៅក្នុង ទីក្រុងប៊ូចា។ តែកន្លងមក រុស្ស៉ីតែងតែអះអាងខ្លួនកំពុងអនុវត្តប្រតិបត្តិការយោធាពិសេស ដែលមានគោលដៅបំផ្លាញប្រព័ន្ធយោធារបស់អ៊ុយក្រែន តែបដិសេធថាមិនបានវាយប្រហារលើជនស៊ីវិលនោះទេ៕​ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃផ្ទុះការចាប់អារម្មណ៍គំនិតបង្កើតជម្រកសាធារណៈសម្រាប់សត្វឆ្កែតាមដងផ្លូវ ដើម្បីជួយពួកវាឲ្យមានកន្លែងជ្រកក្តៅ ជ្រកភ្លៀង

Khmerpress April 8, 2022 08/04/2022

ថៃ៖ កាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមទាក់ទងនឹងគំនិតដ៏ល្អមួយសម្រាប់ជួយសត្វឆ្កែនៅតាមដងផ្លូវអាចមានជម្រកសម្រាប់ជ្រកពេលថ្ងៃក្តៅ ឬពេលមានភ្លៀងធ្លាក់ ដែលមានភាពងាយស្រួល និងមិនចំណាយថវិកាច្រើនឡើយ។ គម្រោងជម្រកឆ្កែតាមដងផ្លូវនេះ ត្រូវបានផ្តួចផ្តើមនៅវត្ត Nang Nong ក្នុងសង្កាត់ Chom Thong នៃទីក្រុងបាងកក និងនៅតំបន់ Muang Thong Thani ក្នុងសង្កាត់ Pak Kret នៃខេត្ត Nonthaburi ប្រទេសថៃ។ គំនិតមួយនេះ ត្រូវបានគេសង្កេតឃើញថា ទទួលបានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកស្រលាញ់សត្វ ដោយសារតែវាអាចការពារសត្វអនាថាទាំងនោះឲ្យមានជម្រកផង និងធ្វើឲ្យសហគមន៍មានសណ្តាប់ធ្នាប់ថែមទៀតផង។ តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះគំនិតផ្តួចផ្តើមនេះ? សូមទស្សនារូបភាពខាងក្រោម៖ ដោយ៖ ខ្មែរណូត

យន្តហោះក្រុមហ៊ុនដឹកទំនិញ DHL ដាច់ជាពីរកំណាត់ កំលុងការចុះចតបន្ទាន់ នៅព្រលានយន្តហោះប្រទេសកូស្តារីកា

Khmerpress April 8, 2022 08/04/2022

(សាន់ហ្សូស៊េ)៖ យន្តហោះដឹកទំនិញមួយគ្រឿងរបស់ក្រុមហ៊ុន DHL ដែលផ្ទុកសារអ៉ីម៉ែលនិងកញ្ចប់ឥវ៉ាន់ បានរត់ហួសចេញពីផ្លូវ ហើយដាច់ជាពីរកំណាត់ កំលុងការចុះចតបន្ទាន់នៅឯប្រទេសកូស្តារីកា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលជាហេតុនាំឱ្យ អាកាសយានដ្ឋានអន្តរជាតិ នៅទីក្រុងសាន់ហ្សូស៊េ ត្រូវផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២។ រូបភាពពីប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកូស្តារីកាផ្ទាល់ បានបង្ហាញឱ្យឃើញថា យន្តហោះពណ៌លឿងមួយគ្រឿងរបស់ ក្រុមហ៊ុនដឹកទំនិញយក្សរបស់អាល្លឺម៉ង់ នៅកល់នឹងដីហើយដាច់ជា២កំណាត់ លើវាលស្មៅក្បែរផ្លូវយន្តហោះ។ យ៉ាងណាមិញ ពីឡុតទាំង២នាក់ ដែលមានវត្តមានលើយន្តហោះ មិនបានជួបគ្រោះថ្នាក់អ្វីឡើយ។ ហេតុការណ៍ខាងលើបានកើតឡើង បន្ទាប់ពីយន្តហោះ Boeing 757 នោះ ដែលបានហោះចេញពីព្រលានយន្តហោះអន្តរជាតិ ហ័ន សាន់តាម៉ារីយ៉ា (Juan Santamaria) នៃទីក្រុងសាន់ហ្សូស៊េ ត្រូវបង្ខំចិត្តត្រឡប់ក្បាលបកក្រោយវិញ នៅរយៈពេល២៥នាទីក្រោយមក ដើម្បីធ្វើការចុះចតបន្ទាន់ ដោយសារតែបញ្ហាគ្រឿងយន្តរបស់យន្តហោះ។ គួរបញ្ជាក់ថា វាបានធ្វើឱ្យព្រលានយន្តហោះធំជាងគេបំផុត ប្រចាំប្រទេសកូស្តារីកាមួយនេះ ត្រូវផ្អាកប្រតិបត្តិការអស់ប៉ុន្មានម៉ោង ដែលប៉ះពាល់ដល់អ្នកដំណើរប្រមាណ ៨,៥០០នាក់ រួមជាមួយជើងហោះហើរពាណិជ្ជកម្ម និងដឹកទំនិញចំនួន៥៧ជើង៕ ផ្តល់សិទ្ធិដោយ៖ freshnews

សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត NATO សន្យាផ្តល់សព្វាវុធបន្ថែមទៀត ដល់អ៊ុយក្រែន

Khmerpress April 8, 2022 08/04/2022

(ព្រុចសែល)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បាននិយាយថា សហរដ្ឋអាមេរិកនឹងបញ្ជូនប្រព័ន្ធសព្វាវុធថ្មីៗបន្ថែមទៀត ទៅកាន់ប្រទេសអ៊ុយក្រែន បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកអង្គការណាតូ (NATO) បានយល់ព្រមក្នុងការពន្លឿនការចែកចាយអាវុធ ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២។ ក្រោយត្រូវបានទទូចដោយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីឌ្រី គូលេបា (Dmytro Kuleba) ឱ្យបញ្ចប់ភាពយឺតយ៉ាវនៃការ ជួយផ្គត់ផ្គង់សព្វាវុធ លោក Antony Blinken បានបញ្ជាក់យ៉ាងដូច្នេះថា សហរដ្ឋអាមេរិក និងប្រទេសចំនួន៣០ ផ្សេងទៀត បាននិងកំពុងបញ្ជូនអាវុធឱ្យប្រទេសអ៊ុយក្រែន ហើយដំណើរការនេះនឹងត្រូវពន្លឿនឱ្យកាន់តែខ្លាង។ លោក Antony Blinken បានបន្ថែមថា «យើងនឹងមិនអនុញ្ញាតឱ្យមានអ្វីនៅឈរបាំងផ្លូវ ដើម្បីផ្ដល់ឱ្យអ៊ុយក្រែននូវអ្វីដែលពួកគេត្រូវការ ឡើយ»។ លោក Blinken បាននិយាយអំពី «ប្រព័ន្ធថ្មីៗ» ដែលមកទល់ពេលនេះ មិនទាន់ត្រូវបានប្រគល់ឱ្យដោយសម្ព័ន្ធមិត្ត NATO ប៉ុន្តែលោកមិនបានប្រាប់លម្អិតនោះទេ។ កន្លងមក […]

តារាម៉ូដែលម្នាក់មានប្រពន្ធ ៩នាក់ ខឹងចិត្តប្រពន្ធម្នាក់សុំលែង ឥលូវគាត់សម្រេចយកប្រពន្ធថែម ២នាក់ទៀតឱ្យបានគ្រប់ ១០នាក់

Khmerpress April 8, 2022 08/04/2022

យោងតាមប្រភពព័ត៌មានបរទេស ladbible បានអោយដឹងថា បុរសម្នាក់មានឈ្មោះថា Arthur O Urso ជាតារាម៉ូដែលប្រុស ជនជាតិប្រេសុីល ល្បីល្បាញយ៉ាងខ្លាំង ក្រោយពីលោកបានរៀបអាពាហ៍ពិពាហ៍មានភរិយាដល់ទៅ ៩នាក់ និងប្រើជីវិតប្តីប្រពន្ធរួមគ្នា១០នាក់ ទោះបីជាការប្រើជីវិតប្តីដែលមានប្រពន្ធច្រើននាក់នៅមិនទាន់ត្រឹមត្រូវតាមច្បាប់នៃប្រទេសប្រេសុីលក៏ដោយ។ ហើយថ្មីៗនេះ តារាម៉ូដែលប្រុសរូបនេះ និងភរិយាទាំងអស់បានល្បីល្បាញម្ដងទៀត ក្រោយពេលដែលរូបលោកត្រូវបានភរិយាម្នាក់ក្នុងចំណោម ៩នាក់ ដែលមានឈ្មោះថា Agatha សុំលែងរូបគាត់ដោយនាងបានលើកហេតុផលថា «នាងលែងចង់មានជីវិតប្តីដែលមានប្រពន្ធច្រើនបែបនេះទៀតហើយ»។ ក្រោយពេលប្រពន្ធសុំលែង តារាប្រុសរូបនេះបានឆ្លើយតបវិញថា «នាងចង់អោយខ្ញុំមាននាងជាភរិយាតែម្នាក់គត់ វាពិតជារឿងអត់ប្រយោជន៍មែន»។ លោកបានបន្តទៀតថា វាពិតជាមានអារម្មណ៍សោកស្តាយដែលលោកត្រូវលែងលះជាមួយនាងពិតមែន ប៉ុន្តែលោកនឹងមិនសេដយូរទេ លោកបានតាំងចិត្តបន្ថែមថា នឹងរកភរិយាថែម ២នាក់ទៀតអោយគ្រប់១០នាក់ ហើយលោកនឹងយកកូនជាមួយប្រពន្ធរបស់គាត់ម្នាក់មួយៗ៕ ដោយ៖ ខ្មែរណូត

រុស្ស៊ីយ៉ាប់ហើយ! ក្រុមប្រទេសទាំង ៧ ប្រកាសហាមឃាត់ការនាំចូលធ្យូងថ្ម និងការវិនិយោគក្នុងវិស័យសំខាន់ៗជាច្រើនរបស់រុស្ស៊ី

Khmerpress April 8, 2022 08/04/2022

មេដឹកនាំមកពីក្រុមប្រទេសទាំង ៧ (G7) បានថ្កោលទោសរុស្ស៊ីជុំវិញការសម្លា…ប់ជនស៊ីវិលយ៉ាងច្រើននៅជិតរដ្ឋធានី Kyiv របស់អ៊ុយក្រែន បានប្រកាសដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងប្រទេសនេះ រួមទាំងការហាមឃាត់លើការនាំចូលធ្យូងថ្ម។ មេដឹកនាំបានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំ G7 “ថ្កោលទោសក្នុងន័យខ្លាំងបំផុតចំពោះអំពើឃោរ…ឃៅដ៏គួរឱ្យភ័យខ្លាចដោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ីនៅក្នុងទីក្រុង Bucha និងទីប្រជុំជនផ្សេងទៀតរបស់អ៊ុយក្រែន”។ សេចក្ដីថ្លែងការណ៍បានឱ្យដឹងថា មេដឹកនាំនឹង “បង្កើនតម្លៃនៃសង្រ្គាមនេះបន្ថែមទៀត” សម្រាប់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និង “អ្នកសមគំនិត”។ លើសពីនេះ មេដឹកនាំក៏កំពុងហាមឃាត់ការវិនិយោគថ្មីនៅក្នុងវិស័យសំខាន់ៗនៃសេដ្ឋកិច្ចរុស្ស៊ីរួមទាំងវិស័យថាមពល និងពន្លឿនផែនការកាត់បន្ថយការពឹងផ្អែកលើថាមពលរបស់រុស្ស៊ី ដែលរួមមានកិច្ចខិតខំប្រឹងប្រែងក្នុង “ការបញ្ឈប់ និងហាមឃាត់ការនាំចូលធ្យូងថ្មពីរុស្ស៊ី។ សេចក្តីថ្លែងការណ៍បានបន្ថែមថា G7 នឹងបង្កើន យុទ្ធនាការប្រឆាំងនឹងឥស្សរជន និងសមាជិកគ្រួសាររបស់ពួកគេ ដែលគាំទ្រប្រធានាធិបតី ពូទីន ក្នុងការប្រឹងប្រែងធ្វើសង្គ្រាម និងបំផ្លាញធនធានរបស់ប្រជាជនរុស្ស៊ី។ ហើយពួកគេបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយដល់អ៊ុយក្រែនបន្ថែមទៀត ទាំងផ្នែកយោធា និងហិរញ្ញវត្ថុ ដើម្បីអនុញ្ញាតឱ្យប្រទេសនេះការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី និងការកសាងឡើងវិញ៕ ដោយ៖ ខ្មែរណូត

វិចិត្រករ​តុក្កតា​ជប៉ុនលោក Fujiko A. Fujio ដែលល្បីល្បាញបំផុតសម្រាប់ស្នាដៃបង្កើតតុក្តតា «Doraemon» បានទទួលមរណភាពក្នុងវ័យ ៨៨ឆ្នាំ

Khmerpress April 8, 2022 08/04/2022

វិចិត្រករ​តុក្កតា​ជប៉ុន​ដ៏​ល្បី​ឈ្មោះគឺលោក Fujiko A. Fujio បាន​ទទួល​មរណភាពនៅក្នុងវ័យ ៨៨ឆ្នាំ នៅក្នុងផ្ទះរបស់គាត់ផ្ទាល់ នៅឯទីក្រុង Kawasaki ជិតទីក្រុងតូក្យូ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០២២។ គាត់ត្រូវបានគេស្គាល់សម្រាប់ការបង្កើតតុក្កតាដ៏ពេញនិយមដូចជា Ninja Hattori-kun និង Kaibutsu-kun ឬ ក្មេងបិសាច។ អ្នកបង្កើតគំនូរជីវចលរូបនេះ កើតនៅខេត្ត Toyama ក្នុងឆ្នាំ១៩៣៤ ហើយឈ្មោះពិតរបស់គាត់គឺ Abiko Motoo ។ គាត់បានសហការជាមួយអតីតមិត្តរួមថ្នាក់បឋមសិក្សា គឺលោក Fujimoto Hiroshi ដើម្បីបង្ហាញខ្លួនជាសិល្បករតុក្កតាជាដៃគូ (duet) ក្រោមឈ្មោះ Fujiko Fujio ។ អ្នកទាំង ២ បានផ្លាស់ទៅទីក្រុងតូក្យូ ក្នុងឆ្នាំ១៩៥៤ ហើយពួកគេបានរួមគ្នាបង្កើតរឿង Obake no Q-Taro ឬ Little Ghost Q-Taro និងរឿងតុក្កតា និងគំនូរជីវចលល្បីៗជាច្រើនទៀត ហើយក៏ជាអ្នកចូលរួមបង្កើតតុក្កតា Doraemon […]

ហុងកុងបើកយុទ្ធនាការធ្វើតេស្តកូវីដទ្រង់ទ្រាយធំរយៈពេល ៣ថៃ្ង ក្រោយតួលេខអ្នកឆ្លងថ្មីបានកើនឡើងខ្លាំងគួរឲ្យបារម្ភ

Khmerpress April 8, 2022 08/04/2022

ហុងកុង៖ បណ្តាញសារព័ត៌មាន South China Moring Post បានរាយការណ៍ថា អាជ្ញាធរសុខាភិបាលហុងកុងបានសម្រេចធ្វើតេស្តរកជំងឺកូវីដ-១៩ ទ្រង់ទ្រាយចំពោះគ្រប់ប្រជាពលរដ្ឋទាំងអស់ ក្រោយរលកនៃមេរោគកូវីដ-១៩ ហាក់រាតត្បាតយ៉ាងខ្លាំងនៅទូទាំងក្រុងក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ។ ការធ្វើតេស្តទ្រង់ទ្រាយធំត្រូវបានរៀបចំឡើងដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋ​ និងត្រូវរៀបចំឡើងក្នុងរយៈពេល ៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃសុក្រ ទី៨ ខែមេសានេះតទៅ។ គួររម្លឹកជូនថា កាលពីថ្ងៃព្រហស្បតិ៍ ទី ៧ ខែមេសាម្សិលមិញនេះ អាជ្ញាធរសុខាភិបាលហុងកុងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២,៦៤៤នាក់ និងស្លាប់ ៩៧នាក់ ដែលតួលេខអ្នកឆ្លងថ្មីនិងស្លាប់នេះត្រូវបានគេចាត់ទុកថាជាតួលេខខ្ពស់មួយសម្រាប់ហុងកុងផងដែរ។ គិតជារួមមកទល់នឹងពេលនេះហុងកុងបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបជាង ១,១ លាននាក់ ស្លាប់ជាង ៨ពាន់នាក់ ខណៈតួលេខអ្នកចាក់វ៉ាក់សាំងវិញគឺមានពលរដ្ឋហុងកុង ៧៨% បានចាក់វ៉ាក់សាំងរួចរាល់ចំនួន ២ដូស និង ៣៧%បានចាក់ដល់ដូសជម្រុញ ខណៈហុងកុងមានពលរដ្ឋសរុបជាង ៧,៤លាននាក់៕ ដោយ៖ ខ្មែរណូត