ព័ត៌មានអន្តរជាតិ

អាឡឺម៉ង់នឹងទិញយន្តហោះចម្បាំង F-35 របស់អាមេរិក ៣៥គ្រឿង ក្រោយមើលឃើញការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន

Khmerpress March 16, 2022 16/03/2022

អាឡឺម៉ង់៖ ប្រទេសអាឡឺម៉ង់បានសម្រេចទិញយន្តហោះចម្បាំងប្រភេទ F-35 ចំនួន ៣៥គ្រឿងពីសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN កាលពីថ្ងៃទី ១៥ ខែមីនាម្សិលមិញនេះ។ ការបញ្ជាទិញនេះត្រូវបានប្រកាសជាសាធារណៈដោយលោកអធិការបតី Olaf Scholz ហើយវាក៏ជាការបញ្ជាទិញគ្រឿងសភាវុធក្នុងទំហំដ៏ធំបំផុតជាលើកដំបូងសម្រាប់ប្រទេសអាឡឺម៉ង់ផងដែរ។ បើតាមរដ្ឋាភិបាលអាឡឺម៉ង់បានបញ្ជាក់ថា ការសម្រេចចិត្តទិញយន្តហោះចម្បាំងទាំងនេះគឺជាផ្នែកមួយនៃការពង្រឹងវិស័យការពារជាតិ ក្រោយពេលអាឡឺម៉ង់បានមើលឃើញពីការឈ្លានពានរបស់កងទ័ពរុស្ស៊ីទៅកាន់ប្រទេសអ៊ុយក្រែន។ លោកអធិការបតី Olaf Scholz បានឲ្យដឹងបន្ថែមថា​ យន្តហោះចម្បាំងប្រភេទ F-35 នេះនឹងត្រូវប្រើប្រាស់ជំនួយយន្តហោះចម្បាំងប្រភេទ Tornados ដែលជាយន្តហោះចម្បាំងស៊េរីចាស់ដែលអាឡឺម៉ង់ធ្លាប់ប្រើប្រាស់នាពេលកន្លងមក។​ អធិការបតី រួបនេះក៏បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលអាឡឺម៉ង់បានសម្រេចបង្កើនការចំណាយលើវិស័យយោធាក្នុងទំហំទឹកប្រាក់ពី ៤៧ពាន់លានអឺរ៉ូក្នុងឆ្នាំ ២០២១ រហូតដល់ ១០០ពាន់លានអឺរ៉ូសម្រាប់នៅក្នុងឆ្នាំ ២០២២នេះ។ គួរបញ្ជាក់ថា យន្តហោះចម្បាំងប្រភេទ F-35 មាន ៣កំណែផ្សេងគ្នាគឺកំណែ A, B និង C ខណៈកំណែ A មានសមត្ថភាពអាចបំពាក់នូវក្បាលនុយក្លែអ៊ែរបានទៀតផង៕ ដោយ៖ ខ្មែរណូត

UN៖ ជនភៀសខ្លួនអ៊ុយក្រែន កើនដល់ ៣លាននាក់ ធ្វើដំណើរទៅដល់ប្រទេសក្បែរខាង

Khmerpress March 16, 2022 16/03/2022

(ហ្សឺណែវ)៖ ការិយាល័យឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួន នៃអង្គការសហប្រជាជាតិ បានឲ្យដឹងថាជនភៀសខ្លួនអ៊ុយក្រែនជាង ៣លាននាក់ បានទៅដល់បណ្ដាប្រទេសជិតខាងអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមជាមួយរុស្ស៊ីផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ នេះបើយោង តាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី Tass នៅថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២។ យោងតាមទីភ្នាក់ងារ UN មួយនេះ, តួលេខអ្នកដែលបានភៀសខ្លួនចេញពីអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈដល់ថ្ងៃទី១៥ ខែមីនា បានកើនឡើងដល់ ៣,០០០,៣៨១នាក់។ ក្នុងនោះមនុស្សសរុប ១,៨៣០,៧១១នាក់ បានចេញទៅកាន់ប្រទេសប៉ូឡូញ, ៤៥៩.៤៨៥នាក់ ទៅប្រទេសរូម៉ានី, ៣៣៧,៣១៥នាក់ ទៅប្រទេសម៉ុលដាវី, និង ២៦៧,៥៧០ចេញទៅកាន់ប្រទេសហុងគ្រី។ គួរបញ្ជាក់ថា សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានឈានចូលដល់សប្តាហ៍ទី៣ ខណៈដែលការចរចាក៏បានឈានដល់ជុំទី៤ផងដែរ។ កិច្ចចរចា ប៉ុន្មានលើកមកនេះ រវាងទីក្រុងកៀវ និងទីក្រុងមូស្គូ មកទល់ពេលនេះទទួលបានផ្តល់លទ្ធផលតិចតួចស្តួចស្តើងប៉ុណ្ណោះក្រៅតែពីការបង្កើតច្រក របៀងមនុស្សធម៌ ដើម្បីជម្លៀសប្រជាជនចេញពីទីក្រុងរបស់អ៊ុយក្រែនមួយចំនួន ដែលរងការវាយប្រហារធ្ងន់ធ្ងរពីសំណាក់យោធារុស្ស៉ី៕ ផ្តល់សិទ្ធិដោយ៖ freshnews

លោក ចូ បៃដិន គ្រោងនឹងប្រកាសផ្ដល់ជំនួយយោធាបន្ថែម ៨០០លានដុល្លារ ឱ្យអ៊ុយក្រែន

Khmerpress March 16, 2022 16/03/2022

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ត្រូវបានគេរំពឹងថានឹងប្រកាសផ្ដល់ជំនួយយោធាបន្ថែមចំនួន ៨០០លានដុល្លារ ដល់អ៊ុយក្រែន ដែលកំពុងប្រយុទ្ធតស៊ូជាមួយកងទ័ពរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២។ ការប្រកាសផ្ដល់ជំនួយយោធាខាងលើ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃពុធនេះ នឹងធ្វើឱ្យជំនួយដែលសហរដ្ឋអាមេរិកសន្យាផ្ដល់ឱ្យអ៊ុយក្រែន កើនដល់ ១ពាន់លានដុល្លារ និង២ពាន់លានដុល្លារ ចាប់តាំងពីលោក ចូ បៃដិន ស្បថឡើងកាន់តំណែងជាប្រធានាធិបតី កាលពីខែមករា ឆ្នាំ២០២១មក។ ដោយឡែក បើតាមសេតវិមាន, កញ្ចប់ជំនួយយោធាខាងលើក្នុងនោះរួមមានទាំងមីស៊ីលប្រឆាំងរថក្រោះ។ ប៉ុន្តែ មកទល់ម៉ោងនេះ រដ្ឋបាលលោក បៃដិន នៅតែប្រកាន់ជំហរជំទាស់ទៅនឹងការស្នើបង្កើតតំបន់គ្មានការហោះហើរក្នុងប្រទេសអ៊ុយក្រែនពីសំណាក់លោក ហ្សេលេនស្គី ដែលយល់ថា វាជារឿងចាំបាច់ដើម្បីទប់ស្កាត់ការទម្លាក់គ្រាប់បែករបស់រុស្ស៊ី។ គួរបញ្ជាក់ថា ទាំងអង្គការ NATO និងសហរដ្ឋអាមេរិកធ្លាប់បាននិយាយថាការបង្កើតតំបន់គ្មានការហោះហើរនៅក្នុងប្រទេសអ៊ុយក្រែន អាចនឹងបង្ក ជាជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី ដែលនេះជាហានិភ័យនៃការផ្ទុះសង្រ្គាមលោក។ តែ ទីក្រុងវ៉ាស៊ីនតោនព្រមានថាខ្លួននឹងចាត់វិធានការភ្លាមៗ ដើម្បីការពារដែនដី NATO មិនឱ្យបាត់សូម្បីមួយចំអាម៕ ផ្តល់សិទ្ធិដោយ៖ freshnews

រុស្ស៊ី ជ្រើសរើសយុទ្ធជនរាប់ពាន់នាក់ នៅប្រទេសស៊ីរី សម្រាប់ត្រៀមប្រយុទ្ធនៅអ៊ុយក្រែន

Khmerpress March 16, 2022 16/03/2022

(បេរូត)៖ រុស្ស៊ីបានចុះបញ្ជីយុទ្ធជនចំនួន ៤០,០០០នាក់ ពី កងទ័ពស៊ីរី និងកងជីវពលសម្ព័ន្ធមិត្ត ដើម្បីត្រៀមខ្លួនសម្រាប់ការ ដាក់ពង្រាយប្រយុទ្ធនៅប្រទេស អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២។ ក្រុមឃ្លាំមើលសិទ្ធិមនុស្ស និងសកម្មជនស៊ីរីបាននិយាយថា ក្នុងការសម្របសម្រួលជាមួយយោធាស៊ីរី មន្ត្រីរុស្ស៊ីនិងកងជីវពលសម្ព័ន្ធមិត្តបានបង្កើតការិយាល័យចុះឈ្មោះមួយ នៅក្នុងតំបន់កាន់កាប់របស់ខ្លួន។ លោក Rami Abdel Rahman ជាប្រធានក្រុមឃ្លាំមើលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាន និយាយថា «មកទល់ពេលនេះប្រជាជនស៊ីរីជាង៤០,០០០នាក់ បានចុះឈ្មោះ ប្រយុទ្ធជាមួយរុស្ស៊ីក្នុង ប្រទេសអ៊ុយក្រែន »។ គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន វិមានក្រឹមឡាំងបានប្រកាសថា អ្នកស្ម័គ្រចិត្តទាំងអស់ត្រូវបានស្វាគមន៍ ក្នុងការចូលរួមប្រយុទ្ធជាមួយកងទ័ពរុស្ស៊ីនៅអ៊ុយក្រែនក្នុងនោះរួមទាំងយុទ្ធជនស្ម័គ្រចិត្តពីប្រទេសស៊ីរីផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ស្ថានទូតចិន​បានបដិសេធ​ការ​អះអាង​របស់អាមេរិកដែលថា រុស្ស៊ី​បានស្វែងរកជំនួយ​ពីប្រទេសខ្លួន នៅក្នុងការឈ្លានពានប្រទេសអ៊ុយក្រែន

Khmerpress March 15, 2022 15/03/2022

ប្រទេសចិននៅថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២ បានបដិសេធការអះអាងរបស់មន្ត្រីអាមេរិកដែលថា រុស្ស៊ីបានស្វែងរកជំនួយផ្នែកយោធា សម្រាប់ការឈ្លានពានរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ហើយបានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនពីការផ្សព្វផ្សាយ «ព័ត៌មានមិនពិត» ដែលធ្វើឱ្យជម្លោះកាន់តែមានភាពតែតានតឹង។ ស្ថានទូតចិននៅទីក្រុងឡុងដ៍បានប្រាប់រ៉យទ័រក្នុងសេចក្តីថ្លែងការណ៍មួយថា៖«សហរដ្ឋអាមេរិកបានផ្សព្វផ្សាយព័ត៌មានមិនពិតជាបន្តបន្ទាប់ ប្រឆាំងនឹងប្រទេសចិនអំពីបញ្ហាអ៊ុយក្រែន»។ វា​បាន​បន្ថែម​ថា​៖«​ប្រទេស​ចិន​បាន​និង​កំពុង​ដើរ​តួនាទី​ស្ថាបនា នៅ​ក្នុង​ការ​លើក​កម្ពស់​ទៅរកការ​ចរចា​សន្តិភាព»។ ស្ថានទូតចិនបានបន្ថែមថា៖«អាទិភាពកំពូលរបស់ចិននៅពេលនេះ គឺការបន្ធូរបន្ថយស្ថានការណ៍ ជំនួសឱ្យការបន្ថែមប្រេងទៅក្នុងភ្លើង ហើយធ្វើការដោះស្រាយការទូត ជាជាងធ្វើឱ្យស្ថានការណ៍កាន់តែយ៉ាប់យ៉ឺនឡើង»។ គួរឱ្យដឹងដែរថា មន្ត្រីអាមេរិកជាច្រើននាក់បានចោទថា រុស្ស៊ីបានស្នើសុំ​សម្ភារបរិក្ខារ​យោធាពីប្រទេសចិន បន្ទាប់ពីការលុកលុយលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលបង្កឱ្យមានការព្រួយបារម្ភថា ទីក្រុងប៉េកាំងអាចនឹងធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ដើម្បីជួយកងកម្លាំងអ៊ុយក្រែនការពារប្រទេសរបស់ពួកគេ។ ចំណែកវិមានក្រឹមឡាំងបានបដិសេធ ថាខ្លួនមិនមានសំណើបែបនេះទេ៕ ដោយ៖ ខ្មែរណូត

កូរ៉េខាងត្បូងនឹងផ្តល់សម្ភារៈយោធាផ្សេងៗ ដល់អ៊ុយក្រែន លើកលែងតែសព្វាវុធ

Khmerpress March 15, 2022 15/03/2022

(សេអ៊ូល)៖ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង លោក ប៊ូ ស៊ុងឆាន់ (Boo Seung Chan) បាននិយាយនៅថ្ងៃអង្គារនេះថា ក្រៅពីជំនួយមនុស្សធម៌ ប្រទេសកូរ៉េខាងត្បូងបានសម្រេចផ្តល់ជំនួយជាសម្ភារៈយោធាផ្សេងៗ ដល់ប្រទេសអ៊ុយក្រែនបន្ថែមទៀត លើកលែងតែប្រព័ន្ធសព្វាវុធ ខណៈដែលប្រតិបត្តិការយោធារបស់រុស្ស៊ីនៅតែបន្ត។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។ លោក ប៊ូ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយយ៉ាងដូច្នេះថា «រដ្ឋាភិបាលរបស់យើងសម្រេចផ្តល់បរិក្ខាយោធា ដល់អ៊ុយក្រែនប៉ុន្តែមិនមែនសព្វាវុធឡើយ»។ លោកបន្ថែមថា ការចរចាលើចំណុចលម្អិតជាក់លាក់ ដូចជាបញ្ជីឈ្មោះសម្ភារៈ និងផែនការដឹកជញ្ជូនជាដើម កំពុងស្ថិតក្នុងដំណើរការ។ អ្នកនាំពាក្យរូបនេះក៏បានបន្ថែមថា ទីក្រុងសេអ៊ូលនឹងស្វែករកមធ្យោបាយទិញ ឬផលិតអាវុធសម្រាប់កងទ័ពខ្លួន នៅក្នុងប្រទេសកូរ៉េខាងត្បូងផ្ទាល់ ឬនៅក្នុងប្រទេសទី៣ ដើម្បីបញ្ឈប់ការប្រើប្រាស់អាវុធរបស់ប្រទេសរុស្ស៊ី។ គួរបញ្ជាក់ថា កាលពីចុងខែកុម្ភៈ ទីក្រុងសេអ៊ូល បានផ្តល់ជំនួយមនុស្សធម៌ដល់អ៊ុយក្រែន ក្នុងទំហំទឹកប្រាក់ ១០លានដុល្លារ បន្ទាប់ពីការបើកប្រតិបត្តិការយោធារបស់រុស្ស៉ី។ កញ្ចប់ជំនួយនោះ រួមបញ្ចូលទាំងសម្ភារៈវេជ្ជសាស្រ្តចំនួន៤០តោន ដែលរួមមានដូចជា ឧបករណ៍សង្រ្គោះបឋម ម៉ាស់ និងឧបករណ៍ជំនួយផ្លូវដង្ហើម៕ ផ្តល់សិទ្ធិដោយ៖ freshnews

ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនអះអាងថា សង្រ្គាមជាមួយរុស្ស៉ី អាចនឹងបញ្ចប់នៅត្រឹមខែឧសភា

Khmerpress March 15, 2022 15/03/2022

(កៀវ)៖ លោក អូលេកស៉ី អារេស្តូវិច (Oleksiy Arestovich) ដែលជាទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ បាននិយាយថា សង្រ្គាមក្នុងប្រទេសអ៊ុយក្រែន ទំនងជានឹងបញ្ចប់ទៅវិញក្នុងខែឧសភាខាងមុខ ពេលដែលរុស្ស៉ីលែងមានធនធាន ដើម្បីប្រើប្រាស់ក្នុងការវាយប្រហារអ៊ុយក្រែនតទៅទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២។ លោក Arestovich បានលើកឡើងថា ពេលវេលាជាក់លាក់តែម្តងនោះ គឺមិនអាចព្យាករបានឡើយ ដោយវាអាស្រ័យទៅលើ ថាតើទីក្រុងម៉ូស្គូហ៊ានចំណាយធនធានច្រើនប៉ុនណា ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការយោធារបស់ខ្លួន។ លោក Arestovich បានលើកឡើងយ៉ាងដូច្នេះថា «តាមការគិតរបស់ខ្ញុំ គឺមិនយូរជាងខែឧសភាឡើយ អាចខ្ទង់ដើមខែឧសភា យើងគួរតែសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព ឬប្រហែលអាចឆាប់ជាងនេះ។ យើងនឹងរង់ចាំមើលទៀត ព្រោះអ្វីដែលខ្ញុំនិយាយនេះ គឺប៉ាន់ស្មានពីកាលបរិច្ឆេទ ដែលអាចកើតឡើងឆាប់បំផុត»។ គួរបញ្ជាក់ថា សង្រ្គាមនៅអ៊ុយក្រែនបានចាប់ផ្តើម កាលពីថ្ងៃទី២៤ ខែកុម្ភៈ នៅពេលដែលប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាឱ្យបើកនូវអ្វីដែលលោកហៅថាជា «ប្រតិបត្តិការយោធាពិសេស» ចូលទៅកាន់អ៊ុយក្រែន ដែលជាការវាយប្រហារដ៏ធំបំផុត ទៅលើប្រទេសនៅទ្វីបអឺរ៉ុប គិតចាប់តាំងតែពីសម័យសង្រ្គាមលោកលើកទីពីរមក។ កិច្ចចរចាគ្នាប៉ុន្មានលើកមកនេះ […]

រដ្ឋាភិបាលជប៉ុនគ្រោងនឹងផ្តល់ជូនទិដ្ឋាការរយៈពេល ១ឆ្នាំ ដល់ជនជាតិអ៊ុយក្រែន ដែលរត់ភៀសខ្លួនចេញពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

Khmerpress March 15, 2022 15/03/2022

រដ្ឋាភិបាលជប៉ុនគ្រោងនឹងផ្តល់ជូនជនជាតិអ៊ុយក្រែនដែលមកប្រទេសជប៉ុន នូវជម្រើសនៃការទទួលបានទិដ្ឋាការរយៈពេល ១ឆ្នាំ ដែលនឹងអនុញ្ញាតឱ្យពួកគេអាចធ្វើការនៅប្រទេសជប៉ុនបាន។ មន្ត្រីរដ្ឋាភិបាលបាននិយាយថា ពួកគេមានគម្រោងទទួលយកយ៉ាងសកម្ម រាល់ជនជាតិអ៊ុយក្រែនដែលភៀសខ្លួនចេញពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ ជម្រាបផងដែរថា ជនជាតិអ៊ុយក្រែនប្រមាណ ៤៧នាក់ បានមកដល់ប្រទេសជប៉ុនគិតត្រឹមថ្ងៃអាទិត្យ ហើយពួកគេក៏បានទទួលទិដ្ឋាការរយៈពេលខ្លី ៩០ថ្ងៃ រួចហើយដែរ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Furukawa Yoshihisa បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃអង្គារនេះថា ប្រជាជនអ៊ុយក្រែនអាចទទួលយកការផ្ដល់ជូននេះ ដោយវាអនុញ្ញាតឱ្យពួកគេរស់នៅ និងធ្វើការក្នុងប្រទេសជប៉ុនរហូតដល់ ១ឆ្នាំ។ លោក Furukawa បាននិយាយថា ក្រសួងរបស់គាត់ក៏នឹងចាប់ផ្តើមក្រុមការងារដែលដឹកនាំដោយអនុរដ្ឋមន្ត្រីរដ្ឋបាល ដើម្បីផ្តល់ការគាំទ្រចាំបាច់សម្រាប់ជនភៀសខ្លួនអ៊ុយក្រែន។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រដ្ឋាភិបាលទាំងមូលគួរតែផ្តល់ជំនួយទូលំទូលាយ ដែលបំពេញតម្រូវការជាក់លាក់របស់បុគ្គលម្នាក់ៗ៕ ផ្តល់សិទ្ធិដោយ៖ freshnews

កាន់តែកាច! លោក វ្ល៉ាឌីមៀ ពូទីន ចុះហត្ថលេខាអនុញ្ញាតឱ្យរឹបអូស​យន្តហោះរាប់រយគ្រឿង​ដែល​ផលិតដោយ​លោកខាងលិច

Khmerpress March 15, 2022 15/03/2022

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់អនុញ្ញាតឱ្យរឹបអូសយន្តហោះរាប់រយគ្រឿង ដែលផលិតដោយលោកខាងលិច និងដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី។ យន្តហោះទាំងនោះ ជាកម្មសិទ្ធរបស់អ្នកជួលយន្តហោះ ដែលបានលុបចោលកិច្ចសន្យាបន្ទាប់ពីការទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ថា កាលពីថ្ងៃចន្ទ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយ ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី គ្រប់គ្រងយន្តហោះរាប់រយគ្រឿង ដែលផលិតដោយលោកខាងលិច ដែលបានជួលពីក្រុមហ៊ុនអន្តរជាតិ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Wall Street Journal ។ ជាមួយគ្នានេះ យោងតាមសារព័ត៌មាន Reuters បានឱ្យដឹងថា យន្តហោះទាំងនោះនឹងត្រូវបញ្ចូលទៅក្នុងបញ្ជីឈ្មោះយន្តហោះរបស់ប្រទេស ហើយត្រូវបានដាក់ពង្រាយនៅលើផ្លូវក្នុងស្រុក។ យ៉ាងណាមិញ ការរឹបអូសនេះអាចបង្កហានិភ័យដល់អ្នកដំណើរ ដោយសារតែយន្តហោះអាចនឹងមិនទទួលបានការជួសជុលថែទាំត្រឹមត្រូវ ដោយសារការដាក់ទណ្ឌកម្ម។ គួរបញ្ជាក់ផងដែរថា ការតតាំងគ្នារវាងរុស្ស៊ី និងអ្នកជួលយន្តហោះបានបន្តចាប់តាំងពីការឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ដោយសហភាពអឺរ៉ុបានបង្ខំបក្រុមហ៊ុនជួលយន្តហោះឱ្យលុបចោលកិច្ចសន្យាជាមួយក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីត្រឹមថ្ងៃទី២៨ ខែមីនា មានន័យថា យន្តហោះបរទេសទាំងនោះត្រូវប្រគល់ជូនម្ចាស់របស់ពួកគេវិញ៕ ដោយ៖ ខ្មែរណូត

កូវីដនៅចិនផ្ទុះកាន់តែខ្លាំង ដោយថ្ងៃនេះចិនបានរកឃើញអ្នកឆ្លង ៥,២៨០នាក់ដែលជាតួលេខអ្នកឆ្លងច្រើនបំផុតមិនធ្លាប់មាន

Khmerpress March 15, 2022 15/03/2022

ចិន៖ អាជ្ញាធរសុខាភិបាលនៃប្រទេសចិនបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥,២៨០នាក់ សម្រាប់របាយការណ៍នៅក្នុងថ្ងៃអង្គារ ទី១៥ ខែមីនានេះ ដែលតួលេខនេះមានការកើនឡើងទ្វេដងបើធៀបទៅនឹងតួលេខអ្នកឆ្លងកាលពីថ្ងៃកន្លងទៅ។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា តួលេខអ្នកឆ្លងកូវីដ-១៩ ខាងលើនេះគឺជាតួលេខអ្នកឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មានបម្រាប់ប្រទេសចិនផងដែរ បើគិតចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ-១៩ ជាលើកដំបូងមក។ នៅក្នុងរបាយការណ៍របស់អាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់ថា តំបន់ដែលមានការរាតត្បាតខ្លាំងជាងគេនោះគឺខេត្ត Jilin ភាគខាងជើងប្រទេសចិន ដែលខេត្តមួយនេះតែម្នាក់ឯងមានតួលេខអ្នកឆ្លងរហូតដល់ទៅ ៣,០០០ករណី។ ឆ្លើយតបនឹងកំណើតនៃអ្នកឆ្លងជំងឺកូវីដ-១៩ នេះ អាជ្ញាធរចិនបានសម្រេចបិទខ្ទប់ទីក្រុងចំនួន ១១ហើយ ដោយក្នុងនោះក៏មានទាំងទីក្រុង Shenzhen ដែលជាទីក្រុងបច្ចេកវិទ្យាដ៏ធំរបស់ចិននិងមានពលរដ្ឋចំនួន ១៧លាននាក់កំពុងរស់នៅផងដែរ៕ ដោយ៖ ខ្មែរណូត