ព័ត៌មានអន្តរជាតិ

ថៃមានអ្នកបាត់បង់ជីវិត ៧៥នាក់ ដោយសារកូវីដ-១៩ និងឆ្លងជាង៧,០០០នាក់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

Khmerpress July 8, 2021 08/07/2021

(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧,០៥៨ករណី នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខណៈអ្នកជំងឺចំនួន ៧៥នាក់បន្ថែមទៀតក៏បានបាត់បង់ជីវិតផងដែរ ដែលនេះជាចំនួនករណីឆ្លង និងស្លាប់ច្រើនបំផុត មិនធ្លាប់មានឡើយក្នុងមួយថ្ងៃ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation។ មជ្ឈមណ្ឌល CCSA បានគូសបញ្ជាក់ប្រាប់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ៦,៩៩០ករណី ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ ៦៨ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ដោយឡែកអ្នកជំងឺចំនួន ៤,៩៧៨នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៣០៨,២៣០ករណី ក្នុងនោះមានអ្នកស្លាប់ ២,៤៦២នាក់ និងអ្នកជាសះស្បើយ ២៣៦,១៤៩នាក់។ សម្រាប់អត្រាចាក់វ៉ាក់សាំង ថៃសម្រេចបាន១១.៦១លានដូស៕ ផ្តល់សិទ្ធិដោយ៖ freshnews

វៀតណាមសម្រេចបិទខ្ទប់ទីក្រុងហូជីមិញ ២សប្តាហ៍ ក្រោយក្រុងមួយនេះរកឃើញអ្នកឆ្លងកូវីដចំនួន ៨ពាន់នាក់

Khmerpress July 8, 2021 08/07/2021

វៀតណាម៖ រដ្ឋាភិបាលវៀតណាមនឹងសម្រេចធ្វើការបិទខ្ទប់ទីក្រុងហូជីមិញក្នុងរយៈ ២សប្តាហ៍ ដើម្បីទប់ទល់នឹងរលកនៃការរាលត្បាតជំងឺកូវីដ ១៩ ដែលកំពុងកើនឡើងយ៉ាងគំហុកនៅក្នុងទីក្រុងមួយនេះ។ វិធានការបិទខ្ទប់ទីក្រុងដ៏សំខាន់នេះនឹងត្រូវផ្តើមអនុវត្តចាប់ពីព្រឹកព្រលឹមថ្ងៃសុក្រ ទី០៩ ខែកក្កដាស្អែកនេះ ខណៈនៅក្នុងទីក្រុងហូជីមិញមានប្រជាពលរដ្ឋប្រមាណជា ៩លាននាក់កំពុងរស់នៅ។ គួររម្លឹកថា មុនពេលមានការបិទខ្ទប់នេះ ក្រុងហូជីមិញបានរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ៨,០០០ នាក់ ខណៈកាលពីអំឡុងខែមេសាកន្លងមក នៅទូទាំងប្រទេសវៀតណាមមានករណីឆ្លងជិត ៣,០០០នាក់ប៉ុណ្ណោះ។ បើតាមលោក Nguyen Thanh Phong ដែលអភិបាលក្រុងហូជីមិញបានឲ្យដឹងថា​ ក្នុងពេលអនុវត្តការបិទខ្ទប់នេះពលរដ្ឋនៅក្នុងទីក្រុងទាំងអស់នឹងតម្រូវឲ្យនៅក្នុងផ្ទះ ហើយអាចចេញក្រៅបានតែក្នុងករណីចាំបាច់ប៉ុណ្ណោះ ដូចជាចេញទៅទិញអាហារ និងថ្នាំពេទ្យជាដើម ខណៈអាជីវកម្មដែលមិនសូវចាំបាច់ជាច្រើនក៏តម្រូវឲ្យបិទទ្វារជាបណ្តោះអាសន្នផងដែរ។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលវៀតណាមទើបសម្រេចការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ បានប្រមាណជា ៤លានដូសប៉ុណ្ណោះ ខណៈវៀតណាមមានពលរដ្ឋសរុបជិត ១០០លាននាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

អង្គការសុខភាពពិភពលោកនិយាយថា ជំងឺកូវីដ១៩ បំប្លែងខ្លួន Delta កំពុងមានវត្តមាននៅតាមប្រទេសនិងតំបន់ជាង ១០០ នៅលើពិភពលោក

Khmerpress July 8, 2021 08/07/2021

អង្គការសុខភាពពិភពលោកបាននិយាយថា ជំងឺ COVID-19​ បំប្លែងខ្លួននៅប្រទេសឥណ្ឌា ឬហៅថាវ៉ារ្យ៉ង់ Delta ឥឡូវនេះមានវត្តមាននៅក្នុងប្រទេស និងតំបន់ជាង ១០០ នៅលើពិភពលោកនេះ។ របាយការណ៍ចុងក្រោយដោយ WHO បាននិយាយថា គិតត្រឹមថ្ងៃអង្គារនេះ មានប្រទេស និងតំបន់ចំនួន ១០៤ បានបញ្ជាក់ពីវត្តមានរបស់ Delta ពោលគឺកើនឡើងចំនួន ៧ ប្រទេសនិងតំបន់ បើធៀបនឹងសប្តាហ៍មុន។ ជម្រាបផងដែរថា WHO ចាប់ផ្ដើមប្រកាសពីការកើនឡើងរបស់វ៉ារ្យ៉ង់នៃជំងឺ COVID-19 ចាប់តាំងពីខែមេសាឆ្នាំនេះតរៀងមក។ គិតត្រឹមថ្ងៃទី២៧ ខែមេសា យ៉ាងហោចណាស់មានប្រទេសចំនួន ១៧ រួមទាំងប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិក បានរាយការណ៍ពីវត្តមានរបស់វ៉ារ្យ៉ង់ Delta ។ បន្ទាប់មកនៅចុងខែឧសភា មានប្រទេស និងតំបន់ចំនួន ៦០ ក៏បានរាយការណ៍ពីវា ហើយនៅចុងខែមិថុនា វាក៏បានកើនឡើងដល់ ៩៦ ប្រទេស និងតំបន់នៅទូទាំងពិភពលោក។ ចំណែកវ៉ារ្យ៉ង់ Alpha ដែលត្រូវបានរកឃើញដំបូងនៅអង់គ្លេស ពេលនេះមានវត្តមានក្នុងប្រទេស និងតំបន់ចំនួន ១៧៣ ហើយដែរ។ ទន្ទឹមនឹងនេះគឺ […]

Phuket រាយការណ៍ពីករណីដំបូង នៃការឆ្លងកូវីដ១៩ មកពីក្រៅប្រទេស បន្ទាប់ពីបើកទទួលភ្ញៀវទេសចរណ៍ឡើងវិញ ដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័ក

Khmerpress July 8, 2021 08/07/2021

(បាងកក)៖ កោះរមណីយដ្ឋានដ៏ពេញនិយមរបស់ប្រទេសថៃភូកេត (Phuket) បានរាយការណ៍ពីករណីដំបូង នៃការឆ្លងកូវីដ១៩ នាំចូលពីក្រៅប្រទេសនៅថ្ងៃពុធ ទី០៧ ខែកក្កដានេះ បន្ទាប់ពីបានបើកទ្វារទទួលភ្ញៀងទេសចរណ៍អន្តរជាតិឡើងវិញ កាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅយប់ថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១។ យោងតាមលោក Koosak Kookiatkul ប្រធានការិយាល័យសុខភាពសាធារណៈរបស់ភូកេតបានឲ្យដឹងថា អ្នកជំងឺខាងលើជាបុរសម្នាក់ ដែលបានធ្វើដំណើរមកពីប្រទេសអារ៉ាប់រួម និងបានមកដល់ខេត្តភាគខាងត្បូងមួយនេះកាលពីថ្ងៃអង្គារម្សិលមិញ។ លោកបានមានប្រសាសន៍អំឡុងការផ្សាយផ្ទាល់តាមហ្វេសប៊ុករបស់ការិយាល័យទំនាក់ទំនងសាធារណៈភូកេតនៅថ្ងៃពុធនេះថា «យើងមានអ្នកជំងឺថ្មីចំនួនពីរនាក់។ ម្នាក់ក្នុងចំនោមពួកគេជាជនជាតិថៃ ហើយករណីមួយទៀតយើងសង្ឃឹមថា មិនកើតមានទេ ពីព្រោះអ្នកជំងឺគឺជាអ្នកដំណើរមកពីគម្រោងទេសចរណ៍ភូកេត Sandbox ដែលទើបតែមកដល់ថ្មីៗនេះ»។ គួរបញ្ជក់ថា ភូកេតបានក្លាយជាខេត្តដំបូងគេបង្អស់នៅក្នុងប្រទេសថៃ ដែលបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិវិញ ដោយមិនចាំបាច់តម្រូវឱ្យធ្វើចត្តាឡីស័ក។ នេះគឺជាផ្នែកមួយដែលត្រូវបានធ្វើឡើង ដើម្បីជួយសេដ្ឋកិច្ចឱ្យងើបឡើងវិញ ពីជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: ថ្ងៃនេះវៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន «១,០០៧ករណី»បន្ថែមទៀត ក្នុងនោះ ៧៦៦នាក់នៅទីក្រុងហូជីមិញ

Khmerpress July 8, 2021 08/07/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូដល់១,០០៧ករណីបន្ថែមទៀត ដែលនេះជាថ្ងៃទី៣ ហើយដែលប្រទេសអាស៊ានមួយនេះកត់ត្រាករណីឆ្លងលើស ១,០០០ករណីក្នុងរយៈពេលតែមួយថ្ងៃ។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន១០នាក់ជាករណីឆ្លងនាំចូលពីក្រៅប្រទេស និង៩៩៧នាក់ទៀត ជាករណីឆ្លងក្នុងសហគមន៍ផ្ទាល់ ហើយទីក្រុងហូជីមិញតែឯងរាប់រងចំនួន ៧៦៦ករណី។ សរុបមកវិញ គិតត្រឹមថ្ងៃពុធនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ២៣,០៧១នាក់ ក្នុងនោះស្លាប់៩៧នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

WHO: ចំនួនអ្នកបាត់បង់ជីវិតសរុបដោយសារជំងឺកូវីដ១៩ រហូតមកទល់ពេលនេះកើនដល់ ៤លាននាក់ហើយ

Khmerpress July 8, 2021 08/07/2021

(ហ្សឺណេវ)៖ បើយោងតាមអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ រហូតមកទល់ពេលនេះបានកើនដល់ ៤លាននាក់។ នេះបើតាមការចេញការចេញផ្សាយដោយ សារព័ត៌មាន BNO នៅយប់ថ្ងៃពុធ ទី០៧ ខែកក្ដដា ឆ្នាំ២០២១។ លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក (WHO) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា «ពិភពលោកគឺស្ថិតនៅក្នុងចំណុចដ៏គ្រោះថ្នាក់មួយ ចំពោះមុខជំងឺរាតត្បាតសកលមួយនេះ ។ យើងទើបតែបានឆ្លងផុតនូវព្រឹត្តិការណ៍ដ៏គួរឲ្យសោកស្តាយ នៃការស្លាប់មនុស្សចំនួន ៤លាននាក់ ដោយសារជំងឺកូវីដ១៩»។ គួរបញ្ជាក់ថា វីរុសកូរ៉ូណាដែលត្រូវបានគេស្គាល់ជាផ្លូវការថា SARS-CoV-2 បានលេចមុខជាលើកដំបូងនៅទីក្រុង Wuhan ប្រទេសចិនកាលពីខែធ្នូ ឆ្នាំ២០១៩ ។ វីរុសនេះបានឆ្លងរាលដាលដល់ប្រទេសស្ទើរតែទាំងអស់នៅលើផែនដី ដែលបានឆ្លងដល់មនុស្សយ៉ាងតិច ១៤០ លាននាក់ និងមនុស្សរាប់លាននាក់ទៀតបានឆ្លងដោយមិនដឹងខ្លួន៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃ៖ អ្នកជំងឺ ៥៤នាក់បាត់បង់ជីវិត និងមនុស្សជាង ៦,៥០០នាក់ទៀតឆ្លងកូវីដ-១៩ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

Khmerpress July 7, 2021 07/07/2021

(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៦,៥១៩ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ដោយមានតែ ១៦ករណីប៉ុណ្ណោះ ជាករណីនាំចូល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation។ មជ្ឈមណ្ឌល CCSA បានគូសបញ្ជាក់ប្រាប់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ៦,៤៦៤ករណី ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ ៥៥ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ មជ្ឈមណ្ឌល CCSA បានគូសបញ្ជាក់ប្រាប់បន្ថែមថា ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ៥៤នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ហើយអ្នកជំងឺចំនួន ៤,១៤៨នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៣០១,១៧២ករណី ក្នុងនោះមានអ្នកស្លាប់ […]

ទីក្រុងស៊ីដនីត្រូវបិទខ្ទប់ «១សប្តាហ៍ទៀត» ដើម្បីទប់ទល់កូវីដ-១៩បម្លែងថ្មី Delta

Khmerpress July 7, 2021 07/07/2021

(ស៊ីនដី)៖ អាជ្ញាធររដ្ឋញូសោតវែលស៍ (New South Wales) នៃប្រទេសអូស្ត្រាលី បានធ្វើការសម្រេចចិត្តដ៏លំបាកមួយ នោះគឺការតម្រូវឲ្យបិទខ្ទប់ទីក្រុងស៊ីដនី បន្តរយៈពេលមួយសប្តាហ៍ទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ដែលកំពុងរាតត្បាតខ្លាំងនៅឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នារសៀលថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១។ ទីក្រុងស៊ីដនីត្រូវបានសម្រេចឲ្យបិទខ្ទប់ដំណាក់កាលទី ១ កាលពីថ្ងៃទី២៦ ខែមិថុនាកន្លងទៅនេះ បន្ទាប់ពីការរកឃើញករណីឆ្លង COVID-19 ក្នុងសហគមន៍ ហើយប្រជាជនទាំងអស់ត្រូវបានបង្គាប់ ឲ្យស្នាក់នៅក្នុងផ្ទះជាចាំបាច់ ដោយមានការលើកលែងឲ្យចេញមកក្រៅ តែចំពោះករណីចាំបាច់មួយចំនួនប៉ុណ្ណោះ។ ចំនួនអ្នកឆ្លង COVID-19 ប្រមាណ ៣៣០ករណី ដែលត្រូវបានរកឃើញ គឺជាតួលេខអាក្រក់បំផុតមួយទៅហើយ សម្រាប់ទីក្រុងស៊ីដនីក្នុងឆ្នាំ២០២១នេះ។ គួរបញ្ជាក់ថា ប្រជាជនរស់នៅក្នុងតំបន់ទីប្រជុំជនទីក្រុងស៊ីដនី និងតំបន់ជុំវិញសរុបប្រមាណជាង ៥លាននាក់ នឹងបន្តស្នាក់នៅក្នុងលំនៅឋាន រយៈពេល ១សប្តាហ៍ គឺរហូតដល់ថ្ងៃសុក្រសប្តាហ៍ក្រោយ។ ដោយឡែកសាលារៀននានា ក៏នឹងបន្តបិទទ្វាររហូតដល់ពេលនោះដូចគ្នា។ អាជ្ញាធររដ្ឋញូសោតវែលស៍បានគូសបញ្ជាក់ថា ការបិទខ្ទប់បន្តទៀតនេះពិតណាស់ថា នឹងបង្កផលវិបាកបន្ថែមដល់ផ្នែកសតិអារម្មណ៍ និងការប្រកបរបរអាជីវកម្មរបស់ប្រជាជន ប៉ុន្តែនេះជាវិធានការចាំបាច់បំផុត ដើម្បីទប់ទល់ការឆ្លងរាតត្បាត […]

ថៃ៖ មនុស្ស៨០,០០០នាក់ រងការប៉ះពាល់ ដោយសារករណីផ្ទុះរោងចក្រគីមី នៅក្បែរទីក្រុងបាងកក

Khmerpress July 7, 2021 07/07/2021

(បាងកក)៖ យ៉ាងហោចណាស់ មានមនុស្ស៨០,០០០នាក់បានរងផលប៉ះពាល់ ដោយសារអគ្គីភ័យដ៏ធំសម្បើមមួយ ដែលបង្កឡើងដោយការផ្ទុះរោងចក្រគីមី មីង ឌីហ៍ (Ming Dih Chemical) ដែលស្ថិតនៅស្រុក បាង ភ្លី (Bang Phli) នៃខេត្ត សាមុត ប្រាកាន (Samut Prakan) កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post នៅថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១។ ហេតុការណ៍ផ្ទុះខាងលើ បានកើតឡើងនៅម៉ោងប្រមាណជា ២៖៥០នាទីទាបភ្លឺកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ ក្រុមអ្នកពន្លត់អគ្គីភ័យ បានទទួលជោគជ័យក្នុងការគ្រប់គ្រងសារធាតុគីមី និងពន្លត់អគ្គិភ័យដ៏ធំសម្បើមនេះ ក្រោយចំណាយពេលអស់ ២៦ម៉ោង ហើយមកទល់នឹងបច្ចុប្បន្ន ពួកគេនៅតែបន្តបាញ់ទឹក នៅតាមទីតាំងមួយចំនួន ដើម្បីបញ្ចុះកម្ដៅ និងបង្ការកុំឱ្យមានការផ្ទុះសាជាថ្មី។ តែទោះបែបនេះក្ដី ប្រជាជនដែលរស់នៅក្បែរ ឬចម្ងាយ ៥គីឡូម៉ែត្រពីទីកន្លែងផ្ទុះ មិនទាន់ត្រូវបានអនុញ្ញាតឱ្យត្រឡប់មកផ្ទះវិញនោះទេ រហូតទាល់តែអាជ្ញាធរអាចធានាសុវត្ថិភាពទាំងស្រុងជាមុនសិន។ អភិបាលខេត្ត Samut Prakan លោក Wanchai Kongkasem បានគូសបញ្ជាក់ថា មនុស្សប្រមាណ […]

ប្រជាជនរាប់លាននាក់នៅអាស៊ីអាគ្នេយ៍ កំពុងប្រឈមនឹងគ្រោះទឹកជំនន់ ដោយសារនីវ៉ូទឹកសមុទ្រកើនឡើង

Khmerpress July 7, 2021 07/07/2021

(បាងកក)៖ ការសិក្សាស្រាវជ្រាវថ្មីមួយ ផ្អែកលើរូបភាពផ្កាយរណបបានឱ្យដឹងថា ប្រជាជនរាប់លាននាក់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងប្រឈមមុខនឹង គ្រោះទឹកជំនន់ដ៏គ្រោះថ្នាក់ ដែលបង្កឡើងដោយការកើនឡើងកម្រិតទឹកសមុទ្រ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១។ បើតាមរូបភាពផ្កាយរណបរបស់ក្រុមអ្នកស្រាវជ្រាវ មកពីវិទ្យាស្ថានស្រាវជ្រាវ ដែលតារែស (Deltares) មានមូលដ្ឋាននៅក្នុងប្រទេសហូឡង់ បណ្ដាប្រទេសនៅតំបន់ទំនាប ដែលងាយរងគ្រោះជាងគេ ដោយសារតែការកើនឡើងកម្រិតទឹកសមុទ្រ និងការលិចលង់ ដោយសារទឹកជំនន់ក្នុងនោះរួមមាន ឥណ្ឌូណេស៊ី, ថៃ, វៀតណាម និងហ្វីលីពីន។ ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានដដែល បានឱ្យដឹងទៀតថា ប្រជាជននៃបណ្ដាប្រទេសទាំងនេះ អាចនឹងត្រូវប្រឈមមុខនឹងគ្រោះថ្នាក់នៃ ការកើនឡើងកម្រិតទឹកសមុទ្រជាប្រចាំឆ្នាំ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ កំពុងឈានទៅរកស្ថានភាពកាន់តែអាក្រក់ ពីមួយឆ្នាំទៅមួយឆ្នាំ។ គួរបញ្ជាក់ថា បើតាមសិក្សារបស់វិទ្យាស្ថាន Deltares ប្រជាជន ១៥៧លាននាក់នៅតំបន់អាស៊ី-ត្រូពិច បច្ចុប្បន្នកំពុងរស់នៅតាមតំបន់ ដែលមានកម្ពស់ជាង ២ម៉ែត្រប៉ុណ្ណោះពីនីវ៉ូទឹកសមុទ្រ។ ដូច្នេះប្រសិនបើកម្រិតទឹកសមុទ្រ កើនឡើងមួយម៉ែត្របន្ថែមទៀត នោះមានន័យថា តំបន់នានាដែលមានដង់ស៊ីតេប្រជាជនខ្ពស់ ស្ថិតនៅតាមតំបន់ដីសណ្ដរ នឹងត្រូវរងការជន់លិចយ៉ាងងាយ៕ ផ្តល់សិទ្ធិដោយ៖ freshnews