ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាយបំភ្លឺនិងបដិសេធព័ត៌មានមិនពិតនៅលើបណ្តាញសង្គម Tik Tok ថាមានជនជាតិចិនរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក
- BY
- Khmerpress
- June 11, 2021
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានព័ត៌មានបង្ហោះតាមបណ្តាញសង្គម Tik Tok ភ្លាម ថាមានជនជាតិចិនលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងទៅអធិការនគរបាលខណ្ឌដូនពេញ និងប៉ុស្តិ៍ដើម្បីចុះធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យជាក់ស្តែងដល់ទីតាំង ដោយមានកម្លាំងគណបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹងនាំដោយលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ លោកវរសេនេយ៍ឯក ទៀង ចាន់សារអធិការនគរបាលខណ្ឌដូនពេញ លោកនាយប៉ុស្តិ៍នគរបាលស្រះចក បានចុះធ្វើការត្រួតពិនិត្យដល់គោលដៅក្រុមហ៊ុនសំណង់ដែលស្ថិតនៅបឹងកក់ ភូមិទី២ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងបានឲ្យអ្នកដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ចេញមកតម្រង់ជួរ ដើម្បីធ្វើការត្រួតពិនិត្យ និងរាប់ចំនួនជាក់ស្តែង។
ក្រោយពីការរាប់ និងត្រួតពិនិត្យ ឃើញថាមានគ្រប់ចំនួនពុំមានបាត់ជនជាតិខ្មែរ ឬជនជាតិណាម្នាក់ដែលកំពុងធ្វើចត្តាឡីស័ក ដូចការចុះផ្សាយរបស់គណនី Tik Tok ខាងលើនោះទេ ជាក់ស្តែងតាមការស្រាវជ្រាវឲ្យដឹងថាជនជាតិមួយក្រុមនោះបានជិះរថយន្តមកឈប់បត់ជើងតូចនៅតំបន់នោះតែប៉ុណ្ណោះ មិនមែនជាជនជាតិចិនរត់ចេញពីកន្លែងចត្តាឡីស័កនោះទេ។ ពេលនេះសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវរកម្ចាស់គណនី Tik Tok ដែលចុះផ្សាយព័ត៌មានមិនពិតនេះ ដើម្បីចូលខ្លួនមកបំភ្លឺពីការចុះផ្សាយនេះ។ សូមសហការផ្សព្វផ្សាយតែព័ត៌មានពិត និងលុបបំបាត់ឲ្យបាននូវព័ត៌មានមិនពិត ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
- Share This Post: