Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ព្រមានពីផលវិបាកធ្ងន់ធ្ងរ បើចំណាប់ខ្មាំងហ្កាហ្សា មិនត្រូវបានដោះលែង មុនថ្ងៃស្បថចូលកាន់តំណែង

BY Liny Chan December 3, 2024
លោក ដូណាល់ ត្រាំ ព្រមានពីផលវិបាកធ្ងន់ធ្ងរ បើចំណាប់ខ្មាំងហ្កាហ្សា មិនត្រូវបានដោះលែង មុនថ្ងៃស្បថចូលកាន់តំណែង

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី២ ខែធ្នូ បានព្រមានពីផលវិបាកធ្ងន់ធ្ងរនៅក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើ ចំណាប់ខ្មាំងនៅក្នុងតំបន់ហ្កាហ្សា​ មិនត្រូវបានដោះលែងឱ្យមានសេរីភាព នៅមុនថ្ងៃទី២០ ខែមករា ដែលជាកាលបរិច្ឆេទស្បថចូលកាន់តំណែងជាប្រធានាធិបតីរបស់លោក ទេនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អំឡុងការវាយប្រហារលើអ៉ីស្រាអែល កាលពីខែតុលា ឆ្នាំ២០២៣ ក្រុមហាម៉ាសបានចាប់ខ្លួនមនុស្ស ២៥០នាក់ជាចំណាប់ខ្មាំង ក្នុងនោះរួមមានទាំងពលរដ្ឋអាមេរិកមានដើម កំណើតអ៉ីស្រាអែលផងដែរ។ ដោយធ្វើអត្ថាធិប្បាយចំៗពីជោគវាសនារបស់ចំណាប់ខ្មាំង ចាប់តាំងពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីខែវិច្ឆិកាមក លោក ត្រាំ បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមថា «ប្រសិនបើចំណាប់ខ្មាំងមិនត្រូវបានដោះលែង ឱ្យបានមុនថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ជាកាលបរិច្ឆេទដែល ជាមហាកិត្តិយសសម្រាប់ខ្ញុំចូលកាន់តំណែងជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកទេ នោះវានឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់មជ្ឈិមបូព៌ា និងចំពោះអ្នកដែល ទទួលខុសត្រូវប្រព្រឹត្តទង្វើឃោរឃៅទាំងនេះប្រឆាំងមនុស្សជាតិ»

គួរបញ្ជាក់ថា ក្រុមហាម៉ាសបានទាមទារឱ្យបញ្ចប់សង្រ្គាម និងការដកកងទ័ពអ៉ីស្រាអែលទាំងស្រុងចេញពីហ្កាហ្សាជាលក្ខខណ្ឌនៃការដោះលែងចំណាប់ខ្មាំងនៅសេសសល់។ ប៉ុន្តែ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានអះអាងថាសង្រ្គាមនឹងបន្ត រហូតទាល់តែក្រុមហាម៉ាសត្រូវបានកម្ទេច និងលែងអាចបង្កការគំរាមកំហែង ដល់អ៉ីស្រាអែលតទៅទៀត។ ក្រុមហាម៉ាស កាលពីថ្ងៃចន្ទ បាននិយាយថាចំណាប់ខ្មាំង ៣៣នាក់ នៅក្នុងតំបន់ហ្កាហ្សាត្រូវបានសម្លាប់នៅក្នុងសង្រ្គាមមានរយៈពេលជាង ១៤ខែមកនេះជាមួយអ៉ីស្រាអែល តែមិនបានបញ្ជាក់ពីសញ្ជាតិនៃចំណាប់ខ្មាំងដែលបានបាត់បង់ជីវិតទាំងនេះឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: