Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ថា ការដោះស្រោយវិបត្តិអ៊ុយក្រែន គឺជាអាទិភាពចម្បងបំផុត នៅពេលឡើងកាន់អំណាច

BY Liny Chan December 11, 2024
លោក ដូណាល់ ត្រាំ ថា ការដោះស្រោយវិបត្តិអ៊ុយក្រែន គឺជាអាទិភាពចម្បងបំផុត នៅពេលឡើងកាន់អំណាច

(ផ្លូរីដា)៖ លោក ដូណាល់ ត្រាំ បាននិយាយថា ការដោះស្រាយវិបត្តិអ៊ុយក្រែន នឹងជាអាទិភាពចម្បងបំផុត នៅពេលរូបលោក ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក នៅខែក្រោយ ខណៈបញ្ហានៅមជ្ឈិមបូព៌ា ត្រូវបានលោកចាត់ទុកជា ស្ថានការណ៍លំបាក ប៉ុន្តែមិនដល់អ៊ុយក្រែន​ នោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងបទសម្ភាសជាមួយ ទស្សនាវដ្តីបារាំង Paris Match ដែលត្រូវបានថតទុក កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ប៉ុន្តែទើបចេញផ្សាយ នៅថ្ងៃពុធនេះ លោកប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក បាននិយាយដូច្នេះថា «ខ្ញុំយល់ថា យើងចាំបាច់ត្រូវតែដោះស្រាយ​បញ្ហាអ៊ុយក្រែនជាមួយរុស្ស៉ី»។ លោក ត្រាំ បានលើកឡើងបែបនោះ ក្រោយត្រូវបានសាកសួរ អំពីអាទិភាពចម្បងបំផុតរបស់លោក លើឆាកអន្តរជាតិ នៅពេលឡើងកាន់អំណាច។ រុស្ស៉ីបានធ្វើសង្រ្គាមឈ្លានពានលើអ៊ុយក្រែន តាំងតែពីខែកុម្ភៈ ឆ្នាំ២០២២មក។

លោក ត្រាំ ក៏បាននិយាយអំពីស្ថានការណ៍ នៅមជ្ឈិមបូព៌ាផងដែរ និងថាប្រាកដណាស់ វាជាអាទិភាពធំមួយ ប៉ុន្តែបើតាមរូបលោក វាគឺជាស្ថានការណ៍ ដែលមិនសូវលំបាក ដូចស្ថានការណ៍អ៊ុយក្រែន-រុស្ស៉ី នោះទេ។ ទោះបែបនេះក្តី លោក ត្រាំ បានសង្កត់ធ្ងន់ថា មជ្ឈិមបូព៌ានិងអ៊ុយក្រែន គឺជាស្ថានការណ៍សំខាន់ទាំងពីរ ដែលត្រូវដោះស្រាយ ហើយដោះស្រាយឱ្យបានឆាប់។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ដើម្បីចូលរួមពិធីសម្ពោធបើក ព្រះវិហារគ្រឹស្តបុរាណ Notre Dame ឡើងវិញ ក្រោយគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅ កាលពីឆ្នាំ២០១៩។ នៅទីនោះ លោក បានជួបប្រធានាធិបតីបារាំង លោក Emmanuel Macron ព្រមទាំងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ខណៈវាគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសដំបូងបំផុត ចាប់តាំងពីលោកបានជាប់ឆ្នោតជាថ្មី ជាប្រធានាធិបតីអាមេរិក កាលពីខែវិច្ឆិកា។ លោក ត្រាំ នឹងស្បថចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: