ព័ត៌មានអន្តរជាតិ December 13, 2024

ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prabowo Subianto ចង់លុបចោលការបោះឆ្នោតជ្រើសរើសអភិបាលខេត្តនិងក្រុង ដើម្បីកាត់បន្ថយការចំណាយ

Liny Chan

(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prabowo Subianto បានលើកជាយោបល់ចង់ឱ្យលុបចោល ការបោះឆ្នោតមួយ ក្នុងចំណោមការបោះឆ្នោតទូទាំងប្រទេសចំនួន២ ដើម្បីកាត់បន្ថយការចំណាយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤។

ឥណ្ឌូណេស៉ី ដែលជាប្រទេសប្រជាធិបតេយ្យធំជាងគេ លំដាប់ទី៣នៅលើពិភពលោក បច្ចុប្បន្ន មានការបោះឆ្នោតមួយ ដើម្បីជ្រើសរើសប្រធានាធិបតី ព្រមទាំងសមាជិកសភាជាតិ និងសភាប្រចាំតំបន់ ហើយការបោះឆ្នោតមួយទៀត ដើម្បីជ្រើសរើសអភិបាលក្រុង និង​អភិបាលខេត្ត។

កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក Prabowo បានបញ្ចេញទស្សនៈចង់ឱ្យលុបបំបាត់ ការបោះឆ្នោតទី២ ខាងលើ ដោយជំនួសមកវិញ គឺទុកឱ្យសមាជិកសភាប្រចាំតំបន់ ជាអ្នកសម្រេចជ្រើសរើសអភិបាលក្រុង និងអភិបាលខេត្ត ដែលបែបនេះ នឹងអនុញ្ញាតឱ្យរដ្ឋាភិបាលអាចយកថវិកា ទៅចំណាយលើរឿងផ្សេងទៀត ដូចជាការកែលំអគ្រឹះស្ថានអប់រំ និងការផ្តល់អាហារឥតគិតថ្លៃ នៅតាមសាលារៀន ជាដើម។

គួរបញ្ជាក់ថា លោក Prabowo Subianto បានក្លាយជាប្រធានាធិបតីថ្មីនៃប្រទេសឥណ្ឌូណេស៉ី កាលពីខែតុលា ឆ្នាំនេះ ក្រោយ​ជាប់ឆ្នោតកាលពីខែកុម្ភៈ។ វាគឺជាលើកទី៣ ដែលរូបលោក បានចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅឥណ្ឌូណេស៉ី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News