Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ចិន គ្រោងសាងសង់ទំនប់វារីអគ្គិសនីធំបំផុតរបស់ពិភពលោក នៅតំបន់ទីបេ

BY Liny Chan December 26, 2024
ចិន គ្រោងសាងសង់ទំនប់វារីអគ្គិសនីធំបំផុតរបស់ពិភពលោក នៅតំបន់ទីបេ

(ប៉េកាំង)៖ ប្រទេសចិន បានអនុម័តការសាងសង់ទំនប់វារីអគ្គិសនីធំបំផុតរបស់ពិភពលោក ដែលជាកិច្ចចាប់ផ្តើមនៃគម្រោងដ៏មហិមា នៅឯចុងភាគខាងកើតនៃតំបន់ទីបេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ ២០២៤។

រូបតំណាង

តាមការប៉ាន់ស្មាន​របស់ក្រុមហ៊ុនចិន Power Construction Corp ក្នុងឆ្នាំ ២០២០ ទំនប់ដែលនឹងមានទីតាំង នៅផ្នែកខាងក្រោមទន្លេ Yarlung Zangbo អាចផលិតអគ្គិសនីបាន ៣០០ពាន់លានគីឡូវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ។ វាមានចំនួនច្រើនជាង ៣ដងនៃសមត្ថភាពផលិត ៨៨.២ពាន់លានគីឡូវ៉ាត់ម៉ោង របស់ទំនប់ Three Gorges ដែលបច្ចុប្បន្នជាទំនប់វារីអគ្គិសនីធំជាងគេបំផុតរបស់ពិភពលោក នៅភាគកណ្តាលប្រទេសចិន។

គម្រោងនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការបំពេញនូវគោលដៅកាបូន និងអព្យាក្រឹតកាបូនរបស់ចិន ជំរុញឧស្សាហកម្មពាក់ព័ន្ធ ដូចជាវិស្វកម្ម និងបង្កើតការងារនៅតំបន់ទីបេ។ ផ្នែកមួយនៃទឹកទន្លេ Yarlung Zangbo ធ្លាក់ចុះទៅក្រោមជម្រៅ ២ ០០០ម៉ែត្រ ក្នុងចន្លោះចម្ងាយយ៉ាងខ្លីមួយ គឺត្រឹម៥០គីឡូម៉ែត្រ ដែលផ្តល់នូវសក្តានុពលដ៏ធំសម្រាប់វារីអគ្គិសនី។ អាជ្ញាធរមិនបានបញ្ជាក់ទេ ថាមានមនុស្សប៉ុន្មាននាក់ ស្ថិតក្នុងគម្រោងផ្លាស់ទីលំនៅ និងរបៀបដែលអាចប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៉ី ក្នុងស្រុក។ ប៉ុន្តែបើតាមមន្ត្រីចិន គម្រោងទំនប់វារីអគ្គិសនីនៅទីបេ នឹងមិនមានឥទ្ធិពលខ្លាំងលើបរិស្ថាន ឬការផ្គត់ផ្គង់ទឹក នៅខាងក្រោមទន្លេ នោះឡើយ។

គួរបញ្ជាក់ថា ការចំណាយលើការសាងសង់ទំនប់នេះ រួមទាំងផ្នែកវិស្វកម្ម ត្រូវបានគេរំពឹងថានឹងមានចំនួនច្រើនជាងទំនប់ Three Gorges ដែលមានតម្លៃ ២៥៤.២ពាន់លានយន់ ឬស្មើនឹង ៣៤.៨៣ពាន់លានដុល្លារ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រូបតំណាង
Share This Post: