ព័ត៌មានអន្តរជាតិ May 29, 2025

សេតវិមាន បញ្ជាក់ជាផ្លូវការពីការចាកចេញរបស់លោក Elon Musk ពីរដ្ឋបាលលោក ដូណាល់ ត្រាំ

Liny Chan

(វ៉ាស៊ីនតោន)៖ មហាសេដ្ឋីអាមេរិក លោក Elon Musk ពិតជាកំពុងចាកចេញពីរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រាកដមែន បន្ទាប់ពីបានដឹកនាំការងារធ្វើកំណែទម្រង់ រដ្ឋាភិបាលសហព័ន្ធដ៏ចម្រូងចម្រាសមួយរយៈមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មន្ត្រីសេតវិមានម្នាក់បានប្រាប់ Reuters ថាវាគឺជាការពិតដែលលោក Elon Musk កំពុងចាកចេញពីរដ្ឋបាលលោក ត្រាំ ហើយការលាលែងពីតំណែងរបស់លោកនឹងចូលជាធរមាននៅយប់ថ្ងៃពុធ ទី២៨ ខែឧសភា (ម៉ោងនៅវ៉ាស៊ីនតោន)។ លោក Elon Musk កាលពីថ្ងៃពុធបានអរគុណដល់លោក ដូណាល់ ត្រាំ ស្របពេលដែលពេលវេលាកាន់តំណែងជាបុគ្គលិកពិសេសមួយរបស់រដ្ឋាភិបាល ក្នុងនាមជាអ្នកដឹកនាំអង្គភាពប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ឈានដល់ទីបញ្ចប់។ អាណត្តិ១៣០ថ្ងៃរបស់លោក Musk ក្នុងនាមជាបុគ្គលិកពិសេសរបស់រដ្ឋាភិបាលនៅក្រោមរដ្ឋបាលលោក ត្រាំ នឹងត្រូវអស់សុពលភាពនៅថ្ងៃទី៣០ ខែឧសភា។ រដ្ឋបាលលោក ត្រាំ បាននិយាយថាកិច្ចប្រឹងប្រែងរបស់ DOGE ដើម្បីធ្វើកំណែទម្រង់ និងកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល នឹងនៅតែបន្តធ្វើឡើង។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និង DOGE បានកាត់បន្ថយជិត ១២ភាគរយ ឬបុគ្គលិក ២៦០ ០០០នាក់ ក្នុងចំណោមបុគ្គលិករដ្ឋាភិបាលអាមេរិកជាង ២.៣លាននាក់ ជាមួយការគំរាម បណ្ដេញចេញពីការងារ ឬបង្គាប់ឱ្យចូលនិវត្តន៍មុនកាលកំណត់ជាដើម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News