ព័ត៌មានអន្តរជាតិ June 9, 2025

បម្រាមធ្វើដំណើរចូលអាមេរិករបស់លោក ត្រាំ ប្រឆាំងពលរដ្ឋមកពី ១២ប្រទេសចូលជាធរមាន

Liny Chan

(វ៉ាស៉ីនតោន)៖ បម្រាមធ្វើដំណើរថ្មីរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចូលជាធរមាននាថ្ងៃចន្ទ ទី៩ ខែមិថុនា ដោយហាមឃាត់ពលរដ្ឋមកពីប្រទេសចំនួន១២ មិនឱ្យចូលសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

យោងតាមសេតវិមាន បម្រាមធ្វើដំណើរខាងលើមានគោលដៅចំពោះ ពលរដ្ឋមកពីប្រទេសអាហ្វហ្កនីស្ថាន មីយ៉ាន់ម៉ា ឆាដ សាធារណរដ្ឋកុងហ្គោ អេក្វាទ័រហ្គីណេ អេរីត្រេ ហៃទី អ៉ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន។ នៅពេលប្រកាសពីបម្រាមនេះ កាលពីសប្តាហ៍មុន លោក ត្រាំ អះអាងថា​ វាមានភាពចាំបាច់ដើម្បីការពារប្រឆាំង «ភេរវករបរទេស»។ វិធានការនេះ នាំឱ្យគេនឹកឃើញដល់ ចំណាត់ការស្រដៀងគ្នាមួយ ដែលរូបលោកបានអនុវត្ត កាលពីអំឡុងអាណត្តិទី១របស់លោក (ឆ្នាំ២០១៧-ឆ្នាំ២០២១) គឺនៅពេលដែលលោក ត្រាំ បានដាក់បម្រាមលើអ្នកដំណើរមកពីប្រទេសមូស្លីមចំនួន៧។

គួរបញ្ជាក់ថា បម្រាមធ្វើដំណើរថ្មីនេះ គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់លោក ដូណាល់ ត្រាំ ដើម្បីព្យាយាមទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ចូលមកកាន់សហរដ្ឋអាមេរិក។ ក្រៅពីប្រទេស១២ខាងលើ មនុស្សមកពីប្រទេស៧ផ្សេងទៀត រួមមាន ប៊ូរុនឌី គុយបា ឡាវ សៀរ៉ាឡេអូន តូហ្គោ តួកម៉េនីស្ថាន និងវ៉េណេស៊ុយអេឡា ក៏ត្រូវបានរឹតត្បិតជាងមុនផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News