Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ចិន ប្រកាសអាសន្នកម្រិតខ្ពស់អំពីគ្រោះទឹកជំនន់ សម្រាប់តំបន់ភាគកណ្តាលនិងខាងត្បូងប្រទេស

BY Liny Chan June 20, 2025
ចិន ប្រកាសអាសន្នកម្រិតខ្ពស់អំពីគ្រោះទឹកជំនន់ សម្រាប់តំបន់ភាគកណ្តាលនិងខាងត្បូងប្រទេស

(ប៉េកាំង)៖ នៅថ្ងៃសុក្រ ទី២០ ខែមិថុនា តំបន់ភាគកណ្តាលនិងខាងត្បូងនៃប្រទេសចិន ត្រូវបានដាក់ឱ្យស្ថិតក្រោមការប្រុងប្រយ័ត្នខ្ពស់ សម្រាប់គ្រោះទឹកជំនន់ភ្លាមៗ ខណៈដែលរដូវព្យុះភ្លៀងឈានចូលមកដល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការប្រកាសអាសន្នកម្រិតពណ៌ក្រហម ដែលជាលើកដំបូងក្នុងឆ្នាំនេះ ត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ សម្រាប់ខេត្ត Anhui, Henan, Hubei, Hunan, Guizhou និងតំបន់ Guangxi។ បន្ទាប់ពីរដូវភ្លៀង ដែលឆ្នាំនេះហាក់មកដល់​លឿនជាងធម្មតា ជាទូទៅប្រទេសចិន ត្រូវបន្តទទួលរងការវាយប្រហារដោយបាតុភូតរលកកម្តៅថែមទៀត។ ការខាតបង់សេដ្ឋកិច្ច ពីគ្រោះមហន្តរាយធម្មជាតិនៅចិន មានទំហំលើស១០ពាន់លានដុល្លារ កាលពីខែកក្កដា ឆ្នាំមុន ដែលជាខែជាធម្មតា​មានភ្លៀងធ្លាក់ខ្លាំងជាងគេ។

គួរបញ្ជាក់ថា ទំហំនៃការខូចខាតគឺលើសពីទំហំខាងលើដល់ទៅ៣ដងទៅទៀត កាលពីឆ្នាំ២០២០ នៅពេលដែលប្រទេសចិនបានប្រឈមនឹង រដូវភ្លៀងដ៏យូរបំផុតមួយ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមក ដោយទទួលរងភ្លៀងធ្លាក់​សរុបរយៈពេលជាង៦០ថ្ងៃ ឬស្មើនឹងខ្ទង់៣សប្តាហ៍យូរជាងធម្មតា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: