ព័ត៌មានអន្តរជាតិ July 20, 2025

ភ្លៀងធ្លាក់ខ្លាំងនៅកូរ៉េខាងត្បូង មនុស្សបាត់បង់ជីវិតកើនដល់យ៉ាងហោច ១១នាក់ ក្នុងសប្តាហ៍នេះ

Nisaiy KP

(សេអ៊ូល)៖ នាថ្ងៃអាទិត្យ ទី២០ ខែកក្កដា មនុស្សយ៉ាងហោចម្នាក់បានស្លាប់ និង៤នាក់បានបាត់ខ្លួន អំឡុងការធ្លាក់ភ្លៀងខ្លាំង នៅប្រទេសកូរ៉េខាងត្បូង ជាហេតុនាំឱ្យតួលេខអ្នកបាត់បង់ជីវិតសរុប កើនដល់១១នាក់ហើយ ដោយសារតែបាតុភូតភ្លៀងធ្លាក់ខ្លាំងច្រើនថ្ងៃជាប់គ្នា ដែលបានបន្តវាយប្រហារប្រទេសអាស៉ីបូព៌ាមួយនេះ នៅក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អាជ្ញាធរកូរ៉េខាងត្បូងបានឱ្យដឹងថា នៅថ្ងៃអាទិត្យនេះ ទឹកភ្លៀងកម្រិតជិតដល់១៧០មីលីម៉ែត្រ បានធ្លាក់លើស្រុក Gapyeong ក្នុង​ខេត្ត Gyeonggi ដែលមានចម្ងាយ៧០គីឡូម៉ែត្រ ពីភាគកើតរដ្ឋធានីសេអ៊ូល។ មនុស្សម្នាក់ដែលស្លាប់ គឺជាស្រ្តីវ័យ៧០ឆ្នាំប្លាយ ដែលផ្ទះរបស់គាត់ ត្រូវបានគ្រោះរអិលបាក់ដីវាយប្រហារ កាលពីម៉ោងជិត៥ទាបភ្លឺ។ មនុស្សយ៉ាងហោច ៤នាក់ផ្សេងទៀត ក៏ត្រូវអាជ្ញាធរជឿថា បានបាត់ខ្លួនផងដែរ។

គួរបញ្ជាក់ថា ឥឡូវតួលេខអ្នកស្លាប់សរុប អំឡុងភ្លៀងធ្លាក់ខ្លាំងរយៈពេល ៥ថ្ងៃជាប់គ្នាមកនេះនៅកូរ៉េខាងត្បូង បានកើនដល់យ៉ាងហោច១១នាក់ ហើយអ្នកបាត់ខ្លួនកើនដល់ជិត១០នាក់។ ភាគច្រើននៃអ្នកបាត់បង់ជីវិតទាំងនោះ គឺស្ថិតនៅស្រុក Sancheong ក្នុងខេត្ត South Gyeongsang ដែលបានទទួលរង​ទឹកភ្លៀងធ្លាក់កម្រិតជិត៨០០មីលីម៉ែត្រ ចាប់តាំងតែពីថ្ងៃពុធមក៕ ផ្ដល់សិទ្ធិដោយ៖ Freshnews