ព័ត៌មានអន្តរជាតិ August 2, 2025

ព្យុះនៅថៃ ផ្ដាច់ជីវិតមនុស្ស ៦នាក់

Liny Chan

(បាងកក)៖ ក្រុមមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងប្រទេសថៃ បានឱ្យដឹងនៅថ្ងៃសៅរ៍ ទី២ ខែសីហាថាគ្រោះទឹកជំនន់ និងរអិលបាក់ដីបង្កឡើងដោយព្យុះ Wipha ចាប់តាំងពីខែកក្កដា បានសម្លាប់មនុស្សយ៉ាងហោច ៦នាក់ និងបង្កផលប៉ះពាល់ដល់ប្រជាជនជាង ២៣០ ០០០នាក់ នៅទូទាំងប្រទេសក្នុងអាស៊ីអាគ្នេយ៍មួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ចាប់តាំងពីថ្ងៃទី២១ ខែកក្កដា ភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ជន់លិចខេត្តចំនួន ១២របស់ថៃ ភាគច្រើនជាខេត្តនៅភាគខាងជើង និងភាគកណ្ដាល។ «យើងកំពុង តាមដានយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់បង្កឡើងដោយព្យុះ Wipha និងកំពុងសម្របសម្រួលជាខេត្តដែលរងផលប៉ះពាល់ដើម្បីជួយដល់អ្នកដែលត្រូវការ ជំនួយជាចាំបាច់»។ នេះជាការបញ្ជាក់របស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ថៃ ក្នុងសេចក្ដីថ្លែងការណ៍មួយ។

គួរបញ្ជាក់ថា ថៃតែងតែជួបប្រទះរដូវភ្លៀងមូសុងប្រចាំឆ្នាំ នៅចន្លោះពីខែឧសភា ដល់ខែតុលា។ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថាការប្រែប្រួលអាកាសធាតុបង្កឡើង ដោយស្នាដៃរបស់មនុស្ស បានធ្វើឱ្យភ្លៀងធ្លាក់កាន់តែខ្លាំងដែលបង្កជាគ្រោះទឹកជំនន់មានសភាពកាន់តែធ្ងន់ធ្ងរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News