ព័ត៌មានអន្តរជាតិ August 9, 2025

លោក ត្រាំ ថានឹងជួបលោក ពូទីន នៅរដ្ឋ Alaska របស់សហរដ្ឋអាមេរិក នាថ្ងៃសុក្រសប្តាហ៍ក្រោយ

Liny Chan

(វ៉ាស៉ីនតោន)៖ នាថ្ងៃសុក្រ ទី៨ ខែសីហា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកនឹងជួបជាមួយ​ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃទី១៥ ខែសីហា ក្នុងរដ្ឋ Alaska របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក ត្រាំ បានប្រកាសអំពីដំណឹងខាងលើតាមរយៈបណ្តាញសង្គម Truth Social។ លោកប្រធានាធិបតីអាមេរិក បានប្រាប់ឱ្យដឹងយ៉ាងដូច្នេះថា «ជំនួបដែលគ្រប់គ្នាទន្ទឹងរង់ចាំរវាងខ្ញុំ ក្នុងនាមជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក និងប្រធានាធិបតី វ៉្លាឌីមៀ ពូទីន នៃប្រទេសរុស្ស៉ី នឹងប្រព្រឹត្តទៅនាថ្ងៃសុក្រសប្តាហ៍ក្រោយ គឺថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក្នុងរដ្ឋ Alaska»

គួរបញ្ជាក់ថា ចាប់តាំងពីវិលត្រឡប់មកកាន់អំណាចសាជាថ្មីនៅសេតវិមាន លោក ដូណាល់ ត្រាំ មិនទាន់បានជួបមុខលោក ពូទីន ដោយផ្ទាល់នៅឡើយទេ ខណៈជំនួបតទល់ដែលនឹងកើតមានឡើងនេះ គឺស្របពេលដែលលោក ត្រាំ កំពុងបន្តសង្ឃឹមថានឹងអាច​ជួយសម្របសម្រួលរកទីបញ្ចប់សម្រាប់សង្រ្គាមនៅអ៊ុយក្រែន ដែលបានអូសបន្លាយតាំងខែកុម្ភៈ ឆ្នាំ២០២២ នៅពេលរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News