ព័ត៌មានអន្តរជាតិ August 21, 2025

សហរដ្ឋអាមេរិក ប្រកាសដាក់ទណ្ឌកម្មថ្មីទៀតលើ ចៅក្រមនិងរដ្ឋអាជ្ញារបស់តុលាការ ICC

Liny Chan

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី២០ ខែសីហា រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មលើ​ចៅក្រម២រូបនិងរដ្ឋអាជ្ញា២រូប នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC សម្រាប់ការកំណត់គោលដៅលើមេដឹកនាំអ៉ីស្រាអែល និងលើ​មន្រ្តីអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្នុងសេចក្តីថ្លែងការណ៍ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio ថែមទាំងបានហៅតុលាការអន្តរជាតិនេះថា ជាការគំរាមកំហែងសន្តិសុខ ដែលត្រូវបានប្រើប្រាស់ សម្រាប់ធ្វើសង្រ្គាមផ្លូវច្បាប់ ប្រឆាំងសហរដ្ឋអាមេរិកនិងអ៉ីស្រាអែល។ បើតាម​ក្រសួងហិរញ្ញវត្ថុអាមេរិក ទីក្រុងវ៉ាស៉ីនតោន បានដាក់ទណ្ឌកម្មលើចៅក្រមបារាំង លោក Nicolas Yann Guillou, រដ្ឋអាជ្ញាហ្វីជី លោកស្រី Nazhat Shameem Khan, រដ្ឋអាជ្ញាសេណេហ្កាល់ លោក Mame Mandiaye Niang និងចៅក្រមកាណាដា លោកស្រី Kimberly Prost។ មន្រ្តី ICC ទាំង៤រូប សុទ្ធតែធ្លាប់ធ្វើការក្នុងសំណុំរឿង ដែលទាក់ទងជាមួយអាមេរិក និងអ៉ីស្រាអែល។

គួរបញ្ជាក់ថា វាគឺជាការដាក់ទណ្ឌកម្មលើកទី២ហើយរបស់អាមេរិក លើតុលាការ ICC។ កាលពីខែមិថុនាកន្លងទៅ រដ្ឋបាលលោក ដូណាល់ ត្រាំ បានចេញចំណាត់ការមិនធ្លាប់មានពីមុនមក ដោយដាក់ទណ្ឌកម្មលើចៅក្រម ICC ៤រូបផ្សេងទៀត។ ទណ្ឌកម្មថ្មីរបស់អាមេរិក បានបង្កឱ្យមានការរិះគន់ពីបារាំងនិងអង្គការសហប្រជាជាតិ។ ទីក្រុងប៉ារីស បានទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកទណ្ឌកម្មចេញវិញ ខណៈតុលាការ ICC ផ្ទាល់ បានចាត់ទុកទង្វើនេះថា ជាការវាយប្រហារច្បាស់ជាក់ស្តែង ប្រឆាំងនឹងភាពឯករាជ្យម្ចាស់ការរបស់​ស្ថាប័នយុត្តិធម៌អន្តរជាតិមួយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News