ផ្ទុះគ្រាប់បែកជាបន្តបន្ទាប់នៅភាគខាងត្បូងប្រទេសថៃ បណ្ដាលឱ្យមនុស្ស ២នាក់រងរបួស
(បាងកក)៖ ប៉ូលិសថៃបានឱ្យដឹងនៅថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥ថា ការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកបានកើតឡើងជាបន្តបន្ទាប់ នៅក្នុងខេត្ត Narathiwat ដោយបណ្ដាលឱ្យមនុស្ស ២នាក់រងរបួស និងបង្កការខូចខាតដល់យានយន្ដមួយចំនួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation។

ការិយាល័យទំនាក់ទំនងសាធារណៈក្នុងខេត្ត Narathiwat បានរាយការណ៍ពីការវាយប្រហារបំផ្ទុះគ្រាប់បែក និងសកម្មភាពបង្កការខូចខាតនៅឯទីតាំងចំនួន៦ នៅក្នុងស្រុកចំនួន៥ នៃខេត្តដែលស្ថិតនៅភាគខាងត្បូងប្រទេសថៃមួយនេះកាលពីថ្ងៃអាទិត្យ ទី៣១ ខែសីហា។ ករណីផ្ទុះគ្រាប់បែកដំបូងបានកើតឡើងនៅម៉ោង ៧៖៤០នាទីយប់ នៅពេលក្រុមឧទ្ទាមផ្ដាច់ខ្លួន បានដុតសំបកកង់រថយន្ដ និងបង្កៃវត្ថុសង្ស័យនៅក្បែរផ្លូវ Highway 4056 ស្ថិតនៅក្បែរផ្លូវដែកមួយខ្សែក្នុងស្រុក Ban Aibatu ស្រុក Su-ngai Padi។
១០នាទីក្រោយមក ការផ្ទុះគ្រាប់បែកលើកទី២ បានកើតឡើងនៅម៉ោង ៧៖៥០នាទីយប់នៅក្បែរកន្លែងកើតហេតុខាងលើ នៅពេលរថយន្តមួយគ្រឿងរបស់អាជ្ញាធរធ្វើដំណើរឆ្លងកាត់ ដោយបណ្ដាលឱ្យមនុស្ស២នាក់រងរបួស៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
