ថៃបន្តប្រឈមហានិភ័យទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅតំបន់ផ្សេងៗគ្នានៃផ្ទៃប្រទេស
(បាងកក)៖ មកទល់នឹងពេលនេះ ប្រទេសថៃកំពុងបន្តប្រឈមហានិភ័យ នៃការធ្លាក់ភ្លៀងខ្លាំងនៅពាសពេញតំបន់ភាគកណ្តាល តំបន់ភាគឦសាន ព្រមទាំងតំបន់ភាគខាងត្បូង ហើយអាចនឹងបង្កឱ្យមានការជន់លិច ជាហេតុនាំឱ្យអាជ្ញាធរជំរុញប្រជាជនឱ្យមានការប្រុងប្រយ័ត្ន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation នាថ្ងៃសៅរ៍ ទី៦ ខែកញ្ញា ឆ្នាំ២០២៥។

នាថ្ងៃសៅរ៍នេះ នាយកដ្ឋានឧតុនិយមថៃ បានរាយការណ៍ថា តំបន់ភាគខាងជើង ភាគឦសាន ភាគកណ្តាល និងភាគនិរតី នៃប្រទេសថៃ កំពុងស្ថិតក្រោមឥទ្ធិពលនៃខ្យល់មូសុង ដូច្នេះហើយភ្លៀងធ្លាក់ខ្លាំង ត្រូវបានព្យាករថា នឹងកើតមានលើតំបន់ទាំងនោះ រួមទាំងនៅរាជធានីបាងកក និងតំបន់ជុំវិញ។
គួរបញ្ជាក់ថា ប្រជាជនថៃ ត្រូវបានណែនាំឱ្យប្រុងប្រយ័ត្នខ្ពស់ ជាពិសេសចំពោះទឹកជំនន់ និងការកើនឡើងកម្ពស់ទឹក ដែលអាចកើតមានភ្លាមៗ នៅតាមបណ្តោយផ្លូវទឹក ជើងភ្នំ និងតំបន់ទំនាបនានា៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

