Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

Larry Ellison ដណ្ដើមបានតំណែងជាអ្នកមានបំផុតនៅលើពិភពលោក ពី Elon Musk

BY Liny Chan September 11, 2025
Larry Ellison ដណ្ដើមបានតំណែងជាអ្នកមានបំផុតនៅលើពិភពលោក ពី Elon Musk

(បរទេស)៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន Bloomberg បានឱ្យដឹងថាទ្រព្យសម្បត្តិរបស់លោក Larry Ellison សហស្ថាបនិកក្រុមហ៊ុន Oracle បានកើនឡើងបន្ថែមទៀតចំនួន ៨៩ ពាន់លាន​ដុល្លារ ដោយបានរុញច្រានទ្រព្យសម្បត្តិសរុបរបស់លោកកើនឡើងដល់ ៣៨៣,២ ពាន់លានដុល្លារ នៅថ្ងៃពុធម្សិលមិញនេះ បន្ទាប់ពី Oracle បានរបាយការណ៍ប្រាក់ចំណូលដ៏អស្ចារ្យកាលពីថ្ងៃអង្គារ។ ការកើនឡើងនេះបានធ្វើឲ្យលោក Ellison ក្លាយជាអ្នកមានបំផុតនៅលើពិភពលោក (គ្រង់តំណែងបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ) កាលពីថ្ងៃពុធ ដោយបានវ៉ាដាច់ទ្រព្យសម្បត្តិរបស់លោក Elon Musk ។

ក្រុមហ៊ុន Oracle បានរាយការណ៍ពីតម្រូវការកើនឡើងខ្លាំងសម្រាប់មជ្ឈមណ្ឌលផ្ទុកទិន្នន័យរបស់ខ្លួនពីអតិថិជនប្រើប្រាស់បច្ចេកវិទ្យា AI ដែលបានជំរុញឲ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនកើនឡើងយ៉ាង​គំហុក។ តម្លៃភាគហ៊ុនបានកើនឡើងរហូតដល់ ៤៣% មុនពេលបិទទីផ្សារ ដោយបានកើនឡើងប្រហែល ៣៦% កាលពីថ្ងៃពុធ ដែលជាការកើនឡើងប្រចាំថ្ងៃដ៏ធំបំផុតរបស់ភាគហ៊ុននេះចាប់តាំងពីឆ្នាំ ១៩៩២ មក។

លោក Ellison គឺជាម្ចាស់ភាគហ៊ុនបុគ្គលដ៏ធំបំផុតរបស់ក្រុមហ៊ុន Oracle ។ ទោះបីជាយ៉ាងណា នៅពេលបិទទីផ្សារកាលពីថ្ងៃពុធ ទ្រព្យសម្បត្តិរបស់លោក Musk មានចំនួន ៣៨៤,២ ពាន់លានដុល្លារ ដោយបានវ៉ាដាច់លោក Ellison វិញចំនួន ១ ពាន់លានដុល្លារ។

នាយកប្រតិបត្តិក្រុមហ៊ុន Oracle លោកស្រី Safra Catz បានប្រកាសកាលពីថ្ងៃអង្គារ បន្ទាប់ពីទីផ្សារភាគហ៊ុនបិទថា ក្រុមហ៊ុនបានចុះកិច្ចសន្យាចំនួន ៤ ដែលមានតម្លៃរាប់ពាន់លានដុល្លារជាមួយ​អតិថិជន​ក្នុងត្រីមាសនេះ ហើយលោកស្រីរំពឹងថានឹងចុះហត្ថលេខាបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានខែខាងមុខ។

ការព្យាករណ៍ដ៏អស្ចារ្យនេះបានកើតឡើងដោយសារតែក្រុមហ៊ុន Oracle បានក្លាយជាអ្នកផ្ដល់ហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់ក្រុមហ៊ុន AI ដែលមានតម្រូវការដ៏ធំសម្បើមលើថាមពលកុំព្យូទ័រ ដែលជាចំណុចខ្លាំងរបស់ Oracle ក្នុងនាមជាអ្នកផ្ដល់សេវាកម្ម Cloud និងកម្មវិធីទិន្នន័យ។ កាលពីខែកក្កដា ក្រុមហ៊ុន Oracle បានប្រកាសកិច្ចព្រមព្រៀងដើម្បីផ្ដល់អគ្គិសនីចំនួន ៤,៥ ជីហ្គាវ៉ាត់ ដល់ក្រុមហ៊ុនមេរបស់ ChatGPT គឺ OpenAI ដើម្បីដំណើរការកម្មវិធី AI របស់ខ្លួន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: