រដ្ឋមន្រ្តីសុខាភិបាលស៊ុយអែត ដួលសន្លប់ពេលកំពុងធ្វើសន្និសីទកាសែតថ្ងៃចូលកាន់តំណែងដំបូង
(ស្តុកខុល)៖ កាលពីថ្ងៃអង្គារ ទី១០ ខែកញ្ញា លោកស្រី Elisabet Lann ដែលជារដ្ឋមន្រ្តីសុខាភិបាល ទើបតែងតាំងថ្មីរបស់ប្រទេសស៊ុយអែត ស្រាប់តែបានដួលសន្លប់ នៅពេលកំពុងឈរធ្វើសន្និសីទកាសែត ក្នុងថ្ងៃចូលបំពេញការងារដំបូង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN។

ហេតុការណ៍ខាងលើ បានកើតឡើងអំឡុងពេល ដែលរដ្ឋមន្រ្តីវ័យ៤៨ឆ្នាំរូបនោះ ឈរនៅទន្ទឹមគ្នាជាមួយនាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson និងប្រធានគណបក្ស Christian Democrats លោកស្រី Ebba Busch ដើម្បីរង់ចាំឆ្លើយសំណួររបស់ក្រុមអ្នកសារព័ត៌មាន។ ស្រាប់តែសុខៗ លោកស្រី Lann ក៏បានទន់ជើងហើយដួលទៅខាងមុខសន្លប់បាត់ស្មារតី ខណៈគ្រប់គ្នាក៏បានស្ទុះទៅជួយមើលលោកស្រីភ្លាមៗ។
មួយសន្ទុះបន្ទាប់ពីត្រូវបានគេជួយនាំចេញពីកន្លែងសន្និសីទកាសែត លោកស្រី Lann ក៏បានត្រឡប់មកវិញ ហើយលោកស្រី ក៏បានបកស្រាយអំពីមូលហេតុ ដែលបណ្តាលឱ្យខ្លួន ដួលសន្លប់មួយភ្លែតបែបនោះ។ លោកស្រី បាននិយាយយ៉ាងដូច្នេះថា «នេះមិនមែនជាថ្ងៃអង្គារធម្មតាមួយនោះទេ ហើយនេះគឺជាអ្វីដែលអាចកើតឡើង នៅពេលដែលមានអ្នកមានកម្រិតជាតិស្ករក្នុងឈាម ធ្លាក់ចុះ»។
គួរបញ្ជាក់ថា លោកស្រី Lann ត្រូវបានតែងតាំងជារដ្ឋមន្រ្តីសុខាភិបាលថ្មីរបស់ស៊ុយអែត កាលពីថ្ងៃអង្គារ ក្រោយការលាលែងរបស់លោកស្រី Acko Ankarberg Johansson កាលពីថ្ងៃចន្ទ។ លោកស្រី Johansson បានកាន់តួនាទីរដ្ឋមន្រ្តីសុខាភិបាល អស់រយៈពេល៣ឆ្នាំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News


