Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ធនាគារពិភពលោក តែងតាំងលោក Carlos Felipe Jaramillo ជាអនុប្រធាន សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក

BY Liny Chan September 15, 2025
ធនាគារពិភពលោក តែងតាំងលោក Carlos Felipe Jaramillo ជាអនុប្រធាន សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក

(សិង្ហបុរី)៖ ក្រុមធនាគារពិភពលោក បានតែងតាំង លោក Carlos Felipe Jaramillo ជាអនុប្រធានសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក (EAP) ដែលមាន​អានុភាព​ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។

លោក Jaramillo បាននាំមកជាមួយ​នូវ​សមត្ថភាព​ដឹកនាំ ជាក់ស្តែង​អស់​ពេលជាងពីរទសវត្សរ៍ នៅ​តាម​តំបន់ និងកម្មវិធីអនុវត្ត​សកលជាច្រើន ដែលធ្វើ​ឱ្យលោកមានបទពិសោធន៍រឹងមាំក្នុង​ការ​ដឹកនាំរបៀបវារៈផ្តោតលើការអភិវឌ្ឍការងារ​ របស់​ធនាគារ​ពិភពលោក នៅ​ក្នុងតំបន់មួយពោរពេញដោយថាមវន្តដ៏អស្ចារ្យបំផុត របស់ពិភពលោក។

ក្នុងនាមជាអនុប្រធានសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Jaramillo នឹង​មើលការខុសត្រូវរួម​លើ​ភាព​ជា​ដៃគូជាមួយប្រទេសចំនួន ២៣ និងចាត់ចែង​ផតហ្វូលីយោ​ដែល​មាន​តម្លៃទឹកប្រាក់​សរុប​ជាង ៣២ ពាន់លានដុល្លារអាម៉េរិក។ ពីការិយាល័យនៅប្រទេស​សិង្ហបុរី ដែលជាមជ្ឈមណ្ឌលតំបន់ថ្មីសម្រាប់តំបន់នេះ ស្របទៅហ្នឹងកម្មវិធីវិមជ្ឈការ របស់ធនាគារពិភពលោកដែលនៅជិតនឹងអតិថិជន និងការបង្កើនការផ្តល់សេវាឱ្យបានប្រសើរ។

លោក Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា «អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក នៅតែជាក្បាល​ម៉ាស៊ីនមួយ​សម្រាប់​ជំរុញ​កំណើន​ បច្ចេកវិទ្យា និងនវានុវត្តន៍របស់ពិភពលោក ដែលផ្តល់ការយល់ដឹងស៊ីជម្រៅ អំពីការអភិវឌ្ឍដល់ប្រទេសដទៃទៀត។ ខ្ញុំប្តេជ្ញាថា​នឹង​ប្រឹង​ធ្វើការជាមួយដៃគូរបស់យើង រួមទាំង ក្នុងវិស័យថាមពល ការអភិវឌ្ឍធនធានមនុស្ស និងឌីជីថល ដើម្បីបង្កើនឥទ្ធិពលក្នុង​ការបង្កើត​ការងារឱ្យ​កាន់តែច្រើន និងធ្វើ​ឱ្យ​សហគមន៍កាន់តែ​រីកចម្រើនសម្រាប់មនុស្សគ្រប់គ្នា»។

មុននឹងទទួល​ការ​តែងតាំងថ្មី​​នេះ លោក Jaramillo ធ្លាប់​បម្រើការជាអនុប្រធានសម្រាប់តំបន់អាម៉េរិកឡាទីន និងការ៉ាអ៊ីប ចាប់តាំងពីឆ្នាំ២០២០មក ដែលមើលការខុសត្រូវសម្រាប់​ប្រទេសចំនួន៣១ ដែលមាន​ផតហ្វូលីយោ​ដែល​មាន​តម្លៃទឹកប្រាក់​សរុប​ជាង ៤១.៥ពាន់លានដុល្លារអាម៉េរិក។

មុននេះទៅទៀត​ ក្នុង​នាម​ជានាយកផ្នែកសម្រាប់ប្រទេសអេរីត្រេ កេនយ៉ា រវ៉ាន់ដា សូម៉ាលី និងអ៊ូហ្គង់ដា លោកបានគ្រប់គ្រងគម្រោងជាង ៨០ ដែលមានតម្លៃជាង ១២ ពាន់លានដុល្លារអាម៉េរិក និងដឹកនាំការអនុវត្តសកលផ្នែកសេដ្ឋកិច្ចម៉ាក្រូ ពាណិជ្ជកម្ម និងការវិនិយោគ និងជានាយកផ្នែកអនុវត្តការងារលើការវិនិយោគ ផង​ដែរ​។

មុនពេលចូលបម្រើការងារនៅធនាគារ លោក Jaramillo បានកាន់តំណែងជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាលនៃ​ប្រទេស​កូឡុំប៊ី។ លោកមានសញ្ញាបត្រ​ថ្នាក់បណ្ឌិត និងអនុបណ្ឌិតផ្នែកសេដ្ឋកិច្ចអភិវឌ្ឍន៍ពីសាកលវិទ្យាល័យ Stanford University៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: