ព័ត៌មានអន្តរជាតិ September 18, 2025

នាយករដ្ឋមន្រ្តីថៃ អនុទីន៖ នៅពេលរដ្ឋាភិបាលរបស់លោកចាប់ផ្តើមបំពេញការងារជាផ្លូវការ លោកនឹងស្តាប់អ្នកនៅព្រំដែន ហើយ​បញ្ហាគួរតែគោរពគ្នាទៅវិញទៅមក 

Liny Chan

(បាងកក)៖ នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា នាយករដ្ឋមន្រ្តីថៃ លោក Anutin Charnvirakul បានលើកឡើងពាក់ព័ន្ធអំពី​ការប៉ះទង្គិចគ្នារវាងទាហានថៃ និងប្រជាជនកម្ពុជា នៅភូមិ Nong Ya Kaeo ក្នុងខេត្ត Sa Kaeo។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod។

នាឱកាសនោះ លោក Anutin បាននិយាយថា បញ្ហានេះគួរតែដោះស្រាយនិងពន្យល់បកស្រាយដោយយោធា ហើយពួកយើង​គួរតែគោរពគ្នាទៅវិញទៅមក។ លោកនាយករដ្ឋមន្រ្តីថៃ បានបន្តថា តំបន់នោះឥឡូវស្ថិតក្រោមច្បាប់អាជ្ញាសឹក ដូច្នេះអំណាចនៃការសម្រេច​ចិត្តគឺស្ថិតនៅលើយោធា។

លោក Anutin មិនទាន់ចាប់ផ្តើមដឹកនាំប្រទេសថៃជាផ្លូវការនៅឡើយទេ ប៉ុន្តែបានសន្យាចំពោះអាជ្ញាធរដែលទទួលបន្ទុកផ្នែកសន្តិសុខថា នៅពេលរដ្ឋាភិបាលរបស់លោក ចាប់ផ្តើមចូលបំពេញការងារជាផ្លូវការ រូបលោកនឹងស្តាប់តាមអ្នកនៅព្រំដែន និងអ្នកទទួលបន្ទុកផ្ទាល់លើ​បញ្ហាព្រំដែន ដូចជារឿងបើកព្រំដែនជាដើម។ លោកបានបន្ថែមថា មិនគួរមានសន្និដ្ឋានណាមួយឡើយ ព្រោះឥឡូវច្រកព្រំដែន មិនទាន់បើកវិញនៅឡើយទេ។

ដោយឡែក ពាក់ព័ន្ធលិខិតរបស់នាយករដ្ឋមន្រ្តីកម្ពុជា ផ្ញើទៅកាន់ប្រធានអាស៊ាន និងបណ្តាមេដឹកនាំពិភពលោក លោក Anutin បាននិយាយថា មេដឹកនាំរបស់ប្រទេសនានា ចាំបាច់ត្រូវតែការពារផលប្រយោជន៍របស់ប្រទេសជាតិពួកគេផ្ទាល់ ដូចទៅនឹងមេដឹកនាំ​របស់ប្រទេសថៃ ដែលចាំបាច់ត្រូវការពារផលប្រយោជន៍ជាតិខ្លួនធំជាងប្រទេសដទៃៗ ឬហេតុផលណាផ្សេងក៏ដោយ។ លោក Anutin បានអះអាងថា ផលប្រយោជន៍របស់ថៃ គឺសន្តិភាព ស្ថិរភាព អធិបតេយ្យរបស់ប្រទេស ហើយនិងសុវត្ថិភាពរបស់ប្រជាជន។ លោកបានសង្កត់ធ្ងន់ជាចុងក្រោយថា យើងប្រកាន់ខ្ជាប់យ៉ាងរឹងមាំនូវគោលការណ៍នេះ ហើយនឹងមិនផ្លាស់ប្តូរដាច់ខាត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News