Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

Washington Post: ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បដិសេធកញ្ចប់ជំនួយយោធាទំហំ៤០០លានដុល្លារ សម្រាប់តៃវ៉ាន់ 

BY Liny Chan September 19, 2025
Washington Post: ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បដិសេធកញ្ចប់ជំនួយយោធាទំហំ៤០០លានដុល្លារ សម្រាប់តៃវ៉ាន់ 

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា កាសែត Washington Post បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធផ្តល់ការយល់ព្រម ចំពោះកញ្ចប់ជំនួយយោធាទំហំ៤០០លានដុល្លារ សម្រាប់តៃវ៉ាន់ អំឡុងពេលប៉ុន្មានខែ​ចុងក្រោយនេះ ខណៈដែលទីក្រុងវ៉ាស៉ីនតោន កំពុងព្យាយាមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងស្វែងរកកិច្ចប្រជុំកំពូលជាមួយទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

យ៉ាងណាមិញ មន្រ្តីសេតវិមានមួយរូបបានប្រាប់ Washington Post ថា ការសម្រេចចិត្តជុំវិញកញ្ចប់ជំនួយខាងលើ គឺមិនទាន់ផ្លូវការចុងក្រោយនៅឡើយទេ។ នាថ្ងៃសុក្រ ទី១៩ ខែកញ្ញា លោក ត្រាំ និងសមភាគីចិន លោក ស៉ី ជីនពីង ត្រូវបានរំពឹងថា នឹងជួបសន្ទនាគ្នាតាមទូរសព្ទ ដែលជាលើកទី២ គិតចាប់តាំងពីលោក ត្រាំ ត្រឡប់មកាន់អំំណាចនៅសេតវិមានសាជាថ្មី។ ជំនួបទូរសព្ទនេះ គឺចំពេលភាគីទាំងពីរ កំពុងចរចាគ្នារឿងពន្ធគយ និងកិច្ចព្រមព្រៀងស្តីពីកម្មវិធី TikTok។

គួរបញ្ជាក់ថា ទោះមិនមានទំនាក់ទំនងផ្លូវការក៏ដោយ ទីក្រុងវ៉ាស៉ីនតោន គឺជាខ្នងបង្អែកអន្តរជាតិដ៏សំខាន់ និងជាអ្នកផ្គត់ផ្គង់យោធា​ធំបំផុតរបស់តៃវ៉ាន់។ កាលពីអាណត្តិអតីតប្រធានាធិបតី លោក ចូ បៃដិន សហរដ្ឋអាមេរិក បានអនុម័យកញ្ចប់ជំនួយយោធាទំហំសរុបជាង ២ពាន់លានដុល្លារ សម្រាប់តៃវ៉ាន់។ កាសែត Washington Post បានកត់សម្គាល់ថា ផ្ទុយពីរដ្ឋបាលលោក បៃដិន លោក ត្រាំ គឺមិនគាំទ្រការផ្តល់សព្វាវុធដោយគ្មានការបង់ប្រាក់ឡើយ ដែលជាជំហរមួយដូចត្រូវបានបង្ហាញជាមួយអ៊ុយក្រែន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: