Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបញ្ជាប្រកាសពីការលក់ TikTok រួចរាល់ ដោយវាយតម្លៃក្រុមហ៊ុនថ្មីនៅអាមេរិកក្នុងតម្លៃ ១៤ ពាន់លានដុល្លារ

BY Liny Chan September 26, 2025
លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបញ្ជាប្រកាសពីការលក់ TikTok រួចរាល់ ដោយវាយតម្លៃក្រុមហ៊ុនថ្មីនៅអាមេរិកក្នុងតម្លៃ ១៤ ពាន់លានដុល្លារ

(បរទេស)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយប្រកាសថា ផែនការលក់ប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិកទៅឱ្យក្រុមអ្នកវិនិយោគអាមេរិក និងអន្តរជាតិ គឺបានបំពេញតាមតម្រូវការសន្តិសុខជាតិដែលមានចែងនៅក្នុងច្បាប់ឆ្នាំ ២០២៤។

អនុប្រធានាធិបតី លោក JD Vance បានថ្លែងថា ក្រុមហ៊ុនថ្មីរបស់សហរដ្ឋអាមេរិកនេះ នឹងត្រូវបានវាយតម្លៃក្នុងតម្លៃប្រហែល ១៤ ពាន់លានដុល្លារ ដោយដាក់តម្លៃជាលើកដំបូងលើកម្មវិធីវីដេអូខ្លីដ៏ពេញនិយមនេះ ដែលតួលេខនេះគឺទាបជាងការប៉ាន់ស្មានរបស់ក្រុមអ្នកវិភាគមួយចំនួន។ ក្រុមហ៊ុនមេរបស់ TikTok របស់ចិនគឺ ByteDance ត្រូវបានគេប៉ាន់ស្មានថា មានតម្លៃរហូតដល់ប្រហែល ៣៣០ ពាន់លានដុល្លារ។

លោក ត្រាំ បានពន្យារពេលការអនុវត្តច្បាប់ដែលហាមឃាត់កម្មវិធី TikTok រហូតដល់ថ្ងៃទី ២០ ខែមករា ដើម្បីផ្ដល់ពេលវេលាឱ្យក្រុមហ៊ុនទាញយកទ្រព្យសកម្មរបស់ TikTok នៅអាមេរិកចេញពីវេទិកាសកល ស្វែងរកអ្នកវិនិយោគអាមេរិក និងទទួលបានការយល់ព្រមពីរដ្ឋាភិបាលចិន។

លោក Vance បានសង្កត់ធ្ងន់ថា គោលបំណងគ្រឹះនៃកិច្ចព្រមព្រៀងនេះ គឺដើម្បីរក្សាប្រតិបត្តិការរបស់ TikTok ខណៈពេលដែលធានាថា ឯកជនភាពទិន្នន័យ របស់ប្រជាជនអាមេរិកត្រូវបានការពារដូចដែលច្បាប់តម្រូវ។

បញ្ជាប្រតិបត្តិរបស់លោក ត្រាំ ចែងថា កម្មវិធី Algorithm (ប្រព័ន្ធណែនាំវីដេអូ) នឹងត្រូវហ្វឹកហាត់ឡើងវិញ (retrained) និងត្រូវបានត្រួតពិនិត្យដោយដៃគូសន្តិសុខរបស់ក្រុមហ៊ុនអាមេរិកថ្មី ហើយប្រតិបត្តិការរបស់ Algorithm នឹងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាថ្មីនេះ។

លោក ត្រាំ បានថ្លែងថា លោកបាននិយាយជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ហើយលោក ស៊ី បានប្រាប់លោកថា «បន្តធ្វើទៅ»។

ក្រុមហ៊ុនថ្មីនឹងត្រូវបានគ្រប់គ្រងដោយអាមេរិក (American-operated) ទាំងស្រុង។ ក្រុមអ្នកវិនិយោគដែលមានក្រុមហ៊ុន Oracle និងក្រុមហ៊ុនវិនិយោគឯកជន Silver Lake នឹងកាន់កាប់ភាគហ៊ុនប្រហែល ៥០% នៅក្នុង TikTok US ខណៈដែលក្រុមហ៊ុន ByteDance នឹងកាន់កាប់ភាគហ៊ុនតិចជាង ២០% ដើម្បីអនុលោមតាមតម្រូវការច្បាប់។

លោក ត្រាំ បានប្រាប់ថា លោក Michael Dell (ស្ថាបនិកក្រុមហ៊ុន Dell Technologies) លោក Rupert Murdoch (ម្ចាស់ Fox News) និង «អ្នកវិនិយោគលំដាប់ពិភពលោក ៤ ឬ ៥ នាក់ផ្សេងទៀត» នឹងចូលរួមក្នុងកិច្ចព្រមព្រៀងនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: