ព័ត៌មានអន្តរជាតិ September 27, 2025

ខ្មាន់កាំភ្លើងបាញ់រះលើទាហានថៃ នៅប៉ុស្តិ៍ត្រួតពិនិត្យ ក្នុងខេត្ត Narathiwat ភាគខាងត្បូងប្រទេស

Naren

(បាងកក)៖ នាថ្ងៃសៅរ៍ ទី២៧ ខែកញ្ញានេះ ខ្មាន់កាំភ្លើងម្នាក់បានជិះម៉ូតូ ហើយធ្វើសកម្មភាពបាញ់រះមកលើក្រុមទាហានថៃ នៅមុខបន្ទាយយោធាមួយកន្លែង ក្នុងខេត្ត Narathiwat។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Khaosod។

ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោងជិត៧ព្រឹក នៅស្រុក Rueso ខេត្ត Narathiwat អំឡុងការដាក់ពង្រាយ​ទាហានឈរជើងសម្រាប់ប៉ុស្តិ៍ត្រួតពិនិត្យមួយ នៅខាងមុខបន្ទាយយោធានោះ។ ខ្មាន់ភ្លើងដែលស្ថិតក្នុងសម្លៀកបំពាក់ស៉ីវិល និងជិះលើម៉ូតូ ក៏ស្រាប់តែបានប្រើកាំភ្លើងបាញ់ប្រហារមកលើក្រុមទាហានថៃ ដែលកំពុងបំពេញភារកិច្ច។

ភ្លាមៗ ក្រុមទាហានថៃ បានធ្វើការបាញ់ឆ្លើយតបវិញ រួចហើយខ្មាន់កាំភ្លើង ក៏បានបោះបង់ម៉ូតូចោល និងរត់ចូលវាលស្រែ។ ក្រោយមក ជនដៃដល់បានទម្លាក់អាវុធចុះ និងប្រគល់ខ្លួនឱ្យអាជ្ញាធរ។ ជននោះត្រូវបានកំណត់អត្តសញ្ញាណថា មានឈ្មោះ Arafad អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងស្រុក Rueso ហើយកាំភ្លើងវែងមួយដើម ត្រូវបានរឹបអូស។ ខ្មាន់កាំភ្លើង ក៏បានរងរបួសផងដែរ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ យ៉ាងណា មិនមានការបញ្ជាក់ថា មានទាហានថៃ រងរបួសឬបាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារនោះ ដែរឬអត់ឡើយ។

គួរបញ្ជាក់ថា តំបន់ភាគខាងត្បូងប្រទេសថៃ ជាពិសេសខេត្ត Narathiwat គឺពោរពេញដោយអសន្តិសុខ ដ្បិតវាគឺជាកន្លែងដែល​ក្រុមឧទ្ទាមផ្តាច់ខ្លួន តែងធ្វើសកម្មភាពវាយប្រហារជាញឹកញាប់លើអាជ្ញាធរនិងទាហានថៃ។ អំពើហិង្សារយៈពេលប្រមាណ២ទសវត្សរ៍នៅតំបន់នោះ បានផ្តាច់ជីវិតមនុស្សសរុបរាប់ពាន់នាក់៕ ផ្ដល់សិទ្ធិដោ៖ Fresh News