Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក ត្រាំ «ការបិទទ្វាររដ្ឋាភិបាលជារឿងល្អ» ខណៈការបណ្តេញបុគ្គលិករដ្ឋទ្រង់ទ្រាយធំ អាចនឹងចាប់ផ្តើមក្នុងរយៈពេល២ថ្ងៃទៀត

BY Liny Chan October 4, 2025
លោក ត្រាំ «ការបិទទ្វាររដ្ឋាភិបាលជារឿងល្អ» ខណៈការបណ្តេញបុគ្គលិករដ្ឋទ្រង់ទ្រាយធំ អាចនឹងចាប់ផ្តើមក្នុងរយៈពេល២ថ្ងៃទៀត

(វ៉ាស៊ីនតោន)៖ នាយកការិយាល័យថវិកាសេតវិមាន លោក Russell Vought បាននិយាយកាលពីថ្ងៃពុធ ថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងចាប់ផ្តើមការបណ្តេញបុគ្គលិករដ្ឋទ្រង់ទ្រាយធំ ក្នុងរយៈពេល «មួយទៅពីរ» ថ្ងៃខាងមុខទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។

ការប្រកាសនេះធ្វើឡើងនៅថ្ងៃដំបូងនៃការបិទទ្វាររដ្ឋាភិបាលសហព័ន្ធ ដែលជាលើកដំបូងក្នុងរយៈពេលជិត៧ឆ្នាំ បន្ទាប់ពីព្រឹទ្ធសភាបានបរាជ័យក្នុងការអនុម័តច្បាប់ចំណាយរយៈពេលខ្លី។ លោក ត្រាំ បាននិយាយកាលពីថ្ងៃអង្គារ ថា៖ «រឿងល្អជាច្រើនអាចកើតចេញពីការបិទទ្វាររដ្ឋាភិបាល…យើងអាចកម្ចាត់ចោលនូវរឿងជាច្រើនដែលយើងមិនចង់បាន»។

អនុប្រធានាធិបតីអាមេរិក លោក ជេឌី វាន់ស បានបញ្ជាក់ថា ការបណ្តេញចេញនឹងកើតមាននៅពេលឆាប់ៗ ប្រសិនបើរដ្ឋាភិបាលមិនបើកដំណើរការឡើងវិញ។ លោកបានថ្លែងថា៖ «យើងនឹងត្រូវបញ្ឈប់មនុស្សមួយចំនួនពីការងារ ប្រសិនបើការបិទទ្វារនៅតែបន្ត»។

គួរបញ្ជាក់ថា យោងតាមការិយាល័យថវិកាសភា (CBO) បុគ្គលិករដ្ឋប្រហែល៧៥០,០០០នាក់អាចនឹងត្រូវបង្ខំឱ្យផ្អាកការងារជារៀងរាល់ថ្ងៃ ដែលត្រូវចំណាយថវិកា៤០០លានដុល្លារជារៀងរាល់ថ្ងៃទៅលើប្រាក់បំណាច់។ ទោះជាយ៉ាងណា អ្នកជំនាញបានលើកឡើងថា ការបណ្តេញបុគ្គលិកនេះ នឹងមិនអាចជួយសន្សំសំចៃថវិកាជាតិបានច្រើននោះទេ។ លោក Dean Baker សហស្ថាបនិកនៃមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងគោលនយោបាយ បានពន្យល់ថា ទោះបីជាត្រូវបញ្ឈប់បុគ្គលិក២០,០០០នាក់ពីការងារក៏ដោយ ក៏វានឹងជួយសន្សំសំចៃថវិកាបានតិចជាង០.០៣% នៃថវិកាសហព័ន្ធសរុបប៉ុណ្ណោះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: