Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន ប្រាប់ឱ្យកងទ័ពជើងទឹកកូរ៉េខាងជើង ប្រុងជើងការជានិច្ចទប់ទល់នឹងការបង្ករឿងណាមួយពីសត្រូវ

BY Naren October 6, 2025
លោក គីម ជុងអ៊ុន ប្រាប់ឱ្យកងទ័ពជើងទឹកកូរ៉េខាងជើង ប្រុងជើងការជានិច្ចទប់ទល់នឹងការបង្ករឿងណាមួយពីសត្រូវ

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចចុះត្រួតពិនិត្យនាវាពិឃាដ Choe Hyon នៅឯពិព័រណ៍យោធាមួយកាលពីថ្ងៃអាទិត្យ ទី៥ ខែតុលា ជាមួយការក្រើនរំឮកឱ្យ កងទ័ពជើងទឹកកូរ៉េខាងជើងប្រុងជើងការជាប់ជានិច្ចដើម្បីកំញើញ ឬទប់ស្កាត់ និងវាយបកលើការបង្ករឿងពីសត្រូវ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទ ទី៦ ខែតុលា បានរាយការណ៍ថាពិព័រណ៍អភិវឌ្ឍវិស័យការពារជាតិប្រចាំឆ្នាំត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ការអភិវឌ្ឍគួរឱ្យកត់សម្គាល់ នៃការធ្វើទំនើបកម្មយោធារបស់កូរ៉េខាងជើង។ ក្រុមអ្នកវិភាគបាននិយាយថាគេមិនទាន់ដឹងច្បាស់ថាតើពេលណា ទើបនាវាពិឃាដ Choe Hyon ត្រូវបានដាក់ឱ្យធ្វើប្រតិបត្តិការជាផ្លូវការនោះទេ។ តែ SI Analytics ជាក្រុមហ៊ុនមួយមានមូលដ្ឋានក្នុងប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងដោយផ្អែកលើរូបភាពផ្កាយរណបកាលពីខែកញ្ញាថាកូរ៉េខាងជើងបានបញ្ចប់ការដំឡើងគ្រឿងម៉ាស៊ីនលើនាវា SI Choe Hyon និងបានព្យាករថានាវាពិឃាដនេះអាចនឹងធ្វើតេស្ដសាកល្បងនៅឯសមុទ្រក្នុងពេលឆាប់ៗ ឬអាចក្នុងខែតុលានេះ។

គួរបញ្ជាក់ថា កាលពីខែឧសភាកន្លងទៅ នាវាពិឃាដ Choe Hyon បានក្រឡាប់លិចមួយផ្នែកអំឡុងពិធីសម្ពោធមួយក្រោមការចូលរួមដោយផ្ទាល់ពីលោក គីម ជុងអ៊ុន ដែលបានចាត់ទុកកំហុសនេះ ជាបទល្មើសព្រហ្មទណ្ឌ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: