ខ្យល់ព្យុះឆក់យកជីវិតមនុស្សម្នាក់ និង ៤នាក់រងរបួសធ្ងន់ នៅក្បែរទីក្រុងប៉ារីស ប្រទេសបារាំង
(ប៉ារីស)៖ ខ្យល់ព្យុះដ៏ខ្លាំងមួយបានវាយប្រហារលើតំបន់ភាគខាងជើងនៃរដ្ឋធានីប៉ារីស ប្រទេសបារាំង កាលពីថ្ងៃចន្ទ ទី២០ ខែតុលា ដោយបណ្ដាលឱ្យដងស្ទូច៣គ្រឿងរលំដែលសម្លាប់ មនុស្សម្នាក់ និង៤ផ្សេងទៀតរងរបួសធ្ងន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមអាជ្ញាធរបារាំង ទីក្រុង Ermont ដែលស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រពីភាគឦសាននៃរដ្ឋធានីប៉ារីស បានរងការវាយប្រហារពីខ្យល់ព្យុះខ្លាំងជាងគេ ដោយក្នុងនោះមានស្រុកចំនួន១០ រងផលប៉ះពាល់។ មន្ត្រីបារាំងម្នាក់បានប្រាប់ AFP ថាកម្មករសំណង់អាយុ២៣ឆ្នាំម្នាក់បានស្លាប់ នៅឯការដ្ឋានសាងសង់អគារមួយ និងមនុស្ស១០នាក់ទៀតបានរងរបួស ក្នុងនោះមាន ៤នាក់រងរបួសធ្ងន់ ក្រោយខ្យល់ព្យុះបក់បោកធ្វើឱ្យដងស្ទូចសង្កត់អគារកំពុងសាងសង់។
វីដេអូបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមបានបង្ហាញដងស្ទូច ៣គ្រឿងបានរលំ ក្នុងនោះមានដងស្ទូចមួយគ្រឿងបានរលំលើគី្លនីកមួយ និងអគារលំនៅឋានមួយផងដែរ តែមិនបានធ្វើឱ្យ នរណាម្នាក់រងរបួសនោះទេ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

