ព័ត៌មានអន្តរជាតិ October 21, 2025

BREAKING: រដ្ឋសភាជប៉ុន ជ្រើសតាំងលោកស្រី Sanae Takaichi ជានាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុន

Liny Chan

(តូក្យូ)៖ រដ្ឋសភាជប៉ុននៅថ្ងៃអង្គារ ទី២១ ខែតុលា បានបោះឆ្នោតជ្រើសតាំងលោកស្រី Sanae Takaichi ជានាយករដ្ឋមន្ត្រីថ្មីដែលធ្វើឱ្យលោកស្រីក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រ របស់ជប៉ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោកស្រី Sanae Takaichi មានអាយុ ៦៤ឆ្នាំ និងជាអតីតរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចជប៉ុន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានគណបក្ស LDP ក្នុងការបោះឆ្នោតផ្ទៃក្នុងបក្ស កាលពីថ្ងៃទី៤ ខែតុលា ដោយ លោកស្រីបានយកឈ្នះលើគូប្រជែងរបស់លោកស្រី គឺលោក Shinjiro Koizumi។ លោកស្រី Takaichi នឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជំនួសលោក Shigeru Ishiba ដែលបានប្រកាស លាលែងចេញពីតំណែងកាលពីពេលថ្មីៗនេះ។

បើតាមលទ្ធផលបោះឆ្នោតនៅឯរដ្ឋសភា លោក Takaichi ទទួលបានសំឡេងគាំទ្រ ២៣៧ លើសសំឡេងភាគច្រើនដែលលោកស្រីត្រូវការជាចាំបាច់ ក្នុងចំណោមអាសនៈរដ្ឋសភាសរុប ៤៦៥។ លោកស្រីត្រូវបាន គេរំពឹងថានឹងទទួលបានការបោះឆ្នោតគាំទ្រដោយព្រឹទ្ធសភា ព្រមទាំងនឹងត្រូវស្បថឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី១០៤ របស់ជប៉ុន នៅល្ងាចថ្ងៃអង្គារនេះ ដើម្បីឡើងកាន់តំណែងជំនួសលោក Shigeru Ishiba៕ ផ្ដល់សិទ្ធិដោយ៖ Fresh News