នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi នឹងមិនមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅម៉ាឡេស៊ីឡើយ
(Bloomberg)៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នឹងមិនធ្វើដំណើរទៅកាន់ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានឡើយ ដែលនេះមានន័យថា ជាការខកខានជំនួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា។

លោក Modi បានហៅទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដើម្បីប្រាប់រូបលោកថាលោកនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានតាមប្រព័ន្ធវីដេអូ។ នេះជាការបញ្ជាក់របស់ លោក Anwar នៅក្នុងការបង្ហោះមួយលើ Facebook នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា។ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានគូសបញ្ជាក់ដូច្នេះថា «លោក (លោក Modi) បានប្រាប់ថាលោក នឹងចូលរួមប្រជុំតាមប្រព័ន្ធវីដេអូ ដោយសារតែពិធីបុណ្យ Deepavali ដែលកំពុងប្រព្រឹត្តទៅនៅក្នុងប្រទេសឥណ្ឌា។ ខ្ញុំគោរពតាមការសម្រេចចិត្ត ហើយសូមផ្ញើសារអបអរសាទរដល់ពិធីបុណ្យ Deepavali ទៅកាន់រូបលោក និងប្រជាជនឥណ្ឌាទាំងអស់»។
គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាក៏បានរាយការណ៍ដែរថាលោក Modi ទំនងជានឹងមិនធ្វើដំណើរទៅកាន់ទីក្រុងគូឡាឡាំពួនោះទេ ដោយសារតែមានបញ្ហាកាលវិភាគជាប់រវល់ ហើយថា រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subramanyam Jaishankar អាចនឹងចូលរួមប្រជុំជំនួស៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

