Tesla ប្រកាសប្រមូលរថយន្ត Cybertruck ជាង ៦ម៉ឺនគ្រឿងត្រឡប់ទៅវិញ ដោយសារភ្លើងមុខភ្លឺខ្លាំងពេក
(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្ស Tesla កំពុងប្រឈមមុខនឹងការប្រមូលរថយន្តប្រភេទ Cybertruck ចំនួន ៦៣,៦១៩ គ្រឿងមកវិញ បន្ទាប់ពីនិយ័តករយានយន្តអាមេរិកបានរកឃើញបញ្ហាកម្មវិធី (software) ដែលបណ្តាលឲ្យ ភ្លើងចតខាងមុខ (front parking lights) របស់រថយន្តមានពន្លឺភ្លឺខ្លាំងលើសកម្រិតកំណត់។ ពន្លឺដ៏ខ្លាំងនេះអាចបង្កគ្រោះថ្នាក់ ដោយសារវាអាចចាំងភ្នែកអ្នកបើកបរដែលមកពីទិសដៅផ្ទុយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។

រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវ៉េជាតិ (NHTSA) បានប្រកាសថា ក្រុមហ៊ុន Tesla បានចាត់វិធានការកែតម្រូវភ្លាមៗ ដោយបានចេញផ្សាយបច្ចុប្បន្នភាពកម្មវិធីតាមប្រព័ន្ធអនឡាញ (over-the-air software update) ដើម្បីដោះស្រាយបញ្ហានេះ ដោយមិនគិតថ្លៃ ពីម្ចាស់រថយន្តឡើយ។
គួរជម្រាបថា ការប្រមូលរថយន្តមកវិញនេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពី Tesla ទើបតែបានប្រមូលរថយន្ត Model 3 និង Model Y ចំនួនជិត ១៣,០០០ គ្រឿងមកវិញ នៅថ្ងៃពុធ ដោយសារមានបញ្ហាឆ្គាំឆ្គងនៅក្នុងសមាសធាតុប្រព័ន្ធអាគុយ។ នេះជាបញ្ហាប្រឈមជាបន្តបន្ទាប់សម្រាប់ក្រុមហ៊ុនរថយន្តរបស់លោក Elon Musk៕ ផ្ដល់សិទ្ធិដោយ៖ Fresh News









