ព័ត៌មានអន្តរជាតិ October 30, 2025

អង់គ្លេស និងវៀតណាម សម្រេចបានកិច្ចព្រមព្រៀងរឹតបន្តឹងការធ្វើអន្តោប្រវេសន៍ខុសច្បាប់

Naren

(ឡុងដ៏)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ចក្រភពអង់គ្លេស បានអះអាងពីការសម្រេចព្រមព្រៀងជាមួយវៀតណាម លើការរឹតបន្តឹងការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ដោយពិពណ៌នាថា វាជាកិច្ចព្រមព្រៀងធំមួយដែលទីក្រុងហាណូយ មិនធ្លាប់ធ្វើជាមួយប្រទេសផ្សេង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសាព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ ២០២៥។

នាយករដ្ឋមន្ត្រីអងគ្លេស លោក Keir Starmer ដែលស្ថិតក្រោមសម្ពាធ ឱ្យកាត់បន្ថយចំនួនជនអន្តោប្រវេសន៍គ្មានឯកសារត្រឹមត្រូវ បានចុះកិច្ចព្រមព្រៀងជាមួយប្រធានាធិបតីវៀតណាម លោក To Lam នៅក្នុងទីក្រុងឡុងដ៍។ លោក Starmer បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «ចំនួនអ្នកមកដល់ដោយខុសច្បាប់ពីវៀតណាម ត្រូវបានកាត់បន្ថយហើយ ហើយកិច្ចព្រមព្រៀងថ្ងៃនេះ សបញ្ជាក់ពីកិច្ចសហប្រតិបត្តិការអន្តរជាតិ មិនមែនគ្រាន់តែជាការចង់បានតែម្ខាងនោះទេ»

ជនជាតិវៀតណាម មានចំនួនច្រើនជាងគេក្នុងចំណោមជនអន្តោប្រវេសន៍បរទេស ដែលទៅដល់ចក្រភពអង់គ្លេស ដោយជិះទូកតូចៗមកពីអឺរ៉ុប។ តាមរដ្ឋាភិបាលអង់គ្លេស កិច្ចព្រមព្រៀងដែលសម្រេចបានដោយ លោក Starmer និងលោក Lam មានបំណងកាត់បន្ថយបែបបទការងារ ធ្វើឱ្យកាន់តែលឿន និងមានភាពងាយស្រួលសម្រាប់ការនិរទេស អ្នកដែលគ្មានសិទ្ធិស្នាក់នៅក្នុងចក្រភពអង់គ្លេស ឱ្យត្រឡប់ទៅវៀតណាមវិញ៕​ ផ្ដល់សិទ្ធិដោយ៖ Fresh News