Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីកាណាដា ថាបានសុំទោសលោក ត្រាំ ដោយផ្ទាល់ បន្ទាប់ពីធ្វើឱ្យលោកប្រធានាធិបតីអាមេរិកខឹង

BY Nisaiy KP November 2, 2025
នាយករដ្ឋមន្រ្តីកាណាដា ថាបានសុំទោសលោក ត្រាំ ដោយផ្ទាល់ បន្ទាប់ពីធ្វើឱ្យលោកប្រធានាធិបតីអាមេរិកខឹង

(កូរ៉េខាងត្បូង)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បានប្រាប់ថា រូបលោកបានសុំទោសលោក ដូណាល់ ត្រាំ ដោយផ្ទាល់ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក មានការមិនពេញចិត្តជាខ្លាំង ជុំវិញការផ្សាយពាណិជ្ជកម្មនយោបាយ ធ្វើឡើងដោយខេត្ត Ontario របស់កាណាដា ដែលមានខ្លឹមសាររិះគន់ចំណាត់ការពន្ធគយ​របស់លោក ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៥។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចូលរួមកិច្ចប្រជុំកំពូល APEC នៅប្រទេសកូរ៉េខាងត្បូង លោក Carney បាននិយាយថា រូបលោកបានសុំទោសលោក ត្រាំ ដោយផ្ទាល់ នៅពេលអ្នកទាំងពីរ ចូលរួមពិធីជប់លៀងទទួលទានអាហារពេលល្ងាច រៀបចំដោយ​ប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃពុធសប្តាហ៍នេះ។

កន្លងមកនេះ ខេត្ត Ontario បានចេញផ្សាយពាណិជ្ជកម្មមួយ ដែលបានដកស្រង់សម្តីអតីតប្រធានាធិបតីអាមេរិក លោក Ronald Reagan និយាយថា ពន្ធគយបង្កឱ្យមានសង្រ្គាមពាណិជ្ជកម្មនិងមហន្តរាយសេដ្ឋកិច្ច។ ជាការឆ្លើយតប លោក ត្រាំ បានប្រកាសថា រូបលោកនឹងដំឡើងពន្ធបន្ថែមទៀតប្រឆាំងទំនិញនាំចូលពីកាណាដា និងផ្អាកកិច្ចចរចាពាណិជ្ជកម្មទាំងអស់ជាមួយកាណាដា។ លោក Carney បានអះអាងថា តាមពិតទៅ រូបលោកបានជំទាស់ចំពោះការផ្សាយពាណិជ្ជកម្មនេះ ប៉ុន្តែអភិបាលខេត្ត Ontario មិនព្រមស្តាប់តាម។

គួរបញ្ជាក់ថា នៅពេលចាកចេញពីប្រទេសកូរ៉េខាងត្បូង ក្នុងសប្តាហ៍នេះ លោក ត្រាំ បាននិយាយថា លោកមានកិច្ចសន្ទនាយ៉ាងល្អ​ជាមួយលោក Carney អំឡុងពិធីជប់លៀងទទួលទានអាហារពេលល្ងាចនោះ ប៉ុន្តែមិនបានរៀបរាប់លម្អិតទេ។ រីឯកាលពីថ្ងៃសុក្រ លោក ត្រាំ នៅតែនិយាយថា សហរដ្ឋអាមេរិកនិងកាណាដា នឹងមិនចាប់ផ្តើមកិច្ចពិភាក្សាពាណិជ្ជកម្មឡើងវិញឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Share This Post: