រញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ បណ្ដាលឱ្យមនុស្សយ៉ាងហោច ៧នាក់ នៅអាហ្វហ្កានីស្ថានបាត់បង់ជីវិត
(កាប៊ុល)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ បានវាយប្រហារនៅក្បែរទីក្រុង Mazar-e Sharif ស្ថិតនៅភាគខាងជើងនៃប្រទេស នៅព្រឹកថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា ដោយសម្លាប់មនុស្សយ៉ាងហោច ៧នាក់ និង១៥០នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីភ្នាក់ឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក USGS គ្រោះរញ្ជួយដីខាងលើមានជម្រៅរញ្ជួយទៅក្នុងដី២៨គីឡូម៉ែត្រ និងស្ថិតនៅក្បែរទីក្រុង Mazar-e Sharif ដែលមានប្រជាជនរស់នៅជាង ៥២៣ ០០០នាក់។
គួរបញ្ជាក់ថា អាហ្វហ្កានីស្ថាន ជារឿយៗតែងតែរងគ្រោះដោយសារគ្រោះរញ្ជួយដី ដោយសារតែប្រទេសនេះមានទីតាំងភូមិសាស្ត្រស្ថិតនៅក្បែរចំណុចប្រសព្វនៃទ្វីបអឺរ៉ាស៊ី និងស្រទាប់ឧបទ្វីបឥណ្ឌា ដែលងាយ ប្រឈមនឹងការរញ្ជួយដី។ កាលពីឆ្នាំ២០១៥ គ្រោះរញ្ជួយដីមួយបានវាយប្រហារលើភាគឦសានអាហ្វហ្កានីស្ថាន បានសម្លាប់មនុស្សជាច្រើនរយនាក់នៅអាហ្វហ្កានីស្ថាន និងនៅក្បែរភាគខាងជើងនៃប្រទេស ប៉ាគីស្ថាន។ កាលពីឆ្នាំ២០២៣វិញ មនុស្សយ៉ាងហោច ១០០០នាក់បានស្លាប់ក្នុងគ្រោះរញ្ជួយដី នៅអាហ្វហ្កានីស្ថាន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

