Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ហ្វីលីពីន ប្រឈមមុខនឹងព្យុះទីហ្វុងថ្មីមួយទៀត ខណៈអាជ្ញាធរណែនាំឱ្យពលរដ្ឋប្រុងប្រយ័ត្នពីគ្រោះថ្នាក់ដល់បាត់បង់ជីវិត

BY Nisaiy KP November 9, 2025
ហ្វីលីពីន ប្រឈមមុខនឹងព្យុះទីហ្វុងថ្មីមួយទៀត ខណៈអាជ្ញាធរណែនាំឱ្យពលរដ្ឋប្រុងប្រយ័ត្នពីគ្រោះថ្នាក់ដល់បាត់បង់ជីវិត

(ម៉ានីល)៖ ទីភ្នាក់ងារឧតុនិយម​ បានព្រមានអំពីគ្រោះថ្នាក់ដល់អាយុជីវិត​នៅពេលដែលព្យុះទីហ្វុងថ្មីមួយទៀតឈ្មោះ​ Fung-wong ឆ្ពោះទៅឆ្នេរសមុទ្រភាគខាងកើតប្រទេសហ្វីលីពីន ជាមួយនិងកម្លាងខ្លាំងបំផុត​នាយប់ថ្ងៃអាទិត្យសប្តាហ៍នេះ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ ២០២៥។

នៅក្នុងសន្និសីទសារព័ត៌មាន​ មន្រ្តីឧតុនិយម លោក Benison Estareja បាននិយាយថា ចរន្តខ្យល់កម្លាំងខ្លាំងនៃព្យុះទីហ្វុង​ Fung-wong ដែលលាតសន្ធឹងចម្ងាយ ១ ៥០០គីឡូម៉ែត្រកំពុងបោកបក់ផ្នែកខ្លះនៃភាគខាងកើតប្រទេសហ្វីលីពីន ដោយនាំ​មកនូវភ្លៀង និងខ្យល់បក់ខ្លាំង។ បច្ចុប្បន្នព្យុះមានកម្លាំងអតិបរមា ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់បក់ខ្លាំងរហូតដល់ ១៧០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចឡើងដល់ ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោងនៅពេលធ្លាក់ចុះដល់ដី។ វាមានកម្លាំងគ្រប់គ្រាន់ក្នុងការបំផ្លាញផ្ទះ ដើមឈើ និងសំណង់នានា។

ភ្លៀងកម្រិត ២០០មីលីម៉ែត្រ ត្រូវបានព្យាករណ៍នៅក្នុងខេត្តភាគខាងកើតហ្វីលីពីន ជាពិសេសតំបន់ Bicol ក៏ដូចជាផ្នែកខ្លះនៃទីក្រុង Samar ដែលបង្កើនហានិភ័យនៃទឹកជំនន់ និងបំណាក់ដី ខណៈភាគខាងជើង និងភាគកណ្តាលនៃទីក្រុង Luzon អាចមានភ្លៀងធ្លាក់កម្រិតពី ១០០មីលីម៉ែត្រ ទៅ ២០០មីលីម៉ែត្រអំឡុងពេលដែលព្យុះនេះឆ្លងកាត់។ ទីភ្នាក់ងារឧតុនិយម ណែនាំឱ្យអ្នកស្រុកនៅតំបន់ទំនាប និងតំបន់ឆ្នេរ ជម្លៀសខ្លួនទៅកាន់ទីទួលខ្ពស់ ហេីយបញ្ឈប់សកម្មភាពតាមផ្លូវសមុទ្រទាំងអស់។ រដ្ឋបាលនៅតំបន់ជាច្រើនបានផ្អាកថ្នាក់រៀនសម្រាប់ថ្ងៃចន្ទ ហើយក្រុមហ៊ុនអាកាសចរណ៍ជាតិហ្វីលីពីនបានលុបចោលជើងហោះហើរមួយចំនួនមុនការមកដល់នៃព្យុះ។

គួរបញ្ជាក់ថា ហ្វីលីពីន ទេីបនឹងទទួលរងព្យុះទីហ្វុង Kalmaegi កាលពីប៉ុន្មានថ្ងៃមុននេះ ដោយបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញនៅទូទាំងតំបន់ឆ្នេរ សម្លាប់មនុស្ស ២០៤នាក់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Share This Post: