ព័ត៌មានអន្តរជាតិ November 11, 2025

លោក ត្រាំ សន្យាជួយដល់ប្រទេសស៉ីរី បន្ទាប់ពីជួបប្រធានាធិបតីស៉ីរី លោក Sharaa

Liny Chan

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្តេជ្ញាថា នឹងធ្វើគ្រប់យ៉ាងដែលអាចធ្វើបាន ដើម្បីជួយឱ្យប្រទេសស៉ីរីមានជោគជ័យ បន្ទាប់ពីកិច្ចពិភាក្សាដ៏សំខាន់ជាមួយប្រធានាធិបតីស៉ីរី លោក Ahmed al-Sharaa ក្នុងទីក្រុងវ៉ាស៉ីនតោន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៥។

លោក Sharaa ធ្លាប់ជាមេបញ្ជាការក្រុមអាល់កៃដា និងត្រូវបានទីក្រុងវ៉ាស៉ីនតោន ចាត់ថ្នាក់ជាភេរវករបរទេស។ លោក ត្រាំ បានជួបលោក Sharaa ក្នុងដំណើរទស្សនកិច្ចលើកដំបូងមិនធ្លាប់មាន នៃប្រធានាធិបតីស៉ីរីទៅកាន់ទីក្រុងវ៉ាស៉ីនតោន និង ៦ខែបន្ទាប់ពីបានជួបគ្នានៅអារ៉ាប៊ីសាអូឌីត ជាទីដែលលោក ត្រាំ ប្រកាសពីផែនការដកទណ្ឌកម្ម ហើយថាការចាត់ទុក លោក Sharaa ជាភេរវករគឺលែងចាំបាច់ទៀត។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក ត្រាំ បានសរសើរលោក Sharaa ថាជា «មេដឹកនាំដ៏រឹងមាំម្នាក់» និងបានបង្ហាញទំនុកចិត្តលើ លោក Sharaa ជាមួយការបញ្ជាក់ថា​ «​យើង​នឹង​ធ្វើ​​គ្រប់​យ៉ាង​ដែល​យើង​អាច​ធ្វើ​បាន ​ដើម្បី​ឱ្យ​ស៉ីរីមាន​ជោគជ័យ»

គួរបញ្ជាក់ថា នៅក្នុងការស្វាគមន៍ដោយគ្មានពិធីទទួលផ្លូវការ លោក Sharaa បានដើរចូលតាមទ្វារចំហៀងនៃសេតវិមាន ជំនួសឱ្យទ្វារធំ West Wing ដែលជាធម្មតាមានកាមេរ៉ាសម្រាប់ថតពេល លោក ត្រាំ ស្វាគមន៍ថ្នាក់ដឹកនាំបរទេស៕ ផ្ដល់សិទ្ធិដោយ៖ Fresh News