Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង៖ រថយន្តធុនស្រាលមួយគ្រឿងបើកបុកចូលក្នុងផ្សារ បណ្តាលឲ្យមនុស្ស ២នាក់បាត់បង់ជីវិត និង ១៨នាក់រងរបួស

BY Liny Chan November 13, 2025
កូរ៉េខាងត្បូង៖ រថយន្តធុនស្រាលមួយគ្រឿងបើកបុកចូលក្នុងផ្សារ បណ្តាលឲ្យមនុស្ស ២នាក់បាត់បង់ជីវិត និង ១៨នាក់រងរបួស

(សេអ៊ូល)៖ រថយន្តធុនស្រាលមួយគ្រឿង បានបើកបុកចូលក្នុងទីតាំងផ្សារមួយកន្លែង នៅក្នុងប្រទេសកូរ៉េខាងត្បូង នាថ្ងៃព្រហស្បតិ៍នេះ ដោយបានរុលបំបុកតូបលក់ដូរជាច្រើនប្រវែង ១៥០ម៉ែត្រ មុននឹងឈប់ ដែលបណ្តាលឱ្យមនុស្សចំនួន ២នាក់ស្លាប់ និង ១៨នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters។

មន្ត្រីពន្លត់អគ្គិភ័យបានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា ហេតុការណ៍នេះបានកើតឡើងនៅផ្សារមួយកន្លែងក្នុងទីក្រុង ប៊ូឆន (Bucheon) ដែលមានចម្ងាយប្រហែល ២០គីឡូម៉ែត្រ ភាគខាងលិចនៃរដ្ឋធានីសេអ៊ូល។ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានបញ្ជាក់ថា មនុស្ស២នាក់ដែលបានរងអាការៈគាំងបេះដូង ត្រូវបានបញ្ជាក់នៅពេលក្រោយថាបានស្លាប់បាត់បង់ជីវិត។ មន្ត្រីដដែលបានបន្ថែមថា រថយន្តនោះហាក់ដូចជាបានបើកថយក្រោយប្រហែល ២៨ម៉ែត្រ មុននឹងបង្កើនល្បឿនឆ្ពោះទៅកាន់ផ្សារខាងក្រៅ។

មន្ត្រីប៉ូលិសបានបញ្ជាក់នៅក្នុងសន្និសីទនោះដែរថា អ្នកបើកបររូបនេះ ដែលបានអះអាងថាឧបទ្ទវហេតុនេះបណ្តាលមកពីការកើនឡើងល្បឿនរថយន្តដោយឯកឯង មិនស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងឡើយ ក្រោយការធ្វើតេស្ត។ អាជ្ញាធរនឹងប្រគល់រថយន្តនេះទៅឱ្យក្រុមអ្នកស៊ើបអង្កេត ដើម្បីកំណត់រកមូលហេតុពិតប្រាកដនៃការប៉ះទង្គិចនេះ។

គួរបញ្ជាក់ថា វីដេអូពីកាមេរ៉ាសុវត្ថិភាពដែលត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍កូរ៉េ បានបង្ហាញពីសកម្មភាពអ្នកទិញអីវ៉ាន់នៅផ្សារខាងក្រៅ មុនពេលរថយន្តពណ៌ខៀវមួយគ្រឿងបានបង្កើនល្បឿនតាមច្រកផ្លូវ ហើយបុកចូលទៅក្នុងតូបមួយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: