Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ចិនបញ្ជូនកងនាវាឆ្មាំសមុទ្រ ល្បាតក្បែរទីប្រជុំកោះគ្រប់គ្រងដោយជប៉ុន​ ចំពោះមុខការកើនឡើងភាពតានតឹង

BY Nisaiy KP November 16, 2025
ចិនបញ្ជូនកងនាវាឆ្មាំសមុទ្រ ល្បាតក្បែរទីប្រជុំកោះគ្រប់គ្រងដោយជប៉ុន​ ចំពោះមុខការកើនឡើងភាពតានតឹង

(ប៉េកាំង)៖ កងឆ្មាំសមុទ្ររបស់ចិន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាមួយក្រុមរបស់ខ្លួន បានបើកឆ្លងកាត់ដែនទឹក នៅក្បែរទីប្រជុំកោះ Senkaku គ្រប់គ្រងដោយជប៉ុន នាថ្ងៃអាទិត្យនេះ ស្របពេលដែលទីក្រុងប៉េកាំង កំពុងកើនឡើងភាពតានតឹងជាមួយទីក្រុងតូក្យូ ដោយសារតែសម្តីរបស់នាយករដ្ឋមន្រ្តីជប៉ុន អំពីតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥។

ជម្លោះការទូតរវាងចិននិងជប៉ុន បាននិងកំពុងកើនឡើងកម្តៅ ចាប់តាំងពីនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បានថ្លែងប្រាប់ទៅកាន់សភាជប៉ុនកាលពីថ្ងៃទី៧ ខែវិច្ឆិកា ថាក្នុងករណីចិនបើកការវាយប្រហារលើតៃវ៉ាន់ គឺអាចនឹងនាំឱ្យមានការឆ្លើយតបយោធា​ពីសំណាក់ប្រទេសជប៉ុន។ ការអត្ថាធិប្បាយនោះ បានបង្កឱ្យទីក្រុងប៉េកាំងមិនពេញចិត្តជាខ្លាំង ហើយចង់ឱ្យលោកស្រី Takaichi ដកសម្តីវិញ។

ចិនចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយមិនដែលបោះបង់ជម្រើសនៃការប្រើកម្លាំង ដើម្បីគ្រប់គ្រងដែនកោះនេះឡើយ។ ដោយឡែក ពាក់ព័ន្ធទីប្រជុំកោះ Senkaku ដែលទីក្រុងប៉េកាំងហៅថា Diaoyu គឺជាកន្លែងដែលជប៉ុននិងចិន បានប្រឈមមុខ​ដាក់គ្នាជាច្រើនលើក នាពេលកន្លងមក។

គួរបញ្ជាក់ថា ចំពោះមុខការកើនឡើងភាពតានតឹង ដោយសារសម្តីលោកស្រី Takaichi ទីក្រុងប៉េកាំង ក្នុងសប្តាហ៍នេះ បានកោះហៅឯកអគ្គរាជទូតជប៉ុន ជាលើកដំបូងក្នុងរយៈពេលជាង២ឆ្នាំ ហើយក្រសួងការពារជាតិចិន បានប្រកាសថា សកម្មភាពជ្រៀតជ្រែកណាមួយពីជប៉ុន មុខជានឹងទទួលបរាជ័យមិនខាន។ រីឯកាលពីថ្ងៃសុក្រ ចិនថែមទាំងបានព្រមានពលរដ្ឋរបស់ខ្លួន មិនឱ្យធ្វើដំណើរទៅប្រទេសជប៉ុន៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Share This Post: