Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក ពូទីន ថាផែនការសន្តិភាពរបស់អាមេរិក អាចបម្រើជាមូលដ្ឋានគ្រឹះ ដើម្បីឆ្ពោះទៅបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

BY Liny Chan November 22, 2025
លោក ពូទីន ថាផែនការសន្តិភាពរបស់អាមេរិក អាចបម្រើជាមូលដ្ឋានគ្រឹះ ដើម្បីឆ្ពោះទៅបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

(មូស្គូ)៖ កាលពីថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា សំណើរបស់សហរដ្ឋអាមេរិក​សម្រាប់សន្តិភាពនៅអ៊ុយក្រែន អាចដើរតួជាមូលដ្ឋានគ្រឹះ នៃដំណោះស្រាយសម្រាប់ជម្លោះបាន ប៉ុន្តែប្រសិនបើទីក្រុងកៀវបដិសេធ នោះកងកម្លាំងរុស្ស៉ីនឹងបន្តឆ្ពោះទៅមុខកាន់តែខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ឱ្យដឹងថា រូបលោកទុកពេលឱ្យអ៊ុយក្រែន ដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ ដើម្បីទទួលយកផែនការសន្តិភាពរបស់សហរដ្ឋអាមេរិក ដែលគាំទ្រលក្ខខណ្ឌទាមទារសំខាន់ៗរបស់រុស្ស៉ី ស្តីពី NATO ទឹកដី និង​កម្លាំងយោធារបស់អ៊ុយក្រែន។

លោក ពូទីន បាននិយាយថា បើតាមការយល់ឃើញរបស់លោក គឺផែនការសន្តិភាពខាងលើ អាចប្រើប្រាស់ជាមូលដ្ឋានគ្រឹះ សម្រាប់ដំណោះស្រាយដោយសន្តិវិធីចុងក្រោយមួយ។ លោកប្រធានាធិបតីរុស្ស៉ី បានបន្ថែមថា ផែនការសន្តិភាព២៨ចំណុចនេះ មិនទាន់ត្រូវបានពិភាក្សាលម្អិតជាមួយអាមេរិកនៅឡើយទេ ប៉ុន្តែទីក្រុងមូស្គូទទួលបានឯកសារចម្លងរបស់វា។

ជាចុងក្រោយ លោក ពូទីន បានសង្កត់ធ្ងន់ថា ទីក្រុងកៀវនិងក្រុមមហាអំណាចនៅអឺរ៉ុប ហាក់នៅតែមិនទាន់យល់ច្បាស់ អំពីការពិតជាក់ស្តែងដែលថា កងកម្លាំងរបស់រុស្ស៉ី កំពុងទទួលបានភាពរីកចម្រើនលើសមរភូមិនៅអ៊ុយក្រែន ហើយនឹងបន្តថែមទៀត លុះត្រាតែមានសន្តិភាព។ លោក ពូទីន បាននិយាយថា កងកម្លាំងរុស្ស៉ីទើបដណ្តើមកាន់កាប់បានសឹងទាំងស្រុង នៅទីក្រុង Kupiansk ភាគឦសានអ៊ុយក្រែន បើទោះបីជាទីក្រុងកៀវបដិសេធក៏ដោយ ហើយជោគជ័យបែបនេះ នឹងបន្តកើតមាន ប្រសិនបើអ៊ុយក្រែន បដិសេធផែនការរបស់អាមេរិក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: