រដ្ឋាភិបាល ដាក់ផែនការអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យម ដើម្បីបង្កើនផលិតផលក្នុងស្រុកជំនួសឱ្យការនាំចូល
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសកាលពីថ្ងៃទី១៩កក្កដាស្តីពីការប្រគល់ភារកិច្ចឱ្យឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមជាប្រធានគណៈកម្មការនយោបាយសេដ្ឋកិច្ច ដឹកនាំរៀបចំ និងសិក្សាវិធានការចាំបាច់ និងបន្ទាន់បន្ថែម ដើម្បីដោះស្រាយបញ្ហាប្រឈម និងជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។
ទន្ទឹមនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែតក៏បានអំពាវ នាវឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នកប្រកបអាជីវកម្ម សហគ្រាសធុនតូច និងមធ្យម ចូលរួមផ្ដល់យោបល់អំពីបញ្ហាប្រឈមដែលកំពុងជួបប្រទះ ដើម្បីដាក់ចេញនូវគោលនយោបាយ ឬវិធានការនានាដោះស្រាយដែលពួកគេយល់ថាមានប្រសិទ្ធភាព។
ផែនការដាក់ចេញគោលនយោបាយអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម នេះ គឺស្ថិត នៅក្នុងដំណាក់កាលបច្ចុប្បន្នដែលកម្ពុជាត្រូវការជំរុញការផលិតផលិតផលក្នុងស្រុកឱ្យកាន់តែច្រើន ដើម្បីជំនួសឱ្យទំនិញនាំចូល។
សូមរម្លឹកថា នៅក្នុង «វេទិកាគយ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា លើកទី១» កាលពីថ្ងៃ ទី ១១ ខែមិថុនា ឆ្នាំ ២០២៦ ឧកញ្ញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធ សមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា បានលើកឡើងថា សហគ្រាសធុនតូច និងមធ្យម នៅតែបន្ត ជួបប្រទះនឹងបញ្ហាប្រឈមជា ច្រើន ជាពិសេស ការទទួលបានហិរញ្ញប្បទាន ការចាប់យកបច្ចេកវិទ្យាថ្មីៗ និងការឈានចូលទីផ្សារ ជាដើម។
យោងតាមការចេញផ្សាយស្តីពីការសិក្សារបស់ធនាគារជាត នៃ កម្ពុជាកាលពីឆ្នាំ២០២១បាន បង្ហាញឲ្យឃើញនូវបញ្ហាប្រឈមផ្ទាល់ទាក់ទងសមត្ថភាពនិងលទ្ធភាពរបស់សហគ្រាសធុន តូចនិងមធ្យមដូចជាកត្តាខាងក្នុង គឺអាស្រ័យដោយអាយុកាលនិង បរិក្ខារផលិតកម្មហួសសម័យ បច្ចេកទេសនៅមានកម្រិតទាបដែលភាគច្រើនពឹងផ្អែកលើបច្ចេកទេសប្រពៃណី កង្វះខាតនៃការគ្រប់គ្រងបែបទំនើប ដែលសហគ្រាសភាគច្រើនជាលក្ខណះគ្រួសារ បុគ្គលិកមានជំនាញទាបដោយសារកម្រិតវប្បធម៌ទូទៅទាបនិងមិនទទួលបានការបណ្តុះបណ្តាលជំនាញបន្ថែម ហេដ្ឋារចនាសម្ព័ន្ធនូវមានកម្រិត អគ្គីសនីរអាក់រអួលនិងថ្លៃគួរសម ផ្លូវថ្នល់និងការដឹកជញ្ជូនថ្លៃ កង្វះខាតព័ត៌មានទីផ្សារនិងបរិយាកាសអាជីវកម្ម ព្រមទាំងកង្វះខាតបច្ចេកវិទ្យានិងហិរញ្ញវត្ថុ។
ចំណែកឯកត្តាខាងក្រៅវិញ គឺអាស្រ័យដោយការប្រកួតប្រជែងជាមួយផលិតផលនាំចូលនិងទំនិញគេចពន្ធ ព្រមទាំងការសម្របខ្លួនទៅនឹងបរិបទខាងក្រៅយឺតមានដូចជា ការវិវត្តន៍នៃបច្ចេកវិទ្យា ការប្រែប្រួលសេដ្ឋកិច្ចនិងនយោបាយ ជម្ងឺរាតត្បាតនានា។ល។


ប្រភព៖ ក្រសួងព័ត៌មាន