សឹងមិនគួរឲ្យជឿ! សមត្ថកិច្ច និងពលរដ្ឋជាច្រើនខំចុះទឹករាវរកកាបូបរបស់ម្តាយ សុវត្ថិឌី ធារិកា តែរកមិនឃើញសោះ គ្រាន់តែកញ្ញាមកអុជធូបសែន ស្រាប់តែរកឃើញភ្លាម (មានវីដេអូ)
យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់តារាកំប្លែង ស្រីតុ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ កញ្ញា សុវត្ថិឌី ធារិកា និងមិត្តរួមសិល្បៈបាននាំគ្នាទៅទីកន្លែងកើតហេតុ ដែលឪពុកម្តាយរបស់កញ្ញា សុវត្ថិឌី ធារិកា ជួបគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់ជីវិត ដើម្បីទៅស្វែងរកកាបូបរបស់ម្តាយកញ្ញា។ អ្វីដែលគួរអោយភ្ញាក់ផ្អើលបំផុត គឺអាជ្ញាធរនៅតំបន់នោះបានបញ្ជាក់ថា គាត់បានបញ្ជាឲ្យសមត្ថកិច្ចដាក់កម្លាំងចុះរាវរកដែរ ប៉ុន្តែរកមិនឃើញកាបូបនោះឡើយ។ ស្រាប់តែកញ្ញា សុវត្ថិឌី ធារិកា មកដល់ ហើយធ្វើការអុជធូបសែនសុំរក ក៏ប្រទះឃើញកាបូបនោះភ្លាមៗតែម្តង។ ទ្រព្យសម្បត្តិដែលនៅក្នុងកាបូបនោះមានទាំងលុយចំនួន ១,៦០០ដុល្លារ មាសពេជ្រ និងសំភារៈផ្សេងៗ គឺនៅទាំងអស់ មិនមានបាត់របស់ណាមួយឡើយ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ តារាចម្រៀង សុវត្ថិឌី ធារិកា និងក្រុមគ្រួសារបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តធ្លាក់ចូលទឹកប្រឡាយ បណ្តាលឲ្យលោកឪពុក និងអ្នកម្តាយរបស់កញ្ញា សុវត្ថិឌី ធារិកា បានទទួលមរណភាព ចំណែកឯកញ្ញា ប្អូនប្រុស និងលោកយាយ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងនៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ៕


