វិស័យរ៉ែនិងថាមពល បានជួយបង្កើនឱកាសការងារដល់ប្រជាពលរដ្ឋជាច្រើនកន្លែង
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា វិស័យរ៉ែនិងថាមពល បានជួយបង្កើនឱកាសការងារដល់ប្រជាពលរដ្ឋជាច្រើនកន្លែងកាត់បន្ថយការចំណាក ស្រុក ព្រោះវិស័យរ៉ែបានទាក់ទាញអ្នកវិយោគទាំងក្នុងនិងក្រៅប្រទេសមកបណ្តាក់ទុនពីមួយឆ្នាំទៅមួយឆ្នាំ។
លោក សុខ គីរីរតន៍ ប្រធាន មន្ទីររ៉ែនិងថាមពលខេត្តក្រចេះបានមានប្រសាសន៍ថា វិស័យរ៉ែនិងថាមពលខេត្តក្រចេះ បានរួមចំណែកយ៉ាងសំខាន់ជាមួយសេដ្ឋកិច្ចប្រជាពលរដ្ឋទាំងផ្ទាល់ និងប្រយោល តាមរយៈការស្រូបទាញអ្នកវិនិយោគចូលមកបណ្តាក់ទុនជាបន្តបន្ទាប់។
លោក បន្តថា សម្រាប់ខេត្ត ក្រចេះមានរ៉ែជាច្រើនប្រភេទដូចជា៖គ្រួស ខ្សាច់ ថ្មអា និងរ៉ែមាសហើយក្នុងនោះក្រុម ហ៊ុនថ្មអាបានបង្កើនប្រាក់ចំណូលនិងឱកាសការងារជូនដល់ប្រជាពលរដ្ឋក្នុងភូមិភាគឦសានមួយនេះច្រើនជាងគេ។
«វិស័យរ៉ែយើងនេះបានជួយជំរុញក្នុងវិស័យសេដ្ឋកិច្ច ទី១ គឺយើងបានស្រូបទៅវិនិយោគទុនពីក្រៅប្រទេសក្នុងប្រទេសមកអភិវឌ្ឍន៍ក្នុងខេត្តយើង ទី២បានបង្កើនការងារជូនបងប្អូនប្រជាជនខ្មែរយើងកាត់បន្ថយការចំណាកស្រុកព្រោះក្រុមហ៊ុនថ្មអាយើងដើរដំណើរការស្រួលក្នុងមួយក្រុមយ៉ាងតិច ៥០នាក់ឡើងលើបុគ្គលិកដែលត្រូវប្រើពី ៥០ទៅ ១២០នាក់»។
លោកប្រធានមន្ទីរបានបញ្ជាក់ថា ក្រុមហ៊ុនថ្មអានៅក្នុងខេត្តក្រចេះមានជាង ២០ក្រុមហ៊ុនតែក្រោយពីជំងឺកូវីដ១៩ មានការរីករាលដាលទូទាំងសកល លោកដូចជាប្រទេសកម្ពុជាមកបច្ចុប្បន្ននៅសល់តែ៥ក្រុមហ៊ុនដែលកំពុងដំណើរការ៕ ប្រភព៖ ក្រសួងព័ត៌មាន


