Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ប្រទេសនូវែលសេឡង់ប្រកាសភាពអាសន្នថ្នាក់ជាតិ ក្រោយរងការវាយលុកពីព្យុះស៉ីក្លូន Gabrielle

BY Khmerpress February 14, 2023
ប្រទេសនូវែលសេឡង់ប្រកាសភាពអាសន្នថ្នាក់ជាតិ ក្រោយរងការវាយលុកពីព្យុះស៉ីក្លូន Gabrielle

(វែលីងតោន)៖ នៅថ្ងៃអង្គារនេះ ប្រទេសនូវែលសេឡង់បានសម្រេចចេញ ការប្រកាសភាពអាសន្នថ្នាក់ជាតិ ស្របពេលព្យុះស៉ីក្លូនឈ្មោះ ហ្គាប្រ៊ីល (Gabrielle) បានបង្កការជន់លិចនិងគ្រោះរអិលបាក់ដីនៅតំបន់ជាច្រើន រួមជាមួយផលប៉ះពាល់ផ្សេងៗទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ការលុបចោលជើងហោះហើរ ដោយសារព្យុះស៉ីក្លូនខាងលើ បានធ្វើមនុស្សរាប់ពាន់នាក់ខកខានការធ្វើដំណើរ ស្របពេលដែលមនុស្សខ្ទង់ម៉ឺននាក់ទៀត មិនមាន​អគ្គិសនីប្រើប្រាស់។ ជាមួយគ្នានេះ អាជ្ញាធរបានជម្លៀសប្រជាជន ដែលរស់នៅតាមក្បែរមាត់សមុទ្រ ហើយកំពុងបន្តទទូចឱ្យមនុស្សបន្ថែមទៀត ចាកចេញពី​លំនៅឋាន ដើម្បីជាការបង្ការ។ រដ្ឋមន្រ្តីទទួលបន្ទុកគ្រប់គ្រងគ្រោះអាសន្នរបស់នូវែលសេឡង់ បាននិយាយថា ខណៈនូវែលសេឡង់ហាក់បានឆ្លងផុតដំណាក់​កាលអាក្រក់បំផុត នៃព្យុះស៉ីក្លូន Gabrielle ហើយនោះ ការព្យាករបានបង្ហាញថា នឹងនៅបន្តមានការធ្លាក់ភ្លៀងនិងខ្យល់បោកបក់ខ្លាំងដដែល។

គួរបញ្ជាក់ថា ពុំមានសេចក្តីរាយការណ៍អំពីមនុស្សរងគ្រោះថ្នាក់ ស្លាប់ឬរបួសនៅនូវែលសេឡង់ ដោយសារការវាយប្រហារនៃព្យុះស៉ីក្លូនខាងលើឡើយ។ ការប្រកាសភាពអាសន្នថ្នាក់ជាតិគឺជារឿងដ៏កម្រ សម្រាប់ប្រទេសនូវែលសេឡង់ ដ្បិតនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន នូវែលសេឡង់បានប្រកាសអាសន្នយ៉ាង​ដូច្នេះ សរុបតែ៣លើកប៉ុណ្ណោះ គិតមកទល់ពេលនេះ។ លើកទី១ គឺក្រោយគ្រោះរញ្ជួយដីឆ្នាំ២០១១ និងលើកទី២ នៅពេលរងការរាតត្បាតនៃជំងឺកូវីដ១៩ កាលពីឆ្នាំ២០២០៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: