Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

គណៈកម្មការអឺរ៉ុប បញ្ជាឱ្យបុគ្គលិករបស់ខ្លួនទាំងអស់លុបចោលកម្មវិធី TikTok ជាបន្ទាន់ និងហាមមិនឱ្យប្រើប្រាស់

BY Naren February 24, 2023
គណៈកម្មការអឺរ៉ុប បញ្ជាឱ្យបុគ្គលិករបស់ខ្លួនទាំងអស់លុបចោលកម្មវិធី TikTok ជាបន្ទាន់ និងហាមមិនឱ្យប្រើប្រាស់

(ប៊ែកឡាំង)៖ បុគ្គលិកដែលធ្វើការឱ្យគណៈកម្មការអឺរ៉ុប ត្រូវបានបញ្ជាឱ្យលុបចោលកម្មវិធី TikTok ចេញពីទូរស័ព្ទ និងឧបករណ៍របស់ក្រុមហ៊ុនដទៃទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

គណៈកម្មការនេះបាននិយាយថា ការធ្វើបែបនេះគឺជាការអនុវត្តវិធានការដើម្បីការពារទិន្នន័យ និងបង្កើនសន្តិសុខតាមអ៊ីនធឺណិត។

កម្មវិធី TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ByteDance បានប្រឈមមុខនឹងការចោទប្រកាន់ថា បានប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ ហើយប្រគល់វាទៅរដ្ឋាភិបាលចិន ខណៈដែលក្រុមហ៊ុននេះចេញបដិសេធម្តងជាពីរដងថា កម្មវិធីរបស់ខ្លួនមិនដំណើរការខុសពីប្រព័ន្ធផ្សព្វផ្សាយសង្គមដទៃទៀតនោះទេ។

ការហាមឃាត់នេះក៏មានន័យថា បុគ្គលិកគណៈកម្មការអឺរ៉ុបមិនអាចប្រើប្រាស់ កម្មវិធី TikTok នៅលើឧបករណ៍ផ្ទាល់ខ្លួនផងដែរ។ គណៈកម្មការនេះនិយាយថា ខ្លួនមានបុគ្គលិកអចិន្ត្រៃយ៍ និងជាប់កិច្ចសន្យាប្រមាណ ៣២,០០០នាក់។

វិធានការនេះគឺតម្រូវឲ្យបុគ្គលិករបស់គណៈកម្មារអឺរ៉ុប លុបកម្មវិធី TikTok ពីទូរសព្ទដៃ ឬឧបករណ៍ផ្សេងៗឲ្យបានឆាប់តាមដែលអាចធ្វើបាន និងមិនលើសពីថ្ងៃទី១៥ ខែមីនានោះទេ។

ក្រុមហុន TikTok បាននិយាយថា ការសម្រេចចិត្តរបស់គណៈកម្មាធិការគឺផ្អែកលើការយល់ខុសអំពីវេទិការបស់ខ្លួន៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS

Share This Post: