តួគីរងការវាយប្រហារដោយគ្រោះរញ្ជួយដីថ្មីមួយបន្ថែមទៀត ដែលបណ្តាលឲ្យពលរដ្ឋម្នាក់បាត់បង់ជីវិតនិងជាង ១០០នាក់ផ្សេងទៀតរងរបួស
តួគី៖ គ្រោះរញ្ជួយដីបានកើតមាននៅក្នុងប្រទេសតួគីជាថ្មីម្តងទៀតកាលពីថ្ងៃចន្ទ ទី២៧ ខែកុម្ភៈម្សិលមិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ គ្រោះរញ្ជួយដីថ្មីនេះបានកើតមាននៅក្នុងកម្រិត ៥,៦ រ៉ិចទ័រ និងបានកើតឡើងនៅក្នុងជម្រៅដី ៦,១៥ គីឡូម៉ែត្រ ហើយវាគឺជាគ្រោះរញ្ជួយដីទី ៣ហើយ បើគិតត្រឹមរយៈពេល ៣សប្តាហ៍ចុងក្រោយនេះ។
ប្រភពខាងលើបានបន្តថា ហេតុការណ៍រញ្ជួយដីដែលបានកើតឡើងកាលពីម្សិលមិញនេះបានផ្តាច់យកជីវិតពលរដ្ឋតួគីម្នាក់ ខណៈពលរដ្ឋចំនួន ១១០នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថា បានរងរបួសធ្ងន់និងស្រាល។ ជាងនេះទៅទៀតគ្រោះរញ្ជួយដីក៏បានបំផ្លាញអគារចំនួន ២៩កន្លែងបន្ថែមទៀតផងដែរ។ គួរបញ្ជាក់ជូនថា ក្នុងហេតុការណ៍រញ្ជួយដីទាំង ៣ដងចុងក្រោយនេះបានសម្លាប់ពលរដ្ឋតួគីនិងស៊ីរីអស់ជាង ៥០,០០០នាក់ ខណៈពលរដ្ឋរាប់លានផ្សេងទៀតកំពុងតែរងផលប៉ះពាល់យ៉ាងខ្លាំងនិងត្រូវការជំនួយផ្នែកមនុស្សធម៌ជាបន្ទាន់ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

