ក្រិក៖ រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ចុះចេញពីតំណែង បន្ទាប់ពីមានហេតុការណ៍រថភ្លើងបុកគ្នា
(អាថែន)៖ រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនប្រទេសក្រិក លោក កូសតាស់ ការ៉ាម៉ាន់លីស (Kostas Karamanlis) បានចុះចេញពីតំណែង បន្ទាប់ពីហេតុការណ៍រថភ្លើងបុកគ្នា កាលពីយប់ថ្ងៃអង្គារសប្ដាហ៍នេះ ដែលបានធ្វើឲ្យមនុស្សយ៉ាងហោច ៤៣នាក់បានស្លាប់ និងមនុស្សជាច្រើនទៀតត្រូវរបួស។ នេះបើតាមការចេញផ្សាយដោយសារព័ត៏មានចិន Chinadaily នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣។
ជុំវិញសោកនាដកម្មនេះដែរ ប៉ូលិសក្រិក ក៏បានចាប់ខ្លួនអ្នកគ្រប់គ្រងស្ថានីយរថភ្លើង នៅទីក្រុង ឡារីសា នឹងបានចោទប្រកាន់ពីបទឃាតកម្ម បន្ទាប់ពីការប៉ះទង្គិចរវាងរថភ្លើងដឹកភ្ញៀវដែលបានចេញដំណើរពីទីក្រុង អាថែន (Athens) ឆ្ពោះទៅកាន់ទីក្រុងថេសសាឡូនីគី (Thessaloniki) និងរថភ្លើងដឹកទំនិញដែលកំពុងបរនៅតាមផ្លូវតែមួយនៅជិតទីក្រុង ថេមប៉េ (Tempe) ស្ថិតនៅចម្ងាយប្រហែល ៣៨០គីឡូពីភាគខាងជើង នៃទីក្រុងអាថែន។
មកទល់នឹងពេលនេះ មូលហេតុដែលធ្វើឱ្យរថភ្លើងទាំង២ខាងលើបុកគ្នា កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ ខណៈរដ្ឋាភិបាលក្រិក បានប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃ នៅទូទាំងប្រទេស៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS


