សិល្បៈ

អបអរសាទរ! បេក្ខភាពតំណាងកម្ពុជា សោម ស្រីនាថ ជាប់ជយលាភីលេខ១ ក្នុងកម្មវិធី «Bird’s Nest Division» នៅប្រទេសចិន

BY
Khmerpress
July 12, 2023
អបអរសាទរ! បេក្ខភាពតំណាងកម្ពុជា សោម ស្រីនាថ ជាប់ជយលាភីលេខ១ ក្នុងកម្មវិធី «Bird’s Nest Division» នៅប្រទេសចិន

(ភ្នំពេញ)៖ ពិតជាមោទនភាពណាស់សម្រាប់ប្រទេសកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ខណៈដែលបេក្ខភាពតំណាងឲ្យប្រទេស គឺកញ្ញា សោម ស្រីនាថ បានទទួលជយលាភីលេខ១ ក្នុងការប្រកួតប្រជែងក្នុងកម្មវិធី «Bird’s Nest Division» នៅក្នុងប្រទេសចិន។ ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៃកម្មវិធី​ប្រ​កួត Bird’s Nest Division ដែលត្រូវបានប្រារព្ធឡើងរយៈពេល ២​ថ្ងៃ គឺនៅថ្ងៃទី ១០-១១ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ នៅទីក្រុងគង់ចូវ ប្រទេសចិន បេក្ខភាពតំណាងកម្ពុជា កញ្ញា សោម ស្រីនាថ ធ្វើបានយ៉ាងល្អ រហូតទទួលបានលទ្ធផលគួរជាទីមោទនៈ។

ពិធីការិនីរូបស្រស់​ប្រចាំក្នុងស្ថានីយ៍ទូរទស្សន៍ហង្សមាស សោម ស្រីនាថ ត្រូវបានជ្រើសរើសជា «Miss Bird’s Nest Cambodia» តំណាងឲ្យសមាគមអ្នកផលិត និងនាំចេញ សំបុកត្រចៀក​កាំកម្ពុជា ចេញទៅប្រកួតក្នុងកម្មវិធី Bird’s Nest Division ឬ «បវរកញ្ញាត្រចៀកកាំ» នៅទីក្រុងគង់ចូវ ប្រទេសចិន។ ក្រោយឆ្លងកាត់ការប្រកួតស្វិតស្វាញរយៈពេល២ថ្ងៃ ស្រីនាថ ធ្វើបានយ៉ាងល្អ ដណ្តើមបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួត Bird’s Nest Division ជាមុខមាត់ឲ្យកម្ពុជា និងសមាគមអ្នកផលិត និងនាំចេញ សំបុកត្រចៀកកាំកម្ពុជា។

យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ Cambodia Supermodels ដែលមាន ឌួង ហ្សូរីដា ជាអ្នកគ្រប់គ្រងបានបញ្ជាក់ឲ្យដឹងថា «អបអរសាទរប្អូនស្រីដ៏សែនកំសត់ រំភើបចង់ស្រក់ទឹកភ្នែកនៅពេលបានឃើញពីការប្រឹងប្រែង របស់ប្អូនស្រីម្នាក់នេះនៃក្រុម Cambodia Supermodel។ ជ័យជំនះលើកនេះ មិនមែនជាជោគជ័យតែម្នាក់របស់ស្រីនាថទេ ប៉ុន្តែគឺតំណាងឲ្យស្រ្តីកម្ពុជា ដែលយកសម្លៀកបំពាក់ហូលខ្មែរស្ទើរគ្រប់ឈុត ក្បាច់រាំប្រជាប្រិយខ្មែរ និង កាយវិការទន់ភ្លន់ជានារីខ្មែរ ទៅបង្អួតបង្ហាញពិភពលោកឲ្យបានទទួលស្គាល់ពីក្មេងកំព្រា ជាបងស្រីដ៏រឹងមាំខឹតខំចិញ្ចឹមប្អូនៗ ឲ្យមានអនាគត តស៊ូចិញ្ចឹមថែទាំម្តាយកើតមហារីករហូតដល់លោកស្លាប់ (៦ឆ្នាំមុន)។ ចូលរួមអបអរសាទរ និង អរគុណដល់បណ្តា Sponsor និងអ្នកគាំទ្រទាំងអស់ដែលនាងខ្ញុំនឹង Update បន្ត»

បន្ទាប់ពីបង្ហោះរួចរាល់ អ្នកគាំទ្របានឃើញតារាម៉ូដែលរូបស្រស់ សោម ស្រីនាថ ចែករំលែកការបង្ហោះនោះ ដោយភ្ជាប់ជាមួយ Caption ថា «អរគុណបងស្រីជាទីគោរពស្រលាញ់ ដែលតែងតែជួយជំរុញ ជួយជ្រោមជ្រែង ឧបត្ថម្ភសម្លៀកបំពាក់ និងនៅពីក្រោយផ្តល់កំលាំងដល់ប្អូនស្រីម្នាក់នេះគ្រប់ពេល កម្មវិធីមួយនេះធ្វើឲ្យខ្ញុំទទួលបានបទពិសោធន៍ច្រើនណាស់ អត់ចេះភាសាចិន អ្នកចូលរួមប្រកួតភាគច្រើនអត់និយាយអង់គ្លេស តែខ្ញុំអាចធ្វើបាន ក្នុងនាមជាស្រ្តីខ្មែរ ទន់ភ្លន់ មិនមែនមានត្រឹមតែភាពស្អាតមួយមុខទេ តែត្រូវជាមនុស្សរឹងមាំ តស៊ូ ឆ្លាត ជាស្ត្រីដែលខ្លាំង និងត្រូវមាន business ផ្ទាល់ខ្លួន អរគុណកម្ពុជា»

គួរបញ្ជាក់ថា ​កម្មវិធី​ប្រ​កួត Bird’s Nest Division ត្រូវបានប្រារព្ធឡើង រយៈពេល ២​ថ្ងៃ គឺនៅថ្ងៃទី ១០-១១ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុងគង់ចូវ ប្រទេសចិន។ Bird’s Nest Division ឬ «បវរកញ្ញា ត្រចៀកកាំ» មានការចូល​រួមប្រកួតពី ១១ ប្រទេស ដែល​ភាគច្រើនជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ តាមគម្រោង ក្រោយចប់ការប្រកួត ស្រីនាថ នឹងវិលមកកម្ពុជាវិញនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: