សិល្បៈ

លោកជំទាវ ចន ច័ន្ទលក្ខិណា ចោទជាសំនួរថា តើតម្លៃមរតកនៃការចុះបញ្ជីសម្បតិបេតិកភណ្ឌពិភពលោកនៅកន្លែងណា ដែលអាចឱ្យថៃសាងសង់ចំលងបាន?

BY
Khmerpress
September 26, 2023
លោកជំទាវ ចន ច័ន្ទលក្ខិណា ចោទជាសំនួរថា តើតម្លៃមរតកនៃការចុះបញ្ជីសម្បតិបេតិកភណ្ឌពិភពលោកនៅកន្លែងណា ដែលអាចឱ្យថៃសាងសង់ចំលងបាន?

រាជធានីភ្នំពេញ៖ រឿងរ៉ាវប្រទេសថៃសាងសង់ប្រាសាទថ្ម ចម្លងតាមប្រាសាទអង្គរវត្តខ្មែរសឹងតែ១០០ភាគរយ កំពុងផ្ទុះឡើងម្ដងទៀត ដែលប៉ុន្មានថ្ងៃកន្លងមកនេះ មហាជនមានការផ្ទុះកំហឹងជាខ្លាំង និងរិះគន់យ៉ាងព្រោងព្រាតពេញក្នុងបណ្ដាញសង្គម។

ក្នុងនោះ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ ចន ច័ន្ទលក្ខិណា ​​​ប្រធាន​សមាគមន៍​សិល្បៈ​ បានបង្ហោះនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយចោទជាសំនួរ លើកឡើងថា៖ «តើតម្លៃមរតកនៃការចុះបញ្ជីសម្បតិបេតិកភណ្ឌពិភពលោកនៅកន្លែងណាដែលសៀមអាចសាងសង់ចំលងតាមជាក់ស្តែងបាន?»

មិនត្រឹមតែលោកជំទាវទេ ដែលបានលើកជាចម្ងល់ ក្នុងនោះក៏ឃើញមានលោកឧកញ៉ាវ័យក្មេង ជា តុងហ៊ួរ បានធ្វើការចោទជាសំនួរចំៗ សួរទៅខាងក្រសួងដែលពាក់ព័ន្ធផងដែរ ដោយលោកឧកញ៉ា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «តើក្រសួងចេះឈឺខួរទេ? ប្រជាជនរិះគន់ពេញប្រទេស ហើយស្ងាត់អោយឈឹង??? ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា អ្នកជំនួញ តារាល្បីៗ សារព័ត៌មាន និងក្រុមអ្នកលក់ឡេរ ម៉េចបិទមាត់ស្ងាត់ឈឹងអស់ហើយ ហេតុអីមិនចេះឈឺឆ្អាល មិនជួយតវ៉ា រឺខ្លាំងបានតែហែកគ្នារឿងអត់ប្រយោជន៍ តើមានលុយមានទ្រព្យមានន័យអីអោយគេបំពានលើក្បាលយើងជាជនខ្មែររហូតបែបនេះ?? ប្រាសាទអង្គរវត្តរបស់ខ្មែរ ត្រូវបានលួចចម្លងដាក់លើទឹកដីប្រទេសថៃ ដោយក្រោម ពាក្យថា លោកសាងសង់ !!! បើក្រសួងវប្បធម៌ ធ្វើការខ្លាំង ដូចក្រសួងពន្ធដា មិនដឹងល្អយ៉ាងណា។ ប្រទេសយើង វិស័យទេសចរណ៍ធ្លាក់ចុះខ្លាំង សុខៗបរទេសលួចចម្លងប្រាសាទ នៃរូបតំណាងទង់ជាតិខ្មែរមួយទាំងមូល ហើយគ្មានវិធានការ ខ្ញុំខកចិត្តខ្លាំងណាស់ ជាជនជាតិខ្មែរមួយរូប រស់នៅជាមួយជនកំសាក ជនភ័យខ្លាច ជនមិនហ៊ានប្រឈមមុខតវ៉ា លើរឿងត្រឹមត្រូវការពារផលប្រយោជន៍ជាតិសាសន៍របស់ខ្លួន។

សូមបញ្ជាក់ថា ករណីនេះ ក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ ធ្លាប់បានដឹងនិងបកស្រាយម្ដងហើយ តែនៅតែមិនទាន់ទទួល​យក​បានពីសំណាក់ពលរដ្ឋ។ យ៉ាងណាចាំមើលថា​ក្រសួ​​​ង​ពាក់​ព័ន្ធ​នឹង​ឆ្លើយតបយ៉ាងណាដែរ ៕

Share This Post: