សិល្បៈ

អបអរសាទរ! តារាសម្ដែង-ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ភ្ជាប់ពាក្យថ្ងៃនេះហើយ ជាមួយនឹងគូស្នេហ៍ គឺលោក ឌី ពេជ្រ

BY
Khmerpress
October 27, 2023
អបអរសាទរ! តារាសម្ដែង-ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ភ្ជាប់ពាក្យថ្ងៃនេះហើយ ជាមួយនឹងគូស្នេហ៍ គឺលោក ឌី ពេជ្រ

(ភ្នំពេញ)៖ នៅទីបំផុតតារាសម្ដែង និងជាពិធីការិនីស្រស់សោភា ហ៊ិន ច័ន្ទនីរ័ត្ន បានភ្ជាប់ពាក្យជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ ជាមួយនឹងគូស្នេហ៍របស់ខ្លួន គឺលោក ឌី ពេជ្រ ដោយមានការចូលរួម​ដឹងឮ ធ្វើជាសាក្សីពីសំណាក់ចាស់ទុំទាំងសងខាង យ៉ាងច្រើនកុះករ និងប្រកបដោយទឹកមុខសប្បាយរីករាយ។ នៅក្នុងឱកាសនៃពិធីភ្ជាប់ពាក្យនេះ គេសង្កេតឃើញមានអ្នកសិល្បៈចូលរួមតិចតួចប៉ុណ្ណោះ ពោលគឺមានតែញាតិមិត្ត បងប្អូន និងឪពុកម្ដាយទាំងសងខាង ដោយមានជំនួនរៀបចំជាហូរហែ តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ និងពោរពេញដោយបរិយាកាសសប្បាយរីករាយ។

មហាជន និងអ្នកគាំទ្របានសម្ដែងក្ដីអបអរសាទរ ដល់តារាសម្ដែង ហ៊ិន ច័ន្ទនីរ័ត្ន និងលោក ឌី ពេជ្រ ដែលបានបង្ហាញនូវក្ដីស្នេហ៍ជាសាធារណៈ និងទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ បន្ទាប់ពីពួកគេទាំងពីមានទំនាក់ទំនងស្នេហា ជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំ ហើយពុំដែលបង្ហាញឲ្យមហាជនដឹង ម្ដងណាឡើយ។ តាមរយៈការបង្ហាញរូបភាពក្នុងបណ្ដាញសង្គមតិកតុក គេសង្កេតឃើញមានសារអបអរសាទរជាច្រើន បានជូនពរដល់ពួកគេទាំងពីរ ខណៈដែលថ្ងៃចូលរោងការក៏កាន់តែ ខិតជិតចូលមកដល់នៅក្នុងខែធ្នូ ឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ថា កាលពីម្សិលនេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសផ្សំផ្គុំឲ្យលោក ឌី ពេជ្រ និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន នៅប៉ុន្មាននាទីមុននេះរួចមក តារាសម្ដែង ហ៊ិន ច័ន្ទនីរ័ត្ន តួឯកស្រីក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី» បានសម្ដែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចតេជោ ដែលបានយកចិត្តទុកដាក់ចំពោះរូបនាង។

តារាសម្ដែង ហ៊ិន ច័ន្ទនីរ័ត្ន បានសរសេរតាមរយៈបណ្ដាញសង្គមផ្លូវការរបស់នាងថា «កូនគោរពអរគុណសម្តេចពុកដ៏ខ្ពង់ខ្ពស់បំផុត កូនមានសំណាងខ្លាំងណាស់ ដែលទទួលបានការអាណិតស្រឡាញ់ពីសម្តេចពុក សម្តេចម៉ែ..!»

សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសផ្សំផ្គុំឲ្យលោក ឌី ពេជ្រ និងតារាសម្ដែងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានរៀបអាពាហ៍ពិពាហ៍ នៅថ្ងៃទី២២ ខែធ្នូ ខាងមុខនេះ បន្ទាប់ពីពិធីភ្ជាប់ពាក្យនេះរួចរាល់។

សូមជម្រាបថា កន្លងទៅតារាសម្តែង ហ៊ិន ច័ន្ធនីរ័ត្ន ពុំធ្លាប់មានព័ត៌មានពីរឿងស្នេហាជាមួយនរណាម្នាក់ឡើយ ពោលគឺគេសង្កេតឃើញថា តារាស្រីមានរូបសម្រស់ស្រស់សោភារូបនេះ ផ្តោតតែទៅលើការងារសិល្បៈរបស់ខ្លួនប៉ុណ្ណោះ រហូតប៉ុន្មានឆ្នាំចុងក្រោយនេះ ទទួលបានជោគជ័យមួយកម្រិតទៀត តាមរយៈការសម្តែងជាតួឯកស្រី ក្នុងរឿងប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងប្រវត្តិជីវិតរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានចំណងជើងថា «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»៕

Share This Post: