ព័ត៌មានជាតិ

ខេត្តបាត់ដំបង នឹងរៀបចំកម្មវិធីពិព័រណ៍ម្ហូបអាហារ នៅថ្ងៃឆ្លងឆ្នាំសកល រយៈពេល ៣ថ្ងៃ

BY
Khmerpress
December 6, 2023
ខេត្តបាត់ដំបង នឹងរៀបចំកម្មវិធីពិព័រណ៍ម្ហូបអាហារ នៅថ្ងៃឆ្លងឆ្នាំសកល រយៈពេល ៣ថ្ងៃ

ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា រដ្ឋបាលខេត្តបាត់ដំបង បាននិងកំពុងត្រៀមរៀបចំកម្មវិធី ពិព័រណ៍ម្ហូបអាហារជាថ្មីម្តងទៀត និងកម្មវិធីឆ្លងឆ្នាំសកល ឆ្នាំ២០២៣ឈានចូលឆ្នាំ២០២៤ ក្នុងរយៈពេល ០៣ថ្ងៃពេញ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

បើតាមការលើកឡើងពីប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក អ៊ុច អ៊ុភីនីហ្សារ៉ា បានអះអាងថាការ រៀបចំកម្មវិធីពិព័រណ៍ម្ហូបអាហារ ដើម្បីជាការអបអរសាទរចំពោះទីក្រុងបាត់ដំបង ដែលត្រូវបានចុះបញ្ជីជាបណ្ដាញ ទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UCCN) ផ្នែកម្ហូបអាហារ កាលពីពេលថ្មីៗកន្លងទៅនេះ ។ នៅក្នុងកម្មវិធីពិព័រណ៍ម្ហូបអាហារ ក៏នឹងមានការរៀបចំព្រឹត្តិការណ៍សំខាន់ៗ ដូចជា ភូមិម្ហូបខ្មែរ, ពិព័រណ៍ម្ហូបអាហារ និង ផលិតផលមន្ទីរ អង្គភាព ក្រុង ស្រុក ទូទាំងខេត្ត, ពិព័រណ៍ម្ហូបអាហារ អ្នកបាត់ដំបង, ពិព័រណ៍ភូមិមួយផលិតផលមួយ, ការសម្ដែងសិល្បៈ, ការប្រគំតន្ត្រីខ្នាតយក្ស និង មានការបាញ់កាំជ្រួច ដើម្បីអបអរដល់ព្រឹត្តិការណ៍មួយនេះ និងការឆ្លងឆ្នាំសកលជាដើម។ ​ជាមួយគ្នានេះដែរសម្រាប់អាជីវករ ដែលមានចំណាប់អារម្មណ៍ ចង់លក់នៅស្តង់ពិព័រណ៍ម្ហូប អាហារ ឬ ភូមិម្ហូបខ្មែរ អាចទាក់ទងទៅកាន់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង សម្រាប់ការចូលរួមតាំង ពិព័រណ៍ម្ហូបនេះ មិនមានការបង់ថ្លៃតូបឡើយ។

គួរជម្រាបដែរថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ ទីក្រុងបាត់ដំបងបានជាប់ ជា «បណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហារ របស់អង្គការយូណេស្កូ» ក្នុងចំណោម ទីក្រុងចំនួន ៥៥ ដែលត្រូវបានដាក់បញ្ចូលបន្ថែម ក្នុងបណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិត របស់អង្គការយូណេស្កូ (UCCN) ៕ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

Share This Post: