ព័ត៌មានជាតិ

ពលរដ្ឋយ៉ាងច្រើនកុះករ ទៅទទួលការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យឯកទេសជនជាតិបារាំង នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ

BY
Khmerpress
December 6, 2023
ពលរដ្ឋយ៉ាងច្រើនកុះករ ទៅទទួលការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យឯកទេសជនជាតិបារាំង នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ

(ក្រចេះ)៖ ប្រជាពលរដ្ឋជាច្រើនកុះករ បានទៅទទួលការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យឯកទេសជនជាតិបារាំង នៃអង្គការសាមគ្គីធម៌ប្រឺតាញកម្ពុជា ដែលដឹកនាំសម្របសម្រួលដោយលោកកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានសហការជាមួយមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

ការពិនិត្យ និងព្យាបាលនេះ ធ្វើឡើងចាប់ពីថ្ងៃទី៥ ដល់ទី១៤ ខែធ្នូ ឆ្នាំ២០២៣ ដោយពិនិត្យ និងព្យាបាលទៅលើជំងឺដូចជា៖ ជម្ងឺទូទៅ ជំងឺកុមារ ជំងឺសសៃរ និងសាច់ដុំ ពិនិត្យ វាស់ភ្នែក និងការចែកវ៉ែនតាជាដើម។

ក្រុមគ្រូពេទ្យដែលដឹកនាំសកម្មភាពនេះ បានឲ្យដឹងថា ជានិច្ចកាលក្រុមគ្រូពេទ្យជនជាតិបារាំង នៃអង្គការសាមគ្គីធម៌ប្រឺតាញកម្ពុជា តែងតែចុះមកពិនិត្យ និងព្យាបាលជំងឺដោយឥគិតថ្លៃជូនប្រជាពលរដ្ឋនៅខេត្តក្រចេះ មិនថានៅតំបន់ ទីប្រជុំជន ឬតំបន់ដាច់ស្រយាលនោះទេ។

សកម្មភាពទាំងនេះ បានធ្វើឡើងតបតាមការស្នើសុំ និងសម្របសម្រួលពីលោកកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន ដើម្បីជួយសម្រួលដល់ពលរដ្ឋមកទទួលរកសេវាព្យាបាល និងមិនចំណាយបង់ថ្លៃលើសេវាព្យាបាលឡើយ សំដៅលើកកម្ពស់ផ្នែកសុខមាលភាពនៅខេត្តក្រចេះ ក៏ដូចជានៅកម្ពុជាផងដែរ។

ក្នុងពេលពិនិត្យ និងព្យាបាលនោះ ក្រុមគ្រូពេទ្យសំណូមពរដល់ប្រជាពលរដ្ឋ សូមចូលរួមរក្សាសណ្តាប់ធ្នាប់ និងអនាម័យ និងសូមយោគយល់អធ្យាស្រ័យចំពោះការផ្តល់ទទួលស្វាគមន៍មិនបានដិតដល់ ដោយថាចំនួនបងប្អូន មកចូលរួមពិនិត្យមានចំនួនច្រើន ហើយការផ្តល់លេខរៀងមានកំណត់ ទៅតាមកម្រិតនៃសកម្មភាពពិនិត្យរបស់ក្រុមគ្រូពេទ្យ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: